(+855) 23 885 855
+

18

Jul, 2016

យុទ្ធនាការបណ្តុះបណ្តាល និង ពង្រឹងសមត្ថភាពមន្រ្តីរាជការជំនាញមកពីបីខេត្តនាភូមិភាគឦសាន នៅទីរួមខេត្តរតនៈគិរី សម្រាប់អនុវត្តការកែទម្រង់ការគ្រប់ហិរញ្ញវត្ថុសាធារណៈ

By: | Tags: | Comments: 0

ខេត្តរតនៈគិរីៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្តយុទ្ធនាការបើកវគ្គបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាព​​ដល់មន្រ្តីរាជការពិសេស រជ្ជទេយ្យករចំណូល រជ្ជទេយ្យករបុរេប្រទាន និង រជ្ជទេយ្យករបុរេប្រទានរង និង មន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុនៃមន្ទីរ អង្គភាពពាក់ព័ន្ធមកពីខេត្តរតនៈគិរី ខេត្តមណ្ឌលគិរី និង​ ខេត្តស្ទឹងត្រែង ប្រមាណ ១៦២ នាក់ សម្រាប់រួមចំណែកអនុវត្តការកែទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេច​បានជោគ​ជ័យ​ប្រកប​ដោយ​ប្រសិទ្ធភាព និង ចីរភាព ។

          វគ្គបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពនេះ ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនៈគិរី ​ដែលមានរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែ កក្កដា ឆ្នាំ ២០១៦ នៅសណ្ឋាគារ​រតនៈស៊ីធី ទីរួមខេត្តរតនគិរី ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោម​អធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយអគ្គលេខាធិការ អគ្គលេខាធិការរង អគ្គនាយក អគ្គនាយករង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោក លី វីន្ទ អភិបាលរងនៃគណៈអភិបាលខេត្តរតនៈគិរីផងដែរ ។

លោក លី វីន្ទ អភិបាលរង នៃគណៈអភិបាលខេត្តរតនៈគិរី បានមានប្រសាសន៍ថា កន្លងមកគ្រប់មន្ទីរ អង្គភាពនៅជុំវិញខេត្តរតនៈគិរី និងខេត្តដទៃទៀតនៅភូមិភាគឦសាន បាន​ចូលរួមចំណែកយ៉ាងផុលផុសក្នុងការអនុវត្តការកែទម្រង់សំខាន់ៗ និង សម្រេចបានសមិទ្ធផលជាវិជ្ជមានគួរជាទីមោទន ពិសេស សម្រាប់ការអនុវត្តការកែទម្រង់​ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ ។ លោកអភិបាលរងបានគូសបញ្ជាក់ផងដែរថា កន្លងមកខេត្តរតនៈគិរីនៅជួបប្រឈមបញ្ហា​ខ្លះៗ ក្នុងការអនុវត្តការ​កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយសារតែកង្វះធនធានមនុស្ស ដែលមានចំណេះដឹង និង​​បទពិសោធន៍គ្រប់គ្រាន់ ។ ដូច្នេះឯកឧត្តមជឿជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” នេះ ពិតជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មន្ទីរ អង្គភាពជុំវិញសាលាខេត្តរតនៈគិរីក៏ដូចជា ខេត្តមណ្ឌលគិរី និង ខេត្តស្ទឹងត្រែង ​។

ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមបណ្ឌិត  ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់​ចំពោះវិទ្យា​ស្ថានសេដ្ឋកិច្ចនិង​​ហិរញ្ញវត្ថុ ដែលបានអនុវត្តខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់​របស់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុង​​ការសហការរៀបចំ និង អនុវត្តយុទ្ធនាការបណ្តុះបណ្តាល និងកសាងសមត្ថភាពនេះ ក្នុងគោល​បំណង​បង្កើន​ការយល់ដឹង និងពង្រីកសមត្ថភាពថែមទៀតជូនមន្រ្តីរាជការនៃមន្ទីរ អង្គភាពពាក់ព័ន្ធរបស់ខេត្តរតនៈគិរី មណ្ឌលគិរី និង ស្ទឹងត្រែង សម្រាប់ចូលរួមអនុវត្ត​ថវិកាកម្មវិធីពេញលេញ ប្រកប​ដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ភាពគ្រប់ជ្រុងជ្រោយ និងអនុលោមតាមក្រមសីលធម៌វិជ្ជាជីវៈ ជាធរមាន ។

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានបួនដំណាក់កាល និងឈានឡើងជា​ជំហានៗ ឆ្ពោះទៅរក​​​គោល​បំណងជាក់លាក់នៅតាមដំណាក់កាលនីមួយៗ ។​ឯកឧត្តមរដ្ឋបានបន្ថែមថា នៅដំណាក់កាលចាប់ផ្តើម ដើម្បី​ធានាប្រសិ​ទ្ធ​ភា​ព​ ​និងចីរភាព នៃ​​ការអនុវត្តការកែទម្រង់ខាងលើនេះ រាជរដ្ឋាភិបាលបានកំណត់នូវការដ្ឋានការងារធំៗបួនគឺៈ (១).ការងារប្រមូលចំណូល, (២).ការ​ងារ​​​គ្រប់គ្រងការចំណាយ, (៣).ការងារគ្រប់គ្រងនិងដោះស្រាយបំណុលកកស្ទះ និង (៤). ការងារកសាងនិងអភិវឌ្ឍ​​សមត្ថភាពមន្រ្តីរាជការ ។ ក្នុងនោះ ការបណ្តុះបណ្តាលនិងកសាងសមត្ថភាព បានចូល​រួម​​ចំណែកយ៉ាងសកម្ម​ធ្វើឱ្យចលនានៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងមូល ប្រព្រឹត្តទៅប្រកបដោយបុរេសកម្ម និងទទួលជោគ​​ជ័យ​​​ជា​បន្ត​បន្ទាប់ ក្នុង​ដំណាក់​កា​ល​ទី១ និងទី២ ដែលជាមូល​ដ្ឋា​ន​​​ដ៏រឹងមាំ សម្រាប់ការចាប់ផ្តើមអនុវត្តដំណាក់​កាល​​​ទី៣ នៃការកែទម្រង់​ការ​គ្រប់​គ្រ​ង​​ហិ​រ​ញ្ញ​វត្ថុសាធារណៈ ដែលបាន​ប្រកាសជាផ្លូវការនៅថ្ងៃទី២១ មីនា ២០១៦ កន្លងទៅ ដោយមាន​ក្រ​សួ​ង​ស្ថាប័ន​សរុប​​ ២៥ រួមនឹងមន្ទីរ អង្គភាពពាក់ព័ន្ធត្រូវចូលរួមអនុវត្តថវិ​កា​​កម្មវិធី​ពេញ​លេញនេះ ។

ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា នៅឆ្នាំ ២០១៧ ខាងមុខមានក្រសួងស្ថាប័នចំនួន ១១ ថែមទៀត រួមនឹងមន្ទីរ អង្គភាព​ពាក់​ព័ន្ធ ត្រូវ​ចូល​រួម​អនុវត្ត​ការងារនេះ ហើយនៅឆ្នាំ ២០១៨ គ្រប់ក្រសួងស្ថាប័ន និងមន្ទីរ អង្គភាព​​ពាក់ព័ន្ធ ទាំងថ្នាក់​ជាតិ​និងថ្នាក់ក្រោមជាតិ នឹងត្រូវចូលរួមអនុវត្តថវិកាកម្មវិធី​ពេញ​លេញ​ សំដៅ​ជំរុញ​កា​រ​ផ្សារ​ភ្ជាប់​ថវិកាទៅនឹងគោលបំណងគោល​នយោបាយអាទិភាព​ ស្រប​តាមទិស​ដៅ​​​យុទ្ធសាស្រ្ដ​នៃ​កំ​ណែ​​ទម្រង់ប្រព័ន្ធថវិកានៅកម្ពុជាឆ្នាំ ២០១៣-២០២០  ដែលមានគោល​បំណង​ចម្បងគឺប្រែ​​ក្លាយ​ប្រ​ព័​ន្ធ​​ថវិកា​ឱ្យទៅ​ជា “ឧបករណ៍គោលនយោបាយ ” ពិត​​ប្រា​កដ​ក្នុងការវិភាជ​ និងប្រើប្រាស់​​ធន​ធា​ន​ប្រកបដោយ​ប្រ​សិ​ទ្ធ​ភា​ព ​​ និងឆ្លើយតប​ទៅនឹង​​សេចក្តី​​​ត្រូវការ សំណូមពរ និងបំណងប្រាថ្នា​របស់​​ប្រជាជន ។​ ម្យ៉ាងទៀត ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន សាហ៊ីប បានលើកឡើងថា ការអនុវត្តថវិកា​​កម្មវិធីពេញលេញ និង អង្គភាពថវិកា​ តម្រូវឱ្យមាន​កា​រ​កែ​សម្រួល​​រចនាសម្ព័ន្ធគ្រប់គ្រងស្ថាប័ន​ នៃអង្គភាពថវិកា​របស់​​ក្រសួង​​ស្ថាប័​ន​ និង​មន្ទីរ អង្គភាពពាក់ព័ន្ធ​ ។ ការណ៍នេះនាំឱ្យមានការផ្លាស់ប្តូរភារកិច្ចរបស់មន្រ្តីរាជការ បន្ថែមពីលើការផ្លាស់ប្តូរ​មន្រ្តីឬក្រុមមន្រ្តីគ្រប់គ្រងហិរញ្ញវត្ថុ ទៅតាមសេចក្តីត្រូវការនៃការផ្លាស់​ប្តូរ​ថ្នាក់​ដឹកនាំ ដែលអាចកើតមានជាប្រក្រតី។

កត្តាទាំងអស់ខាងលើបញ្ជាក់ថា ការកែទម្រង់គ្រប់​គ្រង​​ហិរញ្ញវត្ថុសាធារណៈ បានមកដល់ចំណុច​របត់​ដ៏​សំ​ខា​ន់​មួយដែលមានវិសាលភាពកាន់តែធំទូលាយ និងស្មុគស្មាញ ដែលតម្រូវឱ្យគ្រប់ក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធត្រូវ​​បង្កើន​ឆ​ន្ទៈ​នៃ​​ភាពម្ចាស់ និងការចូលរួមអនុវត្តកាន់តែបុរេសកម្ម និងខ្លាំង​ក្លា​ជាងមុន និង ត្រូវ​កា​រ​មន្រ្តី​រា​ជ​កា​រ​ដែលមានសមត្ថភាព និង កម្រិតជំនាញ​គ្រប់គ្រាន់ ស័ក្តិសមកាន់តែច្រើនថែមទៀតដើម្បី​ធានាចីរភាព, ប្រសិទ្ធភាព, តម្លាភាព, និងគណនេយ្យភាព​ ប្រកបដោយសីលធម៌វិជ្ជាជីវៈ  ក្នុងការរៀបចំ និងអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា ។ ក្នុងន័យនេះហើយដែលបញ្ជាក់ថា យុទ្ធនាការបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្រ្តីរាជការដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកំពុងអនុវត្តនេះ នឹងត្រូវបន្តឱ្យកាន់តែសកម្ម និងទូលំទូលាយថែមទៀតនៅពេលខាងមុខ ដើម្បីឱ្យមាន​​ធន​ធា​នមនុស្សប្រកបដោយសមត្ថភាពគ្រប់គ្រាន់ និងសមស្រប សម្រាប់បន្តអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និង ចីរភាព

efi_2016-07-18_03_01

efi_2016-07-18_04_01

efi_2016-07-18_05