(+855) 23 885 855
+

1

Nov, 2016

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង គោលនយោបាយអាកាសធាតុ” ជូនមន្រ្តីរាជការជំនាញរៀបចំផែនការ និង ថវិកាពីក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ១០

By: | Tags: | Comments: 0

(រាជធានីភ្នំពេញ): នាថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅសណ្ឋាគារសាន់វ៉េ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំបើកសិក្ខាសាលាបណ្តុះបណ្តាលមួយស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង គោលនយោបាយអាកាសធាតុ” ជូនមន្រ្តីជំនាញរៀបចំផែនការ និង ថវិកា ចំនួន ៣០ រូប មកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពីឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន, លោកស្រី Mari Ahlbin ទីប្រឹក្សាទទួលបន្ទុកផ្នែកបរិស្ថាននិងការប្រែប្រួលអាកាសធាតុរបស់ប្រទេសស៊ុយអ៊ែដ, លោក្រសី Anna Guittet ទីប្រឹក្សាទទួលបន្ទុកអភិបាលកិច្ច និងការប្រែប្រួលអាកាសធាតុ នៃស្ថានទូតស៊ុយអ៊ែដប្រចាំនៅប្រទេសកម្ពុជា, លោក Angus MACKAY នាយកគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍បៃតងនិងការប្រែប្រួលអាកាសធាតុ នៃវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវ នៃអង្គការសហប្រជាជាតិ (UNITAR) និង លោក Julien Chevillard នាយកគ្រប់គ្រងមូលនិធិនៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ផងដែរ ។

        ថ្លែងក្នុងឱកាសនោះ លោក​ Angus MACKAY បានលើកឡើងថា ការផ្លាស់ប្តូរអាកាសធាតុប្រព្រឹត្តទៅក្នុងទម្រង់ជាការកើនឡើងកម្តៅ ការផ្លាស់ប្តូរកំណកអាកាស និងការកើនឡើងកម្ពស់ទឹកសមុទ្រ ហើយកំពុងជះឥទ្ធិពលជាអវិជ្ជមាន​ដល់វិស័យសេដ្ឋកិច្ចគន្លឹះរបស់បណ្តាប្រទេសក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក ។ ក្នុងន័យនេះ កម្មវិធីបណ្តុះបណ្តាលរបស់យើងនៅពេលនេះគឺជាឧបករណ៍សំខាន់មួយ សម្រាប់ចែករំលែកចំណេះដឹង និងបទពិសោធន៍ លើការអនុវត្តគោលន​យោ​បាយអាកាសធាតុ ផ្សារភ្ជាប់នឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង វិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវ នៃអង្គការសហប្រជាតិ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលដូច្នេះ ជូនមន្រ្តីរាជការកម្ពុជា បានចាប់ផ្តើមនៅឆ្នាំ២០១៥ និង មានវគ្គសិក្សាសរុបចំនួន ៤ ត្រូវអនុវត្ត ហើយលើកនេះគឺជាវគ្គចុងក្រោយ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលទី១ (២០១៥-២០១៦) ។ លោករំពឹងថាវគ្គបណ្តុះបណ្តាលនេះ នឹងទទួលបានទទួលលទ្ធផលល្អដូចវគ្គមុនៗដែរ ។ ទន្ទឹមនេះ ឯកឧត្តម ទិន ពន្លក ​អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ​នៃក្រសួងបរិស្ថាន ក៏បាន​គូសបញ្ជាក់ផងដែរ​ថា វគ្គបណ្តុះបណ្តាលថ្ងៃនេះ​ នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការកសាងសមត្ថភាពសម្រាបចាប់យកមូលនិធិអាកាសធាតុ ដែលមិនត្រឹមតែពីថវិកាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលទ្ធភាពអាចឈានទៅទទួលបានថវិកាពីប្រភពដៃគូអភិវឌ្ឍន៍ទៀត​ផង ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ថា បច្ចុប្បន្ន “ការប្រែប្រួលអាកាសធាតុ” បានបង្កហានិភ័យកាន់តែធ្ងន់ធ្ងរដល់មនុស្សជាតិ ។ បញ្ហានេះបានក្លាយជាប្រធានបទអាទិភាពមួយ ដែល​ពិភពលោកកំពុងព្រួយបារម្ភ និង​យក​ចិត្តទុកដាក់ ។ ក្នុងបរិការណ៍នេះ តំបន់អាស៊ីអាគ្នេយ៍​ក៏បាននិងកំពុងជួបប្រទះនូវការគំរាម​ពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុកាន់តែច្រើន​ឡើងៗ ដែលធ្វើឱ្យបាត់បង់ជីវិតមនុស្ស សត្វ ខូចខាតទ្រព្យសម្បត្តិ ធនធានធម្មជាតិ និង ថែម​​ទាំងធ្វើឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាច្រើនទៀតផង ។ ជាក់ស្តែង ប្រទេសកម្ពុជា បាននិងកំពុងជួបប្រឈមធ្ងន់ធ្ងរនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ និង​បាតុភូតខ្សល់កន្រ្តាក់ ជាដើម ។ល។ ដែលបានកើតឡើងជារៀងរាល់ឆ្នាំ ក្នុងរយៈពេលជាង ១០ ឆ្នាំ ចុងក្រោយនេះ ។ គ្រោះមហន្តរាយទាំងនោះ បានធ្វើឱ្យបាត់បង់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិរបស់ប្រជាជន និង បានបង្កការខូចខាតធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែល​​ធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរថា ជាការពិត ក្រោយពីបានផ្តល់សច្ចាប័នលើអនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិស្តីពី “ការប្រែប្រួលអាកាសធាតុ” នៅឆ្នាំ ១៩៩៦ មក រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយសហគមន៍ អន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលទាកទងនឹងការប្រែប្រួលអាកាសធាតុ ។ ជាក់ស្តែងនៅឆ្នាំ ២០១៣ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣” ហើយថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចដាក់បញ្ហានៃការប្រែប្រួលអាកាសធាតុនេះ ទៅក្នុងសារាចរណែនាំស្តីពីការរៀបចំថវិកាសម្រាប់ឆ្នាំ ២០១៧ ទៀតផង ។ ការណ៍នេះ គឺឆ្លុះបញ្ចាំងពីការត្រៀមលក្ខណៈសម្បត្តិ, ឆន្ទៈនយោបាយ និង ការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយ ក៏ដូចជា ការបន្ស៊ាំទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ មកលើដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ការ​ចូ​លរួមចំណែកជាមួយសហគមន៍អន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងជា​សកល ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលកាសធាតុ ។ ទន្ទឹមនោះ កម្ពុជាក៏កំពុងមានតម្រូវការថែមទៀតក្នុងការស្វែងយល់នូវចំណេះ​​ដឹង ពិសោធន៍ និង ឧត្តមានុវត្តន៍អន្តរជាតិ សម្រាប់​អនុវត្តការងារខាងលើនេះ ឱ្យបានជោគជ័យ និងរួមចំណែកជួយជំរុញដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងបរិការណ៍នៃការប្រែប្រួលអាកាសធាតុជាសកលនេះ ។

ក្នុងស្មារតីនេះ ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា វគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង គោលនយោបាយអាកាសធាតុ” នៅពេលនេះ ពិតជាមានសារសំខាន់ និងឆ្លើយតបទៅនឹងតម្រូវការ ព្រោះថា គ្រប់ប្រធានបទសុទ្ធតែមានសារសំខាន់សម្រាប់ការអនុវត្តនៅក្នុងប្រទេសយើង ។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខា​កាមទាំងអស់ ឱ្យយកចិត្តទុក​ដាក់ចូលរួមនូវគ្រប់បទឧទ្ទេស ព្រមទាំងត្រូវចូលរួមពិភាក្សា ផ្លាស់ប្តូរគំនិតយោបល់ ដើម្បីចាប់យ​ក​ចំណេះដឹង បទពិសោធន៍ និងមេរៀនល្អៗ សម្រាប់ជាធាតុចូលក្នុងការអនុវត្តការងារឱ្យកាន់​តែ​​មានប្រសិទ្ធភាព នៅពេលត្រឡប់​​ទៅកាន់កនែ្លង​ការងាររៀងៗខ្លួនវិញ ក្នុងគោលបំណងឈានទៅសម្រេចគោលដៅនៃ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដើម្បី កំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព នៅកម្ពុជា ។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប ក៏បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ផងដែរចំពោះប្រទេសស៊ុយ​​អ៊ែដ, អង្គការ UNDP និង មូលនិធិនៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដែលបានបានសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការគាំទ្រដល់កិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវ នៃអង្គការសហប្រជាជាតិ និង វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញវ្ញត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំវគ្គសិក្សាដ៏មានសារសំខាន់នេះ និង ពេលកន្លងមក​ព្រមទាំងបានលើកទឹកចិត្តដល់ស្ថាប័នបណ្តុះបណ្តាលទាំងពីរឱ្យបន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួនថែមទៀត នៅពេលអនាគត សំដៅចូលរួមចំណែកដល់ការកសាង និង អភិវឌ្ឍសមត្ថភាពធនធានមនុស្ស ក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគោលនយោ​បាយអាកាសធាតុនៅកម្ពុជា ។

 IMG_3613_01Group Photo