(+855) 23 885 855
+

25

May, 2016

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបន្តរៀបចំវគ្គបណ្តុះបណ្តាលជូនមន្រ្តីរាជការនៅថ្នាក់មូលដ្ឋាន លើជំនាញស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” ខេត្តព្រះសីហនុ

By: | Tags: | Comments: 0

នាថ្ងៃទី ២៥ ឧសភា ២០១៦ វេលាម៉ោង ៨:៣០ នាទីព្រឹក នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ មានរៀបចំបើកវគ្គបណ្តុះបណ្តាលមួយស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” ជូនមន្រ្តីមកពីមន្ទីរ អង្គភាពជុំវិញខេត្តបីរួមមានខេត្តព្រះសីហនុ, ខេត្តកំពង់ស្ពី និង ខេត្តកំពង់ឆ្នាំង ។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មានការចូលរួមពីឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុផងដែរ ។

ឯកឧត្តម យន្ត មីន បានស្វាគមន៍ចំពោះវគ្គបណ្តុះបណ្តាលនេះ ដោយបានគូសបញ្ជាក់ថា កន្លងមកគ្រប់មន្ទីរ, អង្គភាពជុំវិញខេត្តព្រះសីហនុ ក៏ដូចជាមន្ទីរ, អង្គភាពជុំវិញខេត្តកំពង់ស្ពី, ខេត្តកំពង់ឆ្នាំង និង ខេត្តដទៃទៀត បានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងការងារកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល ពិសេសការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងទទួលបានសមិទ្ធផលគួរជាទីមោទន។ ទោះជាដូច្នោះ ក៏នៅមានជួបបញ្ហាប្រឈមខ្លះៗសម្រាប់ការអនុវត្តការងារ​កែទម្រង់ខា​ងលើនេះ ដោយសារបញ្ហាកង្វះធនធានមនុស្ស ដែលមានចំណេះដឹង, ជំនាញ និង បទពិ​សោ​ធន៍គ្រប់គ្រាន់លើការអនុវត្តការងារថវិកានេះ ។ តាមរយៈនេះ ឯកឧត្តមអភិបាលខេត្តជឿជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី នៅពេលនេះ ពិតជាមានសារសំខាន់ និង ឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃការបង្កើនសមត្ថភាព​ និងការលើកកម្ពស់ការយល់ដឹងរបស់មន្រ្តីរាជការនៃមន្ទីរ អង្គភាពជុំវិញសាលាខេត្តព្រះសីហនុ ក៏ដូចជាសម្រាប់មន្ទីរ អង្គភាពនានានៅខេត្តកំពង់ស្ពឺ និង ខេត្តកំពង់ឆ្នាំង សម្រាប់រួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ឱ្យកាន់តែប្រសើរថែមទៀត ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការអនុវត្តថវិកាប្រកបដោយប្រសិទ្ធភាព និងមានសង្គតិភាពទៅនឹងគោលដៅនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជាការងារចាំបាច់សម្រាប់ធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយគុណភាព ចីរភាព បរិយាប័ន្ន និង មានភាពធន់ខ្ពស់ចំពោះការផ្តល់សេវាសាធាណៈ និងការឆ្លើយតបបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការ សំណូមពរ និងបំណងប្រាថ្នារបស់ប្រជាជន ។ ទន្ទឹមនេះ ឯកឧត្តមបានរំលឹកថា “ឯកសារទស្សនាទានស្តីពីទិសដៅយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៣ – ២០២០” បានចង្អុលពីគោលដៅច្បាស់លាស់ក្នុងការផ្លាស់ប្តូរជាជំហានៗពីប្រព័ន្ធថវិកាផ្អែកលើធាតុចូលនិងមជ្ឈការ ទៅជាប្រព័ន្ធថវិកាផ្អែកលើលទ្ធផល ឬសមិទ្ធកម្ម និងវិមជ្ឈការ ​ដើម្បីធ្វើឱ្យ​ប្រព័ន្ធ​ថវិកា​ក្លាយ​ទៅជា ​“ឧបករណ៍គោលនយោបាយ” ដ៏ពិត​ប្រាកដ​ក្នុងការវិភាជ​ និង ប្រើប្រាស់​​ធនធាន​ប្រកបដោយ​​ប្រសិទ្ធភាព​ និង​ ស័ក្តិសិទ្ធភាព​ ។

ជាមួយនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសរំលេចផងដែរថា កន្លងមកនេះកម្ពុជាបានទទួលជោគជ័យគួរឱ្យកត់សម្គាល់ ដោយសម្រេចបាននូវភាពជឿទុកចិត្តនៃថវិកា នៅក្នុងដំណាក់កាល  ទី ១ និង គណនេយ្យភាពហិរញ្ញវត្ថុ នៅដំណាក់កាលទី ២ ជា​មូលដ្ឋានសម្រាប់ឈានទៅសម្រេចជោគជ័យនៅដំណាក់កាលទី ៣ និង ដំណាក់កាលទី ៤ នៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានប្រកាសដាក់ឱ្យអនុវត្តនៅឆ្នាំ ២០០៤ ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ទោះជាដូច្នោះ ឯកឧត្តមរដ្ឋលេខាធិការក៏បានបញ្ជាក់ដែរថា ផ្អែកតាមលទ្ធផលនៃការរៀបចំថវិកាឆ្នាំ ២០១៦ ឃើញថា ថវិកា​កម្មវិធីរបស់ក្រសួង ស្ថាប័នចំនួន ១០ ដែលបានចាប់អនុវត្តសាកល្បងនៅឆ្នាំ ២០១៥ ត្រូវ​បានរៀបចំកាន់តែល្អប្រសើរ និងទាន់ពេលវេលា ប៉ុន្តែចំពោះក្រសួង ស្ថាប័ន ១៥ ដែលទើបចូលរួមអនុវត្តសាកល្បថវិកាកម្មវិធីពេញ​លេញនៅឆ្នាំ ២០១៦ នេះ នៅមានបញ្ហាប្រឈមខ្លះៗពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធកម្មវិធី និង ការកំណត់អង្គភាពថវិកា ។ បញ្ហាប្រឈមទាំងនោះគឺពាក់ព័ន្ធទៅនឹងសមត្ថភាពរបស់នៃរបស់អង្គភាពថវិកានីមួយៗ ។​

ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តការយកចិត្តទុក​ដាក់​​ខ្ពស់លើការបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្រ្តីរាជការដែលជាកត្តាគន្លឹះ ដើម្បីសម្រេចជោគជ័​យ​ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ។​ជាក់ស្តែង ក្នុងឆ្នាំ ២០១៥​ កន្លងទៅ ក្នុងគោលដៅដើម្បីប្រសិទ្ធភាពនៃការអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា មានវគ្គ​បណ្តុះបណ្តាលស្តីពីវិធីសាស្រ្ត នីតិវិធី និងគោលការណ៍ណែនាំសម្រាប់អនុវត្តថវិកាកម្មវិធីជាច្រើន និងជាបន្តន្ទាប់ ត្រូវបានរៀប​ចំជូនមន្រ្តីរាជការជំនាញ និងថ្នាក់ដឹកនាំរបស់អង្គភាពថវិកានៃក្រសួង ស្ថាប័ន និង មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ ។

លើស​ពីនោះ នៅក្នុងត្រីមាសទី ១ ដើមឆ្នាំ ២០១៦ នេះ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានសហការជាមួយអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលចំនួន ៩ វគ្គ ថែមទៀត សម្រាប់ក្រសួង ស្ថាប័ន និង​អង្គភាព ដែលត្រូវអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញនៅឆ្នាំ ២០១៦ ដោយមានសិក្ខាកាមសរុប ៩៣៨ នាក់ មកពីណ្តាខេត្តដូចជា ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយ​មានជ័យ ប៉ៃលិន សៀមរាប ឧត្តរមានជ័យ និង ព្រះវិហារ ជាដើម បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាំងនោះ ។ ចំណែក​វគ្គបណ្តុះបណ្តាលនៅពេលនេះ គឺសម្រាប់ខេត្តព្រះសីហនុ កំពង់ស្ពឺ និង កំពង់ឆ្នាំង ព្រមទាំងត្រូវបន្តទៅបណ្តាខេត្តផ្សេងទៀតជាបន្តបន្ទាប់នៅទូទាំងប្រទេស តាមកម្មវិធីដែលបានគ្រោងទុក ។

បន្ថែមលើសនេះទៀត​ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប ក៏បានលើកឡើងថា​ ឆ្លើយតបទៅនឹងតម្រូវការក្នុងការកសាងសមត្ថភាព សម្រាប់អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិងកំពុងរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាលជាស៊េរីកម្រិតជាវិញ្ញាបនបត្រ សម្រាប់ផ្តល់ជូនមន្រ្តីរាជការរបស់ក្រសួង ស្ថាប័ន និង អង្គភាពពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និង នៅថ្នាក់ក្រោមជាតិ រួមនឹងគ្រឹះស្ថានសាធារណៈរដ្ឋបាល និង សហគ្រាសសាធារណៈរបស់រដ្ឋ ពិសេសមន្ត្រីដែលនឹងត្រូវតែតាំងជារជ្ជទេយ្យករ, រជ្ជទេយ្យកររង, ភ្នាក់ងារបើកផ្តល់  និង មន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ ក្នុងបុព្វហេតុធានាបាននូវភាពរលូន, និរន្តរភាពការងារ, សង្គតិភាពតួនាទី និង ជំនាញ ដែលជាលក្ខខណ្ឌដើម្បីធានាបាននូវប្រសិទ្ធភាព និង ជោគជ័យនៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ក្នុងនោះឯកឧត្តមបានស្នើឱ្យមានកិច្ចសហការ, គាំទ្រ និងចាត់បញ្ជូន​មន្រ្តីក្នុងតួនាទី និង អ្នកដែលមានសក្តានុពលសម្រាប់តួនាទីពាក់ព័ន្ធជំនាញថវិកានេះ ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាំងនោះ​ ។ ឯកឧត្តមបណ្ឌិតក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ស្តាប់បទឧទ្ទេសនាម របស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាល ដើម្បីចាប់យកចំណេះដឹងឱ្យបានជាអតិបរមាសម្រាប់យកទៅ​អនុវត្តក្នុងការដ្ឋានការងារ នៅពេលត្រឡប់ទៅកាន់មន្ទីរ អង្គភាពរៀងៗខ្លួនវិញ និង ត្រូវបន្តគោរពឱ្យបានខ្ជាប់ខ្ជួននូវវិន័យ និងសេចក្តីថ្លៃថ្នូរស័ក្តិសមជាមន្ត្រីរាជការ បម្រើផលប្រយោជន៍ជាតិ និង ប្រជាជន ។IMG_0238