(+855) 23 885 855
+

8

Aug, 2016

មន្រ្តីរាជការជំនាញហិរញ្ញវត្ថុ មកពីខេត្តកំពង់ចាម, ក្រចេះ និង ត្បូងឃ្មុំ ទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា”

By: | Tags: | Comments: 0

ខេត្តកំពង់ចាមៈ ​​មន្រ្តីរាជការជំនាញហិរញ្ញវត្ថុ ដែលជារជ្ជទេយ្យករចំណូល, រជ្ជទេយ្យករបុរេប្រទាន និងភ្នាក់ងារបើកផ្តល់ នៃមន្ទីរជំនាញ-អង្គភាពពាក់ព័ន្ធ មកពីខេត្តកំពង់ចាម, ក្រចេះ និង​ត្បូងឃ្មុំ ចំនួន ១៦២ នាក់ បានទទួលការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព សម្រាប់អនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា​ ក្នុងក្របខ័ណ្ឌកែ​​ទម្រង់ប្រព័ន្ធថវិកាដែលជាស្នូលដ៏សំខាន់ នៃកម្មវិធីកែទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅដំណាក់កាលទី ៣ ក្នុងគោលដៅផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ។

          វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពនេះ ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ចាម និងប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅសណ្ឋាគារ៧មករា ទីរួមខេត្តកំពង់ចាម។ ពិធីបើកវគ្គបណ្តុះបណ្តាល​នេះបានធ្វើឡើងក្រោម​អធិបតីភាព ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ឯកឧត្តម កៅ សុខអាន  អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាមបានធ្វើរបាយការណ៍អំពីស្ថានភាពភូមិ​សា​ស្រ្ត និង សកម្មភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម ក្រចេះ និង​ត្បូងឃ្មុំ ដោយសង្កត់ធ្ងន់ថា កន្លងមកគ្រប់មន្ទីរ អង្គភាពនៅជុំវិញខេត្តកំពង់ចាម ក៏ដូចជា ខេត្តក្រចេះ និង​ត្បូងឃ្មុំ បាន​ចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និង សម្រេចបានសមិទ្ធផលជាវិជ្ជមានគួរជាទីមោទនៈ ។ ទន្ទឹមនោះ ខេត្តទាំងបីក៏បានចូលរួមយ៉ាងផុលផុសផងដែរ ក្នុងការអនុវត្តការកែទម្រង់​ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ ក៏ប៉ុន្តែនៅជួប​ប​ញ្ហាប្រឈមមួយចំនួន ដោយសារកង្វះធនធានមនុស្សដែលមានសមត្ថភាពជំនាញ និង​​បទពិសោធន៍គ្រប់គ្រាន់ ពិសេស សម្រាប់ការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា ។ ហេតុដូច្នោះ ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានសម្តែងការស្វាគមន៍ និង គូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” នេះ ពិតជាឆ្លើយតបទៅនឹងតម្រូវការ និងទាន់ពេលវេលាសម្រាប់​ខេត្តទាំងបីនេះ ​។

 ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ពេជ្រ សម្បតិ្ត អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់​ចំពោះវិទ្យា​ស្ថានសេដ្ឋកិច្ចនិង​​ហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានពាក់ព័ន្ធ ដែលបានអនុវត្តខ្ជាប់ខ្ជួនតាមគោលការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុង​​ការសហការរៀបចំ និង អនុវត្តកម្មវិធីបណ្តុះបណ្តាល និង កសាងសមត្ថភាព ក្នុងគោល​បំណង​បង្កើន​ការយល់ដឹង និងពង្រីកសមត្ថភាពថែមទៀតជូនមន្រ្តីរាជការនៃមន្ទីរ-អង្គភាពពាក់ព័ន្ធរបស់ខេត្តកំពង់ចាម, ខេត្តក្រចេះ និងខេត្តត្បូងឃុំ សម្រាប់ចូលរួមអនុវត្ត​ថវិកាកម្មវិធីពេញលេញ ប្រកប​ដោយ​ប្រសិទ្ធភាព, តម្លាភាព, គណនេយ្យភាព និង អនុលោមតាមក្រមសីលធម៌វិជ្ជាជីវៈជាធរមាន ។

ឯកឧត្តមអនុរដ្ឋលេខាធិការ ពេជ្រ សម្បត្តិ បានគូសបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានបួនដំណាក់កាល និងឈានឡើងជា​ជំហានៗ ឆ្ពោះទៅរក​​​គោល​បំណងជាក់លាក់នៅតាមដំណាក់កាលនីមួយៗ។​ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានមានប្រសាសន៍ផងថា ទទ្ទឹមនឹងជោគជ័យនៅដំណាក់កាលទី១​ និង ទី២ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក, រាជរដ្ឋាភិបាលបានកត់សម្គាល់ និងទទួលស្គាល់ថា ប្រព័ន្ធថវិការបស់​យើងនៅមិនទាន់សុក្រិតនៅឡើយ ព្រោះនៅមានចំណុចខ្វះចន្លោះខាងក្របខ័ណ្ឌគតិយុត្ត និង យន្តការសម្រាប់អនុវត្តប្រព័ន្ធ ប្រកប​ដោយ​ភាពគ្រប់ជ្រុងជ្រោយ ដែលយើងចាំបាច់ត្រូវបន្តធ្វើសុក្រឹតកម្មថែមទៀត ។ ទន្ទឹមនេះ រចនាសម្ព័ន្ធស្ថាប័ន និងសមត្ថភាពនៃការគ្រប់គ្រង់របស់ក្រសួងស្ថាប័នមួយចំនួន​ ក៏នៅមិនទាន់ត្រូវបានរៀបចំ ឬ អនុវត្តឱ្យមានសង្គតិភាពជាមួយប្រព័ន្ធ​ថវិកាថ្មី តាមទិសដៅនៃកម្មវិធីកែទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅឡើយ ។ លើសពីនេះ សមត្ថភាពធនធានមនុស្សមួយចំនួន ក៏ពុំទាន់គ្រប់គ្រាន់សម្រាប់​បំពេញមុខងារ និង ភារកិច្ចរបស់ខ្លួន ប្រកបដោយផលិតភាព និងប្រសិទ្ធភាព រីឯធនធានមនុស្សមួយចំនួនដែលមានសមត្ថភាព ក៏ពុំទាន់ត្រូវបានចូលកាន់មុខងារ និង ភារកិច្ចដែលសមស្របតាមជំនាញវិជ្ជាជីវៈ និង អស់សក្ដានុពលនៅឡើយ ។

           ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ផ្អែកតាមលទ្ធផលនៃការចរចាថវិកាឆ្នាំ ២០១៦ បញ្ជាក់ថា ថវិកាកម្មវិធីរបស់ក្រសួង ស្ថាប័ន ១០ ត្រូវបានរៀបចំកាន់តែល្អប្រសើរ និងទាន់ពេលវេលា  ក៏ប៉ុន្តែ​​​ក្រសួង ស្ថាប័ន ១៥ ដែលទើបចូលរួមអនុវត្តសាកល្បថវិកាកម្មវិធីពេញលេញនៅឆ្នាំ ២០១៦ នេះ នៅមានបញ្ហាពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធកម្មវិធី និងការកំណត់អង្គភាពថវិកា។ បញ្ហាប្រឈមគឺពាក់ព័ន្ធទៅនឹងសមត្ថភាពរបស់អង្គភាពថវិកានីមួយៗ ។

           ជាមួយនេះ ទន្ទឹមនឹងការអនុវត្តនីតិវិធីអនុវត្តថវិកាកម្មវិធីនេះ ការចាប់ផ្តើមសាកល្បងជាបណ្តើរៗនូវការត្រៀមលក្ខណៈផ្ទេរតួនាទីត្រួតពិនិត្យចំណាយពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទៅដល់អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ ដែលជាអគ្គនាយកដ្ឋាន ឬនាយកដ្ឋានទទួលបន្ទុកហិរញ្ញវត្ថុនៃក្រសួង ស្ថាប័ន ស្រប​ពេលដែលសិទ្ធិអំណាច និង ការទទួលខុសត្រូវក្នុងការចាត់​ចែង​អនុវត្តចំណាយ​ត្រូវបានផ្ទេរជាបណ្តើរៗ ពីអង្គភាព​ទទួលបន្ទុកហិរញ្ញវត្ថុ ទៅអង្គភាពថវិកាផងដែរ ។ ប្រការនេះបញ្ជាក់ថា ការកែទម្រង់ការគ្រប់​គ្រង​​ហិរញ្ញវត្ថុសាធារណៈ ដែលបានមកដល់ចំណុច​របត់​ដ៏​សំ​ខា​ន់​ និង មានវិសាលភាពកាន់តែធំទូលាយ និង ស្មុគស្មាញនេះ ត្រូវការនូវការចូលរួមអនុវត្តប្រកបដោយភាពជាម្ចាស់ និងកាន់តែបុរេសកម្មថែមទៀត ពីគ្រប់ក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ និង ត្រូវ​កា​រ​ធនធានមនុស្ស​ដែលមានសមត្ថភាព និងកម្រិតជំនាញ​គ្រប់គ្រាន់ ស័ក្តិសមកាន់តែច្រើនឡើង ដើម្បី​ធានាចីរភាព, ប្រសិទ្ធភាព និង គណនេយ្យភាព​ ប្រកបដោយសីលធម៌វិជ្ជាជីវៈ  ក្នុងការអនុវត្តថវិកាកម្មវិធីនិងអង្គភាពថវិកា ។

              ក្នុងន័យនេះ ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាន និងកំពុងបន្តអនុវត្តយុទ្ធនាការបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្រ្តីរាជការកាន់តែសកម្មនិងទូលំទូលាយថែមទៀត សម្រាប់អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និង ចីរភាព ។ ជាក់សែ្តងក្នុងឆមាសទី១ ឆ្នាំ ២០១៦ នេះ វិទ្យាស្ថានសេដ្ឋ្កកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអនុវត្តការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីរាជការលើជំនាញសម្រាប់អនុវត្តថវិកាកម្មវិធីបានចំនួន ១៨ វគ្គ និង មានសិក្ខាកាមជាមន្រ្តីរាជការ និង ថ្នាក់ដឹកនាំជំនាញ ពីក្រសួងស្ថាប័នសរុបចំនួន ១៦៦២ នាក់ បានចូលរៀនសូត្រ និងផ្លាស់ប្តូរបទពិសោធន៏ទាំងនៅក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។

              ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសំណូមពរឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់បទឧទ្ទេសរបស់គ្រូឧទ្ទេស នៃវគ្គបណ្តុះបណ្តាលនេះ និង ត្រូវចូលរួមលើកសំណួរ ចោទឆ្លើយ, ពិភាក្សា និង ផ្លាស់ប្តូរគំនិតយោបល់ឱ្យ​បានផុសផុល ដើម្បីចាប់យកចំណេះដឹង និង ចំណេះធ្វើឱ្យបានជាអតិបរមាសម្រាប់យកទៅ​អនុវត្តក្នុងការដ្ឋានការងារ នៅពេលត្រឡប់ទៅកាន់មន្ទីរ-អង្គភាពរៀងៗខ្លួនវិញ ពិសេសគឺដើម្បីចូលរួមអនុវត្តថវិកាកម្មវិធី​ និងអង្គភាពថវិកាឱ្យសម្រេចបានជោគជ័យ ក្នុងការជំរុញ​កា​រ​ផ្សារ​ភ្ជាប់​ ថវិកាទៅនឹងគោលបំណងគោល​នយោបាយអាទិភាព​ ស្រប​តាមទិស​ដៅ​​​យុទ្ធសាស្រ្ដ​នៃ​កំ​ណែ​​ទម្រង់ប្រព័ន្ធថវិកានៅកម្ពុជាឆ្នាំ ២០១៣-២០២០  ដែលចង់ប្រែ​​ក្លាយ​ប្រ​ព័​ន្ធ​​ថវិកា​ឱ្យទៅ​ជា ឧបករណ៍គោលនយោបាយ ពិត​​ប្រា​កដ​ក្នុងការវិភាជ​ និងប្រើប្រាស់​​ធន​ធា​ន​ប្រកបដោយ​ប្រសិទ្ធភាព និង ឆ្លើយតប​ទៅនឹង​​សេចក្តី​​​ត្រូវការ សំណូមពរ និងបំណងប្រាថ្នា​របស់​​ប្រជាជន ។​

efi-2016-08-08_02

efi-2016-08-08_03