(+855) 23 885 855
+

  • efi-04-04-2016

6

Apr, 2016

ឯកឧត្តមបណ្ឌិត​ ហ៊ាន សាហុីប អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពីវិធាន និងបទបញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ

By: | Tags: | Comments: 0

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ លោកបណ្ឌិត ហ៊ាន សាហុីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំណាងលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីវិធាន និងបទបញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ នៅសណ្ឋាគារភ្នំពេញ។

វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីពង្រឹងបន្ថែមទៀតនូវសមត្ថភាព និងការយល់ដឹងរបស់ក្រុមលទ្ធកម្មនៃអង្គភាពថវិកាដែលជាមន្ទីរ អង្គភាពជំនាញរាជធានី ខេត្តក្រោមឧវាទក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៏ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងព័ត៏មាន ក្នុងការរៀបចំផែនការ និងអនុវត្តកិច្ចលទ្ធកម្មសាធារណៈប្រកបដោយប្រសិទ្ធិភាព គណនេយ្យភាព តម្លាភាពគ្រប់ជ្រុងជ្រោយ និងប្រកបដោយក្រមសីលធម៏វិជ្ជាជីវៈ។

ថ្លែងនៅក្នុងពិធីនោះលោកបណ្ឌិត ហ៊ាន សាហុីប បានលើកឡើងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់លើការងារបណ្ដុះបណ្ដាល និងកសាងសមត្ថភាពមន្ត្រីរាជការដែលជាកត្តាគន្លឹះដើម្បីសម្រេចជោគជ័យ ក្នុងការអនុវត្តការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។ ជាក់ស្ដែងកាលពីឆ្នាំ២០១៥កន្លងមក ក្នុងគោលដៅពង្រឹងប្រសិទ្ធិភាព និងភាពស័ក្ដិសិទ្ធិនៃការអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា មានវគ្គបណ្ដុះបណ្ដាលជាច្រើន និងបន្តបន្ទាប់ពាក់ព័ន្ធនឹងវិធីសាស្ត្រ និងនីតិវិធីអនុវត្តកិច្ចលទ្ធកម្មសាធារណៈត្រូវបានរៀបចំឡើងជូនមន្ត្រីរាជការជំនាញ និងថ្នាក់ដឹកនាំក្រុមលទ្ធកម្ម នៃអង្គភាពថវិការបស់ក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ។

នៅក្នុងឱកាសនោះលោករដ្ឋលេខាធិការបានជម្រាបអង្គពិធីផងដែរថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការកសាងសមត្ថភាពមន្ត្រីរាជការ សម្រាប់អនុវត្តការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេស ការអនុវត្តផែនការកម្មវិធី និងអង្គភាព វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននឹងកំពុងរៀបចំកម្មវិធីបណ្ដុះបណ្ដាលជាស៊េរីកំរិតវិញ្ញាបនបត្រ សម្រាប់មន្ត្រីរាជការរបស់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល និងសហគ្រាសសាធារណៈរបស់រដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលនឹងត្រូវតែងតាំងរជ្ជទេយ្យករ ភ្នាក់ងារបើកផ្ដល់ និងមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ។​​ ក្នុងន័យនេះលោករដ្ឋលេខាធិការបានស្នើដល់ក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ អោយត្រៀមសហការ និងចាត់បញ្ជូនមន្ត្រីរបស់ខ្លួនអោយសមស្របដើម្បីចូលរួម ព្រោះថាវគ្គបណ្ដុះបណ្ដាលទាំងនោះមានសារសំខាន់មិនអាចរករៀន បាននៅតាមសាកលវិទ្យាល័យទូទៅបាននោះទេ។

លោករដ្ឋលេខាធិការក៏បានផ្ដាំផ្ញើអោយមន្ត្រីរាជការទាំងអស់ ដែលមកចូលរួមរៀនវគ្គបណ្ដុះបណ្ដាលនេះ ត្រូវយកចិត្តទុកដាក់រៀនសូត្រ ដើម្បីយកចំណេះដឹងទៅបំរើការងារជូន អង្គភាពវិញ អោយទទួលបានជោគជ័យ៕

2016-04-04-12-56-23-12016-04-04-12-56-23-3