(+855) 23 885 855
+

10

Mar, 2016

សេចក្តីប្រកាសព័ត៌មាន ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី”

By: | Tags: | Comments: 0

newនាថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៦ វេលាម៉ោង ៨:៣០ នាទីព្រឹក នៅសណ្ឋាគារភ្នំពេញ មានរៀបចំវគ្គបណ្តុះបណ្តាលជាស៊េរីចំនួន ៣ វគ្គស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ។ អគ្គនាយកដ្ឋានថវិកា និង វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានសហការរៀបចំវគ្គបណ្តុះបណ្តាលនេះ ដើម្បីកសាង និង អភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ   ជាពិសេស មន្រ្តី​រាជការជំនាញទទួលបន្ទុកការងារអនុវត្ត និង ត្រួតពិនិត្យការអនុវត្តចំណាយថវិកាកម្មវិធីរបស់ក្រសួង ស្ថាប័ន មន្ទីរ និង អង្គភាពពាក់ព័ន្ធ ដែលត្រូវចូលរួមអនុវត្តថវិកាកម្មវិធីនៅឆ្នាំ ២០១៦ ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា តាមរបាយការណ៍របស់ឯកឧត្តមអគ្គនាយករង នៃអគ្គនាយកដ្ឋានថវិកាបញ្ជាក់ថា នៅឆ្នាំ ២០១៥ កន្លងមក ក្នុងក្របខ័ណ្ឌនៃការងា​រ​អនុវត្តថវិកាកម្មវិធី មានវគ្គបណ្តុះបណ្តាលជាច្រើននិង បន្តបន្ទាប់ ​ត្រូវបានរៀបចំឡើងជូនមន្រ្តីរាជការជំនាញ​ និង ថ្នាក់ដឹកនាំរបស់​ក្រសួងស្ថាប័ន និង អង្គភាពពាក់ព័ន្ធ ។ ក្នុងនោះ វគ្គ​បណ្តុះបណ្តាល​ស្តីពីការអនុវត្ត​ថវិកា​កម្មវិធី​ចំនួន ៩ លើក រួចមកហើយ ត្រូវបានរៀបចំឡើងជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រី​ជំនាញនៃអង្គភាពថវិការបស់​ក្រសួង ស្ថាប័នចំនួន ២៥ និង ​មន្ទីរជំនាញក្រោមឱវាទ ដែលកំពុង និង ត្រូវអនុវត្ត​សាកល្បងថវិកា​កម្មវិធីពេញលេញ នៅឆ្នាំ២០១៦ នេះ ។ ការណ៍នេះសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់ការយកចិត្តទុកដាក់ ខ្ពស់លើការងារបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគន្លឹះដើម្បីសម្រេច​ជោគ​ជ័យ​ ប្រកបដោយប្រសិទ្ធភាព នូវការអនុវត្តការកែទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ពោលគឺការកសាងនូវភាពជឿទុកចិត្តបាននៃថវិកា នៅដំណាក់កាលទី ១ និង គណនេយ្យភាពហិរញ្ញវត្ថុនៅដំណាក់កាលទី ២ កន្លងមកនេះ ។ លើសពីនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការកសាងសមត្ថភាពសម្រាប់អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេស ការអនុវត្តថវិកាកម្មវិធី និង អង្គភាពថា នៅពេលខាងមុខ វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងរៀបចំវគ្គបណ្តុះបណ្តាល ថែមទៀតជូនដល់មន្រ្តីរាជការរបស់ក្រសួង ស្ថាប័ន និង អង្គភាពពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និង នៅថ្នាក់ក្រោមជាតិ ពិសេស គឺវគ្គបណ្តុះបណ្តាលជាស៊េរីកម្រិតវិញ្ញាបនបត្រ សម្រាប់មន្រ្តីរាជការរបស់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល និង សហគ្រាស សាធារណៈរបស់រដ្ឋ ដែលនឹងត្រូវតែតាំងជារជ្ជទេយ្យករ រជ្ជទេយ្យកររង ភ្នាក់ងារបើកផ្តល់ និង មន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ ។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតបានស្នើសុំដល់ក្រសួង ស្ថាប័នទាំងអស់ សូមត្រៀមសហការ និង ចាត់បញ្ជូនមន្រ្តីរបស់ខ្លួនឱ្យសមស្របដើម្បីចូលរួម ព្រោះថាវគ្គបណ្តុះបណ្តាលទាំងនោះ​មានសារសំខាន់ និង មិនឤចរករៀនបាននៅតាមសាកលវិទ្យាល័យ មហាវិទ្យាល័័យ ទូទៅនោះទេ ។

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានបន្តទៀតថា រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវឯកសារ ßទស្សនាទានស្តីពីទិសដៅ យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធ​ថវិកាឆ្នាំ ២០១៣ – ២០២០ ក្នុងគោលដៅផ្លាស់ប្តូរជាជំហានៗ នូវប្រព័ន្ធថវិកាដែល   ផ្តោតលើធាតុចូល និង មជ្ឈការ ឆ្ពោះទៅជាប្រព័ន្ធថវិកាដែលផ្តោតលើលទ្ធផល ឬ សមិទ្ធកម្ម និង វិមជ្ឈការ។ ​គោលបំណងចម្បង គឺកែប្រែ​​ប្រព័ន្ធ​ថវិកា​ឱ្យក្លាយទៅ​ជា ​ßឧបករណ៍គោលនយោបាយ ដ៏ពិត​ប្រាកដ​ក្នុងការវិភាជ​ និង ប្រើប្រាស់​​​ធនធានរបស់រដ្ឋ​ប្រកបដោយ​​ប្រសិទ្ធភាព​ និង​ ភាពស័ក្តិសិទ្ធ​ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ​ឆ្លើយតប​ទៅនឹង​​​សេចក្តី​​​ត្រូវការ ​បំណងប្រាថ្នា​ និង សំណូមពររបស់​​ប្រជាជនកម្ពុជា ។ លើសពីនេះទៀត ប្រព័ន្ធថវិកាថ្មីនេះ មានគោលដៅផ្ទេរសិទ្ធអំណាច និង ការទទួលខុសត្រូវក្នុងការអនុវត្តថវិកាពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ ទៅកាន់ក្រសួង ស្ថាប័នពាក់ព័ន្ធ និង ផ្ទេរសិទ្ធអំណាច និង ការទទួលខុសត្រូវ​ផ្ទៃក្នុងរបស់ក្រសួងស្ថាប័ននីមួយៗ​ ទៅតាមអង្គភាពថវិកាជាបណ្តើរៗ និង ឆ្ពោះទៅរកការផ្ទេរសិទ្ធអំណាច និង ការទទួលខុសត្រូវទាំងស្រុងក្នុងការអនុវត្តថវិកាទៅអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធ ។ ក្នុងន័យនេះ នៅក្នុងឆ្នាំ ២០១៥    រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តសាកល្បងនូវថវិកាកម្មវិធីពេញលេញ នៅ​​​​ក្រសួង ស្ថាប័នចំនួន ១០ និង មន្ទីរជំនាញក្រោមឱវាទ ពាក់ព័ន្ធ ។ នៅឆ្នាំ ២០១៦ នេះការអនុវត្តសាកល្បងនូវថវិកាកម្មវិធីពេញលេញនេះត្រូវបានពង្រីកវិសាលភាពទៅដល់ក្រសួង  ស្ថាប័នចំនួន ១៥ និង មន្ទីរ​ជំនាញក្រោមឱវាទពាក់ព័ន្ធ បន្ថែមទៀត ដែលបានធ្វើឱ្យចំនួនក្រសួង ស្ថាប័ន ថវិកាកម្មវិធី ត្រូវកើនដល់ ២៥ ក្រសួង ស្ថាប័ន ហើយស្រូបយកថវិកាចរន្ត ប្រមាណជាង ៥៥%។ រាជរដ្ឋាភិបាលបានគ្រោងនឹងពង្រីកវិសាលភាពនៃការអនុវត្តសាកល្បងនូវថវិកាកម្មវិធីពេញលេញនេះទៅដល់ក្រសួង ស្ថាប័នចំនួន ១១ និង មន្ទីរជំនាញក្រោមឱវាទពាក់ព័ន្ធ បន្ថែមទៀត នៅឆ្នាំ ២០១៧ ខាងមុខ ។ តាមរយៈនោះគឺ នឹងនៅសល់តែក្រសួង ស្ថាប័នចំនួន ៣ ប៉ុណ្ណោះ គឺទីស្តីការគណៈរដ្ឋមន្រ្តី, ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ដែលនឹងត្រូវដាក់ឱ្យចូលរួមអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញ នៅឆ្នាំ ២០១៨ ។ ក្នុងទិសដៅនេះ ជារួម នៅឆ្នាំ ២០១៨ គ្រប់ក្រសួង ស្ថាប័ន និង មន្ទីរជំនាញរាជធានី-ខេត្ត នឹងត្រូវអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញ និង អង្គភាពថវិកា ទាំងអស់គ្នា ដែលជាមូលដ្ឋានចាំបាច់ដើម្បីឈានទៅរកការអនុម័តថវិកាប្រចាំឆ្នាំតាមកម្មវិធី ដោយស្ថាប័ននីតិបញ្ញត្តិ នៅក្នុងរង្វង់ឆ្នាំ ២០២០​ ។

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប ក៏បានលើកឡើងផងដែរថា ផ្អែកតាមលទ្ធផលនៃការសាកល្បងអនុវត្តថវិកាកម្មវិធីពេញលេញរបស់ក្រសួង ស្ថាប័ន ចំនួន ១៥ នៅឆ្នាំ ២០១៥ កន្លងមក បញ្ជាក់ថា ថវិកាកម្មវិធី របស់ក្រសួង ស្ថាប័ននេះ ត្រូវបានរៀបចំបានកាន់តែល្អប្រសើរ និង ទាន់ពេលវេលា ។ ទោះបីជាដូច្នោះ យើងក៏នៅមានបញ្ហាប្រឈមខ្លះៗ ដែលត្រូវបន្តរួមគ្នាដោះស្រាយ ពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធកម្មវិធី ការកំណត់សូចនាករលទ្ធផល និង ការកំណត់អង្គភាពថវិកាជាដើម ។ ត្រង់ចំណុចនេះ ផ្អែកតាមបទពិសោធន៍នៃការអនុវត្តថវិកាកម្មវិធីរបស់ប្រទេសផ្សេងៗក្នុងតំបន់ និង ពិភពលោក ប្រទេសទាំងនោះ ក៏ជួបបញ្ហាប្រឈមប្រហាក់ប្រហែលនឹងប្រទេសកម្ពុជាដែរ ។ មន្រ្តីជំនាញថវិកានៃប្រទេសទាំងនោះ បានលើកឡើងថា កម្ពុជាយើងគឺកំពុងអនុវត្តតាមអភិក្រមដ៏ត្រឹមត្រូវមួយ ដូច្នេះត្រូវបន្តអនុវត្តតាម​មាគ៌ាកែទម្រង់ប្រព័ន្ធថវិកា ដែលយើងកំពុងអនុវត្តនេះថែមទៀត ព្រោះដំណើរផ្លូវនៅវែងឆ្ងាយ ហើយបទពិសោធន៍របស់ប្រទេសអភិវឌ្ឍន៍ ដែលអនុវត្តថវិកាតាមសមិទ្ធកម្ម គឺភាគច្រើនមិនតិចជាង ២០ ឆ្នាំ នោះឡើយ ។ ជាការពិត យើងនៅមានបញ្ហាប្រឈមច្រើនចំពោះមុខ នៅលើកំណាត់ធ្វើដំណើរដ៏វែងឆ្ងាយ ប៉ុន្តែយើងមិនត្រូវរួញរានោះទេ គឺ​ត្រូវរួម​គ្នាដោះ​ស្រាយប្រកបដោយបុរេសកម្ម និង ត្រូវប្រកាន់យកនូវអភិក្រម ßធ្វើបណ្តើរ រៀនសូត្រ បណ្តើរ និង ដកស្រង់បទពិសោធន៍បណ្តើរ› ដើម្បីឈានទៅកសាងបាននូវចំណេះដឹង ចំណេះធ្វើ និង សមត្ថភាពគ្រប់គ្រាន់ សម្រាប់សម្រេចជោគជ័យរួមរបស់យើងគឺកសាងឱ្យបាននូវ ßប្រព័ន្ធថវិកាដែលផ្តោតលើលទ្ធផល ឬ សមិទ្ធកម្ម និង វិមជ្ឈការ ។​

ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសូមលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ សូមខិតខំយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់នូវគ្រប់​ បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាលរបស់យើងនេះ ព្រមទាំងចូលរួមពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និង បទពិសោធន៍ ប្រកបដោយលក្ខណៈបុរសកម្ម ដើម្បីស្វែងយល់​ និងចាប់យកចំណុចគន្លឹះសម្រាប់យកទៅអនុវត្ត នៅពេលត្រឡប់ទៅកាន់ក្រសួងស្ថាប័ន និង អង្គភាពរៀងៗខ្លួន​វិញ នៅក្រោយពេលបញ្ចប់វគ្គសិក្សា ។