(+855) 23 885 855
+

27

Jun, 2016

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបើកវគ្គបណ្តុះបណ្តាលជំនាញស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” ជូនមន្រ្តីរាជការនៃអង្គភាពថវិការបស់ក្រសួងអប់រំ យុវជន និង កីឡា ខេត្តសៀមរាប

By: | Tags: | Comments: 0

(ខេត្តសៀមរាប): នាថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៦ វេលាម៉ោង ៨:៣០ នាទីព្រឹក នៅសណ្ឋាគារអ៊ីបផ្រេសអង្គរ មានការរៀបចំបើកវគ្គបណ្តុះបណ្តាលមួយស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” ជូនមន្រ្តីរាជការមកពីអង្គភាពថវិកាថ្នាក់កណ្តាលរបស់ក្រសួងអប់រំ យុវជន និង កីឡា ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាផងដែរ ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ ពិត ចំណាន បានសម្តែងនូវការស្វាគមន៍ចំពោះអង្គពិធី និង បានថ្លែងអំណរគុណចំពោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិសេស វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានសហការរៀបចំវគ្គបណ្តុះបណ្តាលនេះ តាមសំណូមពរ ក្នុងគោលដៅពង្រឹង ពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងថែមទៀតជូនមន្រ្តីរាជការ នៃអង្គភាពថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា លើនីតិវិធីអនុវត្តថវិកាកម្មវិធី ដែលជាតម្រូវការចំាបាច់សម្រាប់រួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យទទួលបានជោគជ័យតាមការគ្រោងទុក ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការអនុវត្តថវិកាប្រកបដោយប្រសិទ្ធភាព និងមានសង្គតិភាពទៅនឹងគោលដៅនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជាការងារចាំបាច់សម្រាប់ធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយគុណភាព និងចីរភាព ដែលនឹងបន្តរួមចំណែកលើកកម្ពស់សេវាសាធាណៈ និងសុខុមាលភាពសង្គម ឆ្លើយតបបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការ សំណូមពរ និងបំណងប្រាថ្នារបស់ប្រជាជន ។

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប ក៏បានបញ្ជាក់ផងដែរថា ជាក់ស្តែង ថវិកាកម្មវិធីឆ្នាំ ២០១៦ របស់ក្រសួង ស្ថាប័នចំនួន ១០ ដែលបានចាប់អនុវត្តសាកល្បងនៅឆ្នាំ ២០១៥ ត្រូវ​បានរៀបចំកាន់តែល្អប្រសើរ និងទាន់ពេលវេលា ប៉ុន្តែចំពោះក្រសួង ស្ថាប័ន ១៥ ដែលទើបចូលរួមអនុវត្តសាកល្បថវិកាកម្មវិធីពេញ​លេញនៅឆ្នាំ ២០១៦ នេះ នៅមានបញ្ហាប្រឈមខ្លះៗ ពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធកម្មវិធី និង ការកំណត់អង្គភាពថវិកា ។ បញ្ហាប្រឈមទាំងនោះគឺពាក់ព័ន្ធទៅនឹងសមត្ថភាពរបស់មន្រ្តីរាជការនៃអង្គភាពថវិកានីមួយៗនោះ ។​

ឯកឧត្តមបណ្ឌិតបានលើកឡើងថា ជាការពិត ការអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បងនៅកម្ពុជា គឺទើបចាប់ផ្តើមនៅឆ្នាំ ២០១៥ កន្លងទៅប៉ុណ្ណោះ ។ ហេតុដូច្នេះ យើងពិតជានៅមានចំណុចដែលចាំបាច់ត្រូវបន្តស្វែងយល់ រៀនសូត្របណ្តើរ និងត្រូវអនុវត្តបណ្តើរ លើកំណាត់ផ្លូវនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលកំពុងមានចលនការទៅមុខជាជំហានៗ និងដោយស្វាហាប់ ជាមួយនឹងសមិទ្ធផលទទួលបានជាបន្តបន្ទាប់ដូចខាងលើ ។

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិងកំពុងបន្តយុទ្ធនាការបណ្តុះបណ្តាល និង កសាងសមត្ថភាព ដើម្បីសម្រេចជោគជ័​យ​ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល ។​ ជាក់ស្តែងក្នុងឆ្នាំ ២០១៥​ កន្លង​ទៅ មានវគ្គ​បណ្តុះបណ្តាលស្តីពីវិធីសាស្រ្ត នីតិវិធី និងគោលការណ៍ណែនាំសម្រាប់អនុវត្តថវិកាកម្មវិធី ជាច្រើន និងជាបន្តន្ទាប់ ត្រូវបានរៀប​ចំជូនមន្រ្តីរាជការជំនាញ និងថ្នាក់ដឹកនាំរបស់អង្គភាពថវិកានៃក្រសួង ស្ថាប័ន និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធក្រោម​ឱវាទ ។ លើសពីនេះ នៅក្នុងត្រីមាសទី ១ និង ទី២ ដើមឆ្នាំ ២០១៦ នេះ មានវគ្គបណ្តុះបណ្តាលកម្រិតជំនាញ​ចាំបាច់សម្រាប់អនុវត្តថវិកាកម្មវិធីចំនួន ១៥ វគ្គ ថែមទៀត ត្រូវបានសហការរៀបចំឡើងជូនមន្រ្តីរាជការ និងថ្នាក់ដឹកនាំជំនាញ នៃអង្គភាពថវិការបស់ក្រសួង ស្ថាប័ន ចំនួន ១៥ និងអង្គភាពពាក់ព័ន្ធក្រោមឱវាទ ដែលត្រូវចូលរួមអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញ នៅឆ្នាំ ២០១៦ នេះ និង មានសិក្ខាកាមសរុប ១៤៤៦ នាក់បានចូលរួមក្នុង​វគ្គបណ្តុះបណ្តាលទាំងនោះ ។

ដោយឡែក សម្រាប់វគ្គបណ្តុះបណ្តលរបស់យើងនៅពេលនេះ គឺមានសិក្ខាកាមសរុបចំនួន ១៦៥ នាក់ ដែលមកពីអង្គភាពថវិកាថ្នាក់កណ្តាល ទាំងអស់នៃក្រសួងអប់រំយុវជន និងកីឡា ។ តាមរយៈនេះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំយុវជន និងកីឡា ដែលបានយកចិត្តទុកដាក់ខ្ពស់ និង ជាគំរូ ក្នុងការកសាង និង អភិវឌ្ឍសមត្ថភាពជំនាញរបស់មន្រ្តីរាជការ នៃអង្គភាពថវិការបស់ខ្លួនលើជំនាញចាំចាប់សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅរួមចំណែកអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព នូវការអនុវត្តថវិកាកម្មវិធីថវិកាពេញលេញដ៏មានសារសំខាន់នេះ ។

ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ទៀតថា ដោយក្រសួងអប់រំ យុវជន និង កីឡា គឺជាក្រសួងអាទិភាពក្នុងការអនុវត្តគោលនយោបាយសង្គមកិច្ច ពិសេស ការអភិវឌ្ឍធនធានមនុស្ស សម្រាប់ធានាចីរភាព និងទ្រទ្រង់​ការអភិវឌ្ឍលើគ្រប់វិស័យនៅព្រះរាជាណាចក្រកម្ពុជា ដូច្នេះវគ្គបណ្តុះបណ្តាលជំនាញរបស់យើងនៅពេលនេះ មិនត្រឹមតែមានឥទ្ធិពលសម្រាប់រួមចំណែកសម្រេចជោគជ័យ ក្នុងការអនុវត្តថវិកាកម្មវិធីពេញលេញ ក្នុងក្របខណ្ឌនៃការកែទម្រង់ការគ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រេ​​ច​គោលដៅ ក្នុងការធានាលទ្ធភាពទទួលបានសេវាអប់រំ ប្រកបដោយ​សម​ធម៌ និងការលើ​កកម្ពស់​គុណភាព និងភាពឆ្លើយតបនៃការផ្តល់សេវាអប់រំ ទាំងក្នុងប្រព័ន្ធ ក្រៅ​ប្រព័ន្ធ និងមិនផ្លូវការ, ការអភិវឌ្ឍ​​ឧត្តមសិក្សា​​និង​ការ​ស្រាវជ្រាវ, ការ​​អភិវឌ្ឍជំនាញ​បច្ចេកទេស​និង​ជំនាញផ្នែកទន់សម្រាប់យុវជន, និងការគាំទ្រ​សេវា​អប់រំ និង​អភិបាល​កិច្ចល្អ ទៀតផង ។​

ជាមួយនេះ ​ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានលើកឡើងថា​ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការកសាង និង អភិវឌ្ឍធនធានមនុស្ស សម្រាប់ធានាចីរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់អង្គភាពថវិកាគ្រប់កម្រិត វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិងកំពុងរៀបចំអភិវឌ្ឍកម្មវិធីវគ្គបណ្តុះបណ្តាលជំនាញជាស៊េរីកម្រិតវិញ្ញាប​ន​ប​ត្រ សម្រាប់មន្រ្តីរាជការរបស់ក្រសួង ស្ថាប័ន, គ្រឹះស្ថានសាធារណៈរដ្ឋបាល និង សហគ្រាសាធារណៈរបស់រដ្ឋ ដែលនឹងត្រូវតែតាំងជារជ្ជទេយ្យករ រជ្ជទេយ្យកររង ភ្នាក់ងារបើកផ្តល់ និងមន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ ។ ក្នុងនោះ ឯកឧត្តមបានស្នើសុំឱ្យមានការត្រៀមចូលរួមសហការ, គាំទ្រ និងចាត់បញ្ជូន​មន្រ្តីក្នុងតួនាទី និង អ្នកដែលមានសក្តានុពលសម្រាប់តួនាទីពាក់ព័ន្ធជំនាញការងារថវិកានេះ ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាំងនោះ​ ។ ឯកឧត្តមបណ្ឌិតក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ស្តាប់បទឧទ្ទេស នៃវគ្គបណ្តុះបណ្តាល ដើម្បីចាប់យកចំណេះដឹងឱ្យបានជាអតិបរមាសម្រាប់យកទៅ​អនុវត្តក្នុងការដ្ឋានការងារជាក់ស្តែង នៅពេលត្រឡប់ទៅកាន់អង្គភាពរៀងៗខ្លួនវិញ ។

efi-2016-06-27_02