17

Oct, 2016

អភិបាលរង រាជធានី-ខេត្ត ទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពការងារ ជាមួយវិស័យឯកជន

By: | Tags: | Comments: 0

(រាជធានីភ្នំពេញ)៖ អភិបាលរាជធានី-ខេត្តទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ បានទទួលនូវការបណ្តុះបណ្តាលក្រោមប្រធានបទ «ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន» ដោយដកស្រង់បទពិសោធន៍តាមប្រទេសចិន។ ការបណ្តុះបណ្តាលនេះធ្វើឡើង ក្នុងបំណងពង្រឹងសមត្ថភាព របស់អភិបាលរងរាជធានី ខេត្តនេះ ឲ្យធ្វើការងារជាមួយវិស័យឯកជនបានកាន់តែល្អប្រសើរ។

សិក្ខាសាលាបណ្តុះណ្តាលបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីលោកបណ្ឌិត លី កុគីង ប្រធានវិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីភិច ទីក្រុងសៀងហៃ នៃសាធារណៈរដ្ឋប្រជាមានិតចិន និងលោកបណ្ឌិត  ផេង រុនជុង នាយកវិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីភិច ផងដែរ។

លោកបណ្ឌិត លី កុគីង បានរលើកឡើងថា កម្មវិធីបណ្តុះបណ្តាលនេះ គឺសំដៅចែករំលែក និង ផ្លាស់ប្តូរចំណេះដឹង និង បទពិសោធន៍ ឱ្យគ្នារទៅវិញទៅមក វាងកម្ពុជា និង ចិន លើការអនុវត្តក្នុងភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន។ លោកបណ្ឌិត លី កុគីង បានគូសបញ្ជាក់ថា ការរីកចម្រើនរបស់ទីក្រុងសៀងហៃរហូតមកដល់សព្វថ្ងៃនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ពី ទំនាក់ទំនងភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន ដែលតាមរយៈយន្តការនេះ បានបង្កើតឲ្យមាន (១). ប្រភពមូលនិធិសម្រាប់ការអភិវឌ្ឍទីក្រុងខ្នាតធំ, (២).ស្ថាប័នវិនិយោគ អភិវឌ្ឍ និង សាងសង់ហេដ្ឋារចនាសម្ព័ន្ធ, (៣). ការបង្កើនទីផ្សារប្រកួតប្រជែងនៅក្នុងវិស័យថាមពលនៅតំបន់ទីក្រុង, (៤). យន្តការកិច្ចលទ្ធកម្មសាធារណៈដ៏មានប្រសិទ្ធភាពនៅក្នុងសេវាសាធារណៈ, (៥). យន្តការកែសម្រួលតម្លៃក្នុងការផ្តល់សេវាសាធារណៈ និង (៦). យន្តការការគ្រប់គ្រងប្រកបដោយជំនាញវិជ្ជាជីវៈ និង បច្ចេកវិទ្យាកម្រិតខ្ពស់ដើម្បីបង្កើនកម្រិតគុណភាពសេវាសាធារណៈ ។

បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីភិច ដែលបានសការជាមួយ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជូនដល់មន្រ្តីរាជការកម្ពុជា នៅពេលនេះ ។

លោកបានលើកឡើងថា «ប្រទេសចិននិងកម្ពុជា មានចំណងមិត្តភាព និង សាមគ្គីភាព ជាប្រពៃណីដ៏យូរលង់មកហើយ ។ លើសពីនេះ ក្រោមមគ្គទ្ទេសភាពដ៏ឈ្លាសវៃ និង ប៉ិនប្រសប់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសទាំងពីរបានឈានដល់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ លើគ្រប់វិស័យ ទាំងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និង សង្គម »

ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ជាក់ស្តែង ចំពោះការបណ្តុះបណ្តាល និង អភិវឌ្ឍធនធានមនុស្ស ប្រទេសចិនបាននិងកំពុងផ្តល់ការគាំទ្រយ៉ាងសកម្ម តាមរយៈកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សា ដែលផ្តល់ឱកាសឲ្យមន្រ្តីរាជការកម្ពុជាជាច្រើន បានទៅស្វែងយល់ និង ដកស្រង់បទពិសោធន៍ នៅប្រទេសចិន ។ ក្នុងនោះតាំងពីឆ្នាំ២០១១ មក វិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍអាស៊ី-ប៉ាស៊ីភិច បានសហការជិតស្និទ្ធិជាមួយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការបណ្តុះបណ្តាល និង កសាងសមត្ថភាព ជូនមន្រ្តីរាជការកម្ពុជា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លើមុខជំនាញពាក់ព័ន្ធការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយទទួលបានលទ្ធលផលជាវិជ្ជមាន គួរឱ្យកត់សម្គាល់ និង កំពុងបន្តរហូតមកដល់សព្វថ្ងៃ ដែលជាក់ស្តែង គឺយើងកំពុងរួមគ្នា បើកវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជនៈ បទពិសោធន៍ប្រទេសចិន ”  ជូនថ្នាក់ដឹកនាំជាអភិបាលរង រាជធានី-ខេត្ត នៅពេលនេះ ជានិម្មិតរូប និង ភស្តុតាងសម្រាប់ ។

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន សាហ៊ីប បានលើកឡើងដែរថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំឯកសារគោលនយោបាយស្តីពីការអភិវឌ្ឍយន្តការភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន (Public-Private Partnership) សម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ២០១៦-២០២០ ។ តាមរយៈឯកសារគោលនយោបាយនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីការបេ្តជ្ញាចិត្ត និង ការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការបន្តអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដោយជំរុញការចូលរួមវិនិយោគពីវិស័យឯកជន និង ស្ថាប័នហិរញ្ញវត្ថុ ក្នុងការស្តារ, កសាង, និង ធ្វើប្រតិបត្តិការថែទំា ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលវែង និង បង្កើនសមត្ថភាពប្រកួតប្រជៃងរបស់កម្ពុជា ទំាងក្នុងតំបន់ និងសកលលោក ។

ផ្អែកតាមឯកសារគោលនយោបាយនេះបញ្ជាក់ថា កម្ពុជាកំពុងមានតម្រូវការស្វែងយល់ថែមទៀត នូវចំណេះដឹងពិសោធន៍ និង ឧត្តមានុវត្តន៍អន្តរជាតិ តាមរយៈការបណ្តុះបណ្តាល និង ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ពាក់ភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន សម្រាប់រួមចំណែកជំរុញដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។ ក្នុងន័យនេះ ការបណ្តុះបណ្តាល និង កសាងសមត្ថភាពធនធានមនុស្ស លើយន្តការគ្រប់គ្រង រៀបចំ និងប្រតិបត្តិលើភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន គឺជាការងារចាំបាច់មួយដើម្បីឤចធានាបាននូវចីរភាព និង ប្រសិទ្ធភាព នៃការអនុវត្តកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល ដូចជា ការកែទម្រង់រដ្ឋបាលសាធារណៈ និង ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាដើម ។

ក្នុងស្មារតីនេះ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលស្តីពី «ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន: បទពិសោធន៍ប្រទេសចិន» នៅពេលនេះ ពិតជាមានសារសំខាន់ ឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែងសម្រាប់ការអនុវត្តនៅកម្ពុជាយើង ។ ព្រោះថា វគ្គសិក្សានេះ បានផ្តោតទៅលើប្រធានបទសំខាន់ៗរួមមានៈ ទិដ្ឋភាពរួមនៃភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន, ការអនុវត្តភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជននៅប្រទេសចិន, បទពិសោធន៍នៃការអនុវត្តគម្រោងក្នុងភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជនជាអន្តរជាតិ, និង ទំនាក់ទំនងនៃគោលនយោបាយសារពើពន្ធជាមួយនឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជននៅប្រទេសចិន ជាដើម ដែលកំពុងជាតម្រូវការរបស់កម្ពុជាយើង ។

លោករដ្ឋលេខាធិការ បានផ្តាំផ្ញើនិងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ចូលរួមឱ្យបានទៀងទាត់ ព្រមទាំងចូលរួមពិភាក្សាឱ្យបានសកម្ម ផុលផុស ដើម្បីប្រមូលផ្តុំបទពិសោធន៍ និងមេរៀនល្អៗ សំដៅពូតផ្តុំជាធាតុចូល សម្រាប់តម្រង់ទិសការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព នៅពេលត្រឡប់ទៅកាន់កនែ្លងការងាររៀងៗខ្លួនវិញ ក្នុងគោលដៅរួមចំណែកឈានទៅ​សម្រេចគោលដៅនៃ យុទ្ធសាស្ត្រចតុកោណ  ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដើម្បីកំណើន ការងារ សមធម៌ និង ប្រសិទ្ធភាពនៅកម្ពុជា៕

photo398816284012292068photo398816284012292067photo463112296620731395photo398816284012292066