(+855) 23 885 855
+

2

Nov, 2015

សេចក្តីប្រកាសព័ត៌មាន ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” សម្រាប់ក្រសួង ស្ថាប័នចំនួន ១៥ ដែលនឹងអនុវត្តថវិកាកម្មវិធីក្នុងឆ្នាំ ២០១៦

By: | Tags: , , | Comments: 0

នៅថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ វេលាម៉ោង ៨:៣០ នាទីព្រឹក នៅសណ្ឋាគារសាន់វ៉េ នារាជធានីភ្នំពេញ មានរៀបចំពិធីបើក វគ្គបណ្តុះបណ្តាលមួយស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” ដែលសហការរៀបចំឡើងដោយ វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្រាប់មន្រ្តីរាជការ​ ជារជ្ជទេយ្យករ រជ្ជទេយ្យកររង ភ្នាក់ងារបើកផ្តល់ និង អ្នកទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុនៃក្រសួង ស្ថាប័នចំនួន ១៥ ដែល​នឹងត្រូវចូលរួមអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញ នៅឆ្នាំ ២០១៦ ។​

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹក​នាំ​ការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង មានសិក្ខាកាមចូលរួមសរុប​​ចំនួន ១៤០ នាក់។ វគ្គបណ្តុះបណ្តាលនេះមានគោល បំណងផ្តល់ជូនសិក្ខាកាមនូវចំណេះដឹងអំពី​ គោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី, បទពិសោធន៍ និង ជំនាញ​បច្ចេកទេស​​​ សម្រាប់​ការ​រៀប​ចំ​ថ​វិកា, ការអនុម័តថវិកា, ការអនុវត្តថវិកា និង ការតាមដានត្រួតពិនិត្យ​ការអនុវត្តថវិកា សំដៅរួមចំណែក សម្រេចជោគជ័យក្នុង​ការ​អនុវត្ត​ការងារកែទម្រង់​កា​ រគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ ក្នុងដំណាក់កាលទី ៣ ​ប្រកប​ដោយប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធិ ។

ថ្លែងក្នុងពិធីនោះ បណ្ឌិត ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា ជាការពិត ការអនុវត្តការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាបានឈានមកដល់ចំណុចរបត់មួយ ដែលភាពជាម្ចាស់ និង ការទទួលខុសត្រូវភាគច្រើន ត្រូវបានផ្ទេរ ពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុមកកាន់ក្រសួង ស្ថាប័ន  បន្ទាប់ពីសម្រេចបានជោគជ័យជាសារវន្តនូវភាពជឿទុក​ចិត្ត​លើ​ថវិកាក្នុង ដំណាក់កាលទី ១ និង កំពុងជំរុញអនុវត្តបញ្ចប់ដោយជោគជ័យដំណាក់កាលទី ២ នៅចុងឆ្នាំ ២០១៥ នេះ តាមរយៈការដាក់ឱ្យ អនុវត្តប្លង់គណនេយ្យថ្មី, មាតិការថវិកាថ្មី, កិច្ចប្រតិបត្តិការចំណាយថ្មី និង ព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង ហិរញ្ញវត្ថុក្នុងគោលដៅ​បង្កើន​គណ​នេ​យ្យភា​ព​ហិរញ្ញវត្ថុ ។

លោកបណ្ឌិតបានបន្ថែមថា ជោគជ័យ​ដែលសម្រេច​បាន និង វឌ្ឍនភាពដ៏គួរឱ្យលើកទឹកចិត្តខាងលើនេះ គឺ​ជាសមិទ្ធផល ដែលកើតចេញពីឆន្ទៈនយោបាយដ៏មុតស្រួច និង ឥតរាថយ ព្រមទាំងការកំណត់ទិសដៅយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ និង ប្រាកដនិយមរបស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការចង្អុលណែនាំផ្ទាល់ជាប្រចាំរបស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រួមជាមួយនឹង កិច្ចខិតខំប្រឹងប្រែង ការចូលរួម ការគាំទ្រ ទាំងស្មារតី សម្ភារ និង ថវិការបស់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់លំដាប់ ថ្នាក់នៃក្រសួង ស្ថាប័ន និងគ្រប់​តួអង្គពាក់ព័ន្ធទាំងអស់ ។

បណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា នៅដើមឆ្នាំ ២០១៦ ដំណាក់កាលទី ៣ នឹងត្រូវចាប់ផ្តើមដាក់​ឱ្យអនុវត្ត ហើយក្រសួង ស្ថាប័នចំនួន ១៥ ថែមទៀតនឹង​ត្រូវចូលរួមអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញ ។ ក្នុងន័យនេះ កម្ពុជានឹងត្រូវបន្តពង្រឹង និង ពង្រីកការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការយុទ្ធសាស្រ្តថវិកា, ថវិកាកម្មវិធី និង អង្គភាពថវិកា ដែលជាមូលដ្ឋានគ្រឹះសម្រាប់ធានា​ការផ្សារភ្ជាប់ថវិកាទៅគោលនយោបាយ ហើយគោលដៅចម្បងនៃដំណាក់កាលទី ៣ នេះ គឺការផ្លាស់ប្តូរជាណ្តើរៗនូវប្រព័ន្ធថវិកា ឬ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីការផ្តោតលើធាតុចូល និង មជ្ឈការ ទៅជាការផ្តោតលើលទ្ធផល ឬ សមិទ្ធកម្ម និង វិមជ្ឈការដែលត្រូវសម្រេចឱ្យបាននៅឆ្នាំ ២០២០ ។ ក្នុងគោលដៅនេះ ប្រព័ន្ធថវិកាជាតិនៅឆ្នាំ ២០២០ គឺជាប្រព័ន្ធថវិកាផ្អែកលើលទ្ធផល ឬ សមិទ្ធកម្ម ដែលមានបង្ហាញច្បាស់លាស់អំពីរចនាសម្ព័ន្ធ គោលនយោបាយ រួមមាន គោលបំណងគោលនយោបាយ, កម្មវិធី, អនុកម្មវិធី, ចង្កោមសកម្មភាព និង សកម្មភាពភ្ជាប់ចាមួយនូវសុចនាករសម្រាប់វាស់វែង និង រចនាសម្ព័ន្ធគ្រប់គ្រងស្ថាប័នសមស្រប ទាំងកម្រិតដឹកនាំ គ្រប់គ្រង និង បច្ចេកទេស ព្រមទាំងមានការកំណត់ច្បាស់លាស់អំពីសិទ្ធអំណាច និង ការទទួលខុសត្រូវនៅគ្រប់កម្រិត ។ លើសពីនេះ ដើម្បីឱ្យ ថវិកា ក្លាយជា ឧបករណ៍គោលនយោបាយ ដ៏ពិតប្រាកដ យើងចាំបាច់ត្រូវផ្សារភ្ជាប់ថវិកាប្រចាំឆ្នាំទៅនឹងគោលបំណងគោលនយោបាយតាមវិស័យ និង របៀបវារៈរបស់រាជរដ្ឋាភិបាល សម្រាប់អនុវត្តទាំង​នៅថ្នាក់ជាតិ និង​ ថ្នាក់​ក្រោមជាតិ ដើម្បីធានាឱ្យបានូវប្រព័ន្ធឯកភាព, សង្គតិភាព, ប្រសិទ្ធភាព​ និង ភាពស័ក្តិសិទ្ធិក្នុងការ​គ្រប់គ្រងថវិកា ជាពិសេស ដើម្បីធានានូវការគោរពតាមគោលការណ៍ គ្រឹះនៃថវិកា ដែលមានចែងនៅក្នុងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

ជាមួយនេះបណ្ឌិត ហ៊ាន សាហ៊ីប បានគូសរម្លេចថា ផ្អែកតាមបទពិសោធន៍អន្តរជាតិបានបង្ហាញឱ្យឃើញថា ភាពជោគជ័យក្នុងការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ គឺអាស្រ័យទៅនឹងការអនុវត្តថវិកា ឬ ការគ្រប់គ្រងហិរញ្ញវត្ថុ ដែលតម្រូវឱ្យមានការធ្វើតុល្យភាពអំណាចរវាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័នជំនាញ ក៏ដូចជារវាងអង្គភាព ទទួលបន្ទុកហិរញ្ញវត្ថុ និង អង្គភាពជំនាញនានានៃក្រសួង ស្ថាប័ន ដើម្បីធានាគណនេយ្យភាព និង ការទទួលខុសត្រូវឱ្យបាន ច្បាស់លាស់ និង ប្រកប​ដោយ​ប្រសិទ្ធភាព និង ធានាឱ្យបាននូវការតាមដានវាយតម្លៃលើលទ្ធផល ក្នុងប្រព័ន្ធគ្រប់គ្រងថវិកាផ្អែក លើលទ្ធផល ឬ សមិទ្ធកម្មនេះ ។ ហេតុដូច្នេះហើយទើបចាប់ពីដំណាក់កាលទី ២ មក ការចូលរួម ប្រកបដោយភាពជាម្ចាស់ និង ការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅកម្ពុជា ។ លើសពីនេះ ទន្ទឹមនឹងការដាក់ឱ្យអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញ ទស្សនាទានស្តីពី អង្គភាពថវិកា ក៏​ត្រូវបាន​ដាក់​ឱ្យអនុវត្តជាមួយគ្នា ដែលតាមរយៈនេះ អង្គភាពជំនាញនៃក្រសួង ស្ថាប័ន ជា​អគ្គនាយកដ្ឋាន និង មន្ទីរ​ជំនាញរាជធានី-ខេត្ត ត្រូវបានប្រគល់សិទ្ធិច្រើនជាងមុន និងមានការទទួលខុសត្រូវ​ច្បាស់លាស់​ជាងមុន លើការគ្រប់​គ្រង និង ការចាត់ចែងអនុវត្តថវិកា ព្រមទាំងលទ្ធផលការងារ សំដៅឈានទៅ​សម្រេច​គោល​បំណង​គោលនយោបាយអាទិភាពរបស់ក្រសួង ស្ថាប័ន ដែលជាផ្នែកនៃអាទិភាព គោលនយោបាយ​តាមវិស័យ​​របស់រាជរដ្ឋាភិបាល ។ ត្រង់ចំណុចនេះបណ្ឌិត ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងការ​កសាង​​បាន​នូវប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើលទ្ធផល ឬ សមិទ្ធកម្មនេះ ការអនុវត្តអាចសម្រេចបានជោគជ័យតាមគោលដៅ រំពឹងទុក គឺទាមទារឱ្យមានគ្រប់គ្រាន់នូវសមត្ថភាពមន្រ្តីរាជាការ និង សមត្ថភាពស្ថាប័នសមស្រប មានប្រព័ន្ធប្រតិបតិ្តការការងារ ប្រកបដោយប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធិ ជាពិសេសត្រូវមានប្រព័ន្ធគ្រប់គ្រងត្រួតពិនិត្យ តាមដាន និង វាយតម្លៃលទ្ធផល ប្រកបដោយតម្លាភាព គណនេយ្យភាព និង ការទទួលខុសត្រូវច្បាស់លាស់

ក្នុងន័យនេះ ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំឯកសារ គោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី ដែលជា​បទដ្ឋាគតិយុត្តិជាមូលដ្ឋានសំខាន់ សម្រាប់តម្រង់ទិសការអនុវត្ត និង ឈរលើមូលដ្ឋាននៃគោលការណ៍ណែនាំនេះហើយ ដែលអគ្គនាយកដ្ឋានថវិកា និង វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច ​និង ហិរញ្ញវត្ថុ បានសហការគ្នារៀបចំវគ្គ បណ្តុះបណ្តាល “ស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី” នៅពេលនេះ សម្រាប់​ក្រសួង ស្ថាប័ន​ដែលត្រូវអនុវត្តថវិកាកម្មវិធីពេញលេញ នៅឆ្នាំ ២០១៦ ។ ក្នុងស្មារតីនេះ បណ្ឌិត ហ៊ាន សាហ៊ីប បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ត្រងត្រាប់ នូវបទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាល និង ត្រូវចូលរួមពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និង ចែករំលែក​បទពិសោធន៍ ប្រកបដោយលក្ខណៈបុរសកម្ម សកម្ម និង អន្តរសកម្ម ដើម្បីស្វែងយល់នូវចំណុច គន្លឹះសម្រាប់យកទៅអនុវត្តនៅពេលត្រឡប់ទៅកាន់ស្ថាប័នរៀងៗខ្លួនវិញ ។

នៅទីបញ្ចប់ បណ្ឌិត ហ៊ាន សាហ៊ីប បានវាយតម្លៃខ្ពស់ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលនេះ និង បាន​គាំទ្រលើកទឹកចិត្ត​ឱ្យបន្តរៀបចំវគ្គសិក្សាបែបនេះច្រើនទៀត សម្រាប់ជំរុញការកសាងសមត្ថភាពមន្រ្តីរាជាការ​ឱ្យ​បាន​សមស្រប ដើម្បីរួមចំណែក សម្រេច​ជោគជ័យនៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅកម្ពុជា សំដៅការផ្លាស់ប្តូរពីប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ឬ ប្រព័ន្ធថវិកាដែលផ្អែកលើធាតុចូល និង មជ្ឈការ ឆ្ពោះទៅប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬ ប្រព័ន្ធថវិកាដែលផ្អែកលើលទ្ធផល ឬ សមិទ្ធកម្ម និង វិមជ្ឈការ ដែលធ្វើឱ្យថវិកាក្លាយជាឧបករណ៍គោលនយោបាយ ដ៏ពិតប្រាកដ សម្រាប់រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង កាត់បន្ថយភាពក្រីក្រជូនប្រជាជនកម្ពុជា ។

Leave a Reply