(+855) 23 885 855
+

10

Nov, 2015

សេចក្តីប្រកាសព័ត៌មាន ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” សម្រាប់ក្រសួង ស្ថាប័ន ដែលនឹងអនុវត្តថវិកាកម្មវិធីក្នុងឆ្នាំ ២០១៦

By: | Tags: | Comments: 0

នាថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ វេលាម៉ោង ៨:៣០ នាទីព្រឹក នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ មាន​ពិធីបើកវគ្គបណ្តុះបណ្តាលមួយស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” ដែលសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្រាប់មន្រ្តីរាជការ​ប្រមាណជាង ៣០០នាក់ ដែលអញ្ជើញមកពីក្រសួង-ស្ថាប័ន ដែល​នឹងត្រូវចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញនៅឆ្នាំ ២០១៦ ។​

អង្គពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹក​នាំ​ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់ជូនសិក្ខាកាម នូវចំណេះដឹងអំពី​គោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី, បទពិសោធន៍ និង ជំនាញ​បច្ចេកទេស​​​សម្រាប់​ការ​រៀប​ចំ​ថ​វិកា, ការអនុម័តថវិកា, ការអនុវត្តថវិកា និង ការតាមដានត្រួតពិនិត្យ​ការអនុវត្តថវិកា សំដៅរួមចំណែកសម្រេចជោគជ័យក្នុង​ការ​អនុវត្ត​ការកែទម្រង់​​កា​ រគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​របស់រាជរដ្ឋាភិបាល ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកម្មវិធី   កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅឆ្នាំ ២០០៤ ជាមួយឆន្ទៈនយោបាយដ៏មុតស្រួច និង ឥតរាថយ ក្នុងគោលដៅច្បាស់លាស់គឺ ការផ្លាស់ប្តូរប្រព័ន្ធ​ថវិកាពី​ថវិកាផ្អែក​លើធាតុ​ចូល និង មជ្ឈការ ឆ្ពោះ​ទៅ​ប្រព័ន្ធថវិកាផ្អែក​លើ​សមិទ្ធកម្ម និង ​        វិមជ្ឈការ ។ មកទល់នឹង​ពេលនេះ បន្ទាប់ពីសម្រេចបានជោគជ័យសារវន្តនូវភាពជឿទុកចិត្តលើថវិកាក្នុង​ដំណាក់កាលទី ១​ នៃការកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិបាលកំពុងជំរុញអនុវត្តបញ្ចប់ដោយជោគជ័យដំណាក់កាលទី ២ នៅចុងឆ្នាំ ២០១៥ នេះតាមរយៈការដាក់ឱ្យអនុវត្តប្លង់គណនេយ្យថ្មី, មាតិការថវិកាថ្មី, កិច្ចប្រតិបត្តិការចំណាយថ្មី និង ការដាក់ឱ្យអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ (FMIS) ក្នុងគោលដៅបង្កើតគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈ ។

នៅដើមឆ្នាំ ២០១៦ ខាងមុខ ដំណាក់កាលទី ៣ នឹងត្រូវចាប់ផ្តើមអនុវត្ត ស្របពេល​ជាមួយគ្នានេះក្រសួង-ស្ថាប័នចំនួន ១៥ បន្ថែមទៀត នឹងត្រូវចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញ សំដៅឈានទៅសម្រេចបាននូវការផ្សារភ្ជាប់ថវិកាទៅនឹងគោលបំណងគោល​នយោបាយ​ របស់ក្រសួងស្ថាប័ន ដូចដែលរាជរដ្ឋាភិបាលបាន​ដាក់ចេញនៅក្នុងឯកសារទស្សនាទានស្ដីពី ទិសដៅយុទ្ធសាស្រ្ដនៃកំណែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជា ឆ្នាំ២០១៣-២០២០ គឺ ការផ្លាស់ប្តូរប្រព័ន្ធថវិកាពីថវិកាផ្អែកលើធាតុចូល និង មជ្ឈការ ឆ្ពោះទៅប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម និង វិមជ្ឈការ  ។ ក្នុងន័យនេះ នៅឆ្នាំ ២០១៦ ខាងមុខ នឹងមានក្រសួង ស្ថាប័នចំនួន ២៥ ដែលនឹងត្រូវចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញ ។

ឯកឧត្តម បណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ទៀតថា ការអនុវត្តថវិកាកម្មវិធីពេញលេញបាន និង កំពុងស្ថិតក្នុងដំណាក់កាលសាកល្បង ហេតុនេះបញ្ហាប្រឈមនានា​ នឹងកើតមានដោយជៀសមិនផុត ។ អាស្រ័យហេតុនេះ ភាពជោគជ័យនៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ គឺត្រូវការចាំបាច់នូវកិច្ចសហការស្អិតរមួតរវាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័នជំនាញ រួមជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ។ ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ     មានតួនាទីបង្កើតនីតិវិធីហិរញ្ញវត្ថុសមស្រប និង ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមគ្រប់រូបភាព ព្រមជាមួយនោះ ក្រសួង-ស្ថាប័នជំនាញ​ ត្រូវចូលរួមស្វែងយល់អំពីនីតិវិធីហិរញ្ញវត្ថុទាំងនោះ និង សហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ។ ទន្ទឹមនេះ វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏នឹងត្រៀមបើកវគ្គបណ្តុះបណ្តាលជាស៊េរី ក្នុងកម្រិតជាវិញ្ញាបនបត្រវិជ្ជាជីវៈ លើការអនុវត្តថវិកា ក្នុងគោលដៅពង្រឹង និង ពង្រីកសមត្ថភាពមន្រ្តី និង បង្កើត​ ធនធានមនុស្សសម្រាប់ក្រសួង-ស្ថាប័នដើម្បីតែងតាំងជាមន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ, ជារជ្ជទេយ្យករ, រជ្ជទេយ្យកររង និង ភ្នាក់ងារបើកផ្តល់របស់ខ្លួនផងដែរ ។

ឯកឧត្តម ហ៊ាន សាហ៊ីប  បានបញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីអនុវត្តថវិកាកម្មវិធី នៅពេលនេះ ពិតជាមានសារៈសំខាន់ និង ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងការកសាង និង អភិវឌ្ឍសមត្ថភាពមន្រ្តីរាជការរបស់ក្រសួង-ស្ថាប័ន ។ ក្នុងស្មារតីនេះ ឯកឧត្តមបានជំរុញលើទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ត្រងត្រាប់នូវបទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់ និង ត្រូវចូលរួមពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និង ចែករំលែក​បទពិសោធន៍ ប្រកបដោយលក្ខណៈបុរសកម្ម សកម្ម និង អន្តរសកម្ម ដើម្បីស្វែងយល់នូវចំណុចគន្លឹះសម្រាប់យកទៅអនុវត្តនៅពេលត្រឡប់ទៅកាន់ស្ថាប័នរៀងៗខ្លួនវិញ ។

នៅទីបញ្ចប់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានវាយតម្លៃខ្ពស់ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលនេះ និង បាន​គាំទ្រលើកទឹកចិត្ត​ឱ្យបន្តរៀបចំវគ្គសិក្សាបែបនេះថែមទៀត សម្រាប់ជំរុញការកសាងសមត្ថភាពមន្រ្តីរាជាការ​ឱ្យ​បាន​សមស្រប ដើម្បីរួមចំណែកសម្រេច​ ជោគជ័យនៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅកម្ពុជា សំដៅផ្លាស់ប្តូរពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលផ្អែកលើធាតុចូល និង មជ្ឈការ ឆ្ពោះទៅប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬ ប្រព័ន្ធថវិកាដែលផ្អែកលើលទ្ធផល និង វិមជ្ឈការ ដែលធ្វើឱ្យថវិកាក្លាយជាឧបករណ៍គោលនយោបាយដ៏ពិតប្រាកដ សម្រាប់រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង កាត់បន្ថយភាពក្រីក្រជូនប្រជាជនកម្ពុជា ។