(+855) 23 885 855
+

19

Oct, 2015

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៖ បទពិសោធន៍ប្រទេសចិន”

By: | Tags: | Comments: 0

ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៥ វេលាម៉ោង ៩:០០ នាទីព្រឹក នៅសាលប្រជុំ អគារ “ឃ” នៃទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៖ បទពិសោធន៍ប្រទេសចិន” ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាង ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ។ វគ្គបណ្តុះបណ្តាលនេះគឺជាលើកទី ៦ ហើយ ដែលវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុកម្ពុជា បានសហការជាមួយនឹងវិទ្យាស្ថានហិរញ្ញវត្ថុ និង អភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីភិច នៃទីក្រុងសៀងហៃប្រទេសចិន ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៖    បទពិសោធន៍ប្រទេសចិន” ជូនមន្រ្តីជាន់ខ្ពស់ និង មន្រ្តីជំនាញថ្នាក់កណ្តាល និង ថ្នាក់ក្រោមជាតិនៃរាជរដ្ឋាភិបាលកម្ពុជា ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានចែកចេញជាពីរផ្នែក ។ មួយផ្នែកធ្វើឡើងនៅប្រទេសចិន និង មួយផ្នែកទៀតធ្វើឡើងនៅប្រទេសកម្ពុជា ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលស្តីពី ការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ៖ បទពិសោធន៍ប្រទេសចិន ” នៅពេលនេះ ពិតជាមានសារសំខាន់ និង ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការកសាង និង អភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ​ ពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមចំណែកក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ព្រោះថាគ្រប់ប្រធានបទ (១. ទិដ្ឋភាពរួមនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ    សាធារណៈ ៖ បទពិសោធន៍ និង មេរៀនរបស់ប្រទេសចិន, ២. ការកែទម្រង់ហិរញ្ញវត្ថុរបស់ចិន ៖ តួនាទី និង ទំហនៃវិស័យ    សាធារណៈ, ៣. វិមជ្ឈការហិរញ្ញវត្ថុ និង ការគ្រប់គ្រងហិរញ្ញវត្ថុនៅថ្នាក់ក្រោមជាតិ ៖ បទពិសោធន៍ បញ្ហាប្រឈម និង ដំណោះស្រាយ និង ៤. អង្គភាពថវិកា និង ថវិកាកម្មវិធី ៖ ការអនុវត្ត និង បញ្ហាប្រឈមនៅប្រទេសចិន) សុទ្ធតែជាមេរៀនល្អៗដែលយើងកំពុងត្រូវការស្វែងយល់បន្ថែម ដើម្បីឈានទៅកែលម្អការអនុវត្តរបស់កម្ពុជាយើងឱ្យបានកាន់តែប្រសើរ និង មានប្រសិទ្ធភាព ខ្ពស់ ។ លើសពីនេះទៀត ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានកត់សម្គាល់ថា វគ្គបណ្តុះបណ្តាលកន្លងមក ពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ដល់មន្រ្តីរាជការគ្រប់ជាន់ថ្នាក់របស់កម្ពុជា តាមរយៈការផ្លាស់ប្តូរទស្សនៈ, គំនិតយោបល់, ចំណេះដឹង, ចំណេះធ្វើ, បទពិសោធន៍ និង ឧត្តមានុវត្តន៍ល្អៗដែលរួមចំណែកជាធាតុចូលដ៏សំខាន់ក្នុងការអនុវត្តតួនាទីភារកិច្ចនៅតាមក្រសួង ស្ថាប័ននីមួយៗ ។ ម៉្យាងទៀតគ្រប់វគ្គបណ្តុះបណ្តាលដែលបានរៀបចំឡើងដោយវិទ្យាស្ថានទាំងពីរ បាន និង កំពុងនាំមកនូវកាលានុវត្តភាពថ្មីៗថែមទៀត សម្រាប់រួមចំណែកដល់ការរិតចំណងមិត្តភាពជាប្រពៃណីយូរអង្វែង និង កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងរដ្ឋាភិបាល និង ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ចិន ដូចដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ចិនគឺជាកល្យាណមិត្តរបស់កម្ពុជានៅគ្រប់  កាលៈទេសៈ ដោយចិនមិនត្រឹមតែជួយអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងភាពជាម្ចាស់ និង ឯករាជ្យភាពរបស់កម្ពុជាផងដែរ”

ទន្ទឹមនេះដែរ ឯកឧត្តមរដ្ឋលេខាធិការបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ត្រងត្រាប់នូវបទឧទ្ទេសនាមរបស់សាស្រ្តាចារ្យ គ្រូឧទ្ទេស និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាលនេះ ហើយបានស្នើឱ្យសិក្ខាកាមទាំងអស់ចូលរួមពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និង បទពិសោធន៍ ប្រកបដោយលក្ខណៈបុរេសកម្ម ដើម្បីស្វែងយល់ និង ស្ទៃចម្រាញ់យកនូវចំណុចគន្លឹះ សម្រាប់យកទៅអនុវត្តនៅពេលត្រឡប់ទៅកាន់ស្ថាប័នរៀងៗខ្លួនវិញ ។ នៅក្នុងស្មារតីនេះ ឯកឧត្តម     បណ្ឌិតមានជំនឿយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនេះពិតជានឹងផ្តល់នូវវិភាគទានចំណេះដឹង ឧត្តមានុវត្តន៍ និង បទពិសោធន៍ថ្មីៗថែមទៀត សម្រាប់រួមចំណែកដល់ការសម្រេចជោគជ័យនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃព្រះ-រាជាណាចក្រកម្ពុជា នៅក្នុងដំណាក់កាលទី ២ ឈានឆ្ពោះទៅកាន់ដំណាក់កាលទី ៣ សំដៅការផ្លាស់ប្តូរជាបណ្តើរៗពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬ ប្រព័ន្ធថវិកា ដែលផ្អែកលើធាតុចូល និង មជ្ឈការ ឆ្ពោះទៅប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬ ប្រព័ន្ធថវិកាដែលផ្អែកលើលទ្ធផល ឬ សមិទ្ធកម្ម និង វិមជ្ឈការ ជាក់ជាមិនខាន ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារនៃវិទ្យាស្ថានហិរញ្ញវត្ថុ និង អភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីភិច និង វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលបានសហការគ្នាជិតស្និទ្ធប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលទាំងនេះជូនមន្រ្តីរាជការរបស់រាជរដ្ឋាភិបាលកម្ពុជា ជាច្រើនឆ្នាំកន្លងមក ហើយជំរុញលើកទឹកចិត្តខ្ពស់ដល់ការពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទាំងពីរឱ្យកាន់តែជិតស្និទ្ធ និង ទូលំទូលាយថែមទៀត ដើម្បីជាផលប្រយោជន៍រួមទៅវិញទៅមក សម្រាប់ប្រជាជន និង ប្រទេសទាំងពីរកម្ពុជា-ចិន ។