(+855) 23 885 855
+

28

Nov, 2016

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៖ ការបណ្តុះបណ្តាល និង កសាងសមត្ថភាព មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុលើការរៀបចំ និង នីតិវិធីអនុវត្តថវិកាកម្មវិធី គឺជាកិច្ចការចាំបាច់សម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

By: | Tags: | Comments: 0

(រាជធានីភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ បានលើកឡើងថា ការបណ្តុះ​បណ្តាល និង កសាងសមត្ថភាពលើ ការរៀបចំ និង ​នីតិវិធីអនុវត្តថវិកាកម្មវិធី ​គឺ​ជា​កិច្ចការ​ចាំបាច់ ដើម្បីពង្រឹង ពង្រីក​សមត្ថភាព និង លើកកម្ពស់​ការយល់ដឹង​បន្ថែមទៀត​ដល់ក្រុមមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ សម្រាប់​រួមចំណែកដល់ការ​បំពេញ​ភារ​កិច្ច ក្នុងការត្រួតពិនិត្យហិរញ្ញវត្ថុឱ្យ​កាន់តែមាន​ប្រសិទ្ធភាព និងប្រកបដោយក្រមសីល​ធម៌​វិជ្ជា​ជីវៈ ជាពិសេស​ សម្រាប់​​ចូលរួម​ចំណែក​​អនុវត្ត​ការកែ​ទម្រង់​​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ នៅក្នុង​ដំណាក់​​​កាល​ទី ៣ ឱ្យសម្រេចបាន​ជោគ​ជ័យ​​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ក្នុងគោលដៅបង្កើនការផ្សារភ្ជាប់រវាងថវិកាទៅនឹងគោលន​យោបាយ​អាទិភាពរបស់​រាជរដ្ឋា​ភិ​បា​ល សម្រាប់កាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។

ការលើកឡើងបែបនេះ គឺត្រូវបានធ្វើឡើងនៅព្រឹក​ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ក្នុងពិធីបើក​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី “ការរៀបចំ និង នីតិវិធីអនុវត្តថវិកាកម្មវិធី” ដែលត្រូវបានសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និងអគ្គនាយ​កដ្ឋានថវិកា រួម​នឹង​អគ្គនាយកដ្ឋានពាក់ព័ន្ធ សម្រាប់ផ្តល់ជូនក្រុមមន្ដ្រី​ត្រួត​ពិនិត្យហិរញ្ញវត្ថុ​ចំនួន ៧៦ រូបមក​ពី​នា​យកដ្ឋានហិរញ្ញកិច្ច នៃអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ ដោយមានការគាំទ្រខាងថវិកា​ពី​អង្គការ UNICEF ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ត្រូវបា​ន​​​​​រៀបចំឡើងនៅសណ្ឋាគារភ្នំពេញ ក្រោម​អធិ​បតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និង មានការចូលរួមពី​ឯកឧត្តម​អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និង មន្រ្តីជំនាញពាក់ព័ន្ធ​ផងដែរ ។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ការអនុវត្ត​ថវិកាកម្មវិធី​ពេញលេញ​សាក​ល្ប​ង​នៅកម្ពុជា គឺត្រូវបានចាប់ផ្តើមឡើងនៅឆ្នាំ ២០១៥ កន្លងទៅ ជាមួយនឹង​ក្រសួង​ចំនួន ១០ រួមនឹងអង្គភាពជំនាញ​ពាក់​ព័ន្ធ​ក្រោម​ឱវាទ ។ អាស្រ័យហេតុនេះ យើងពិតជានៅមានចំណុច និង ការងារជាច្រើនដែលចាំបាច់ ត្រូវបន្តស្វែងយល់ និង ត្រូវ​អនុវត្តជាបណ្តើរផង និង រៀនសូត្របណ្តើរផង នៅលើកំណាត់ផ្លូវនៃការកែទម្រង់ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ ដែល​កំពុងមានចលនការឆ្ពោះទៅមុខជាជំហានៗ ដោយស្វាហាប់​ ជាមួយ​នឹងសមិទ្ធផលផ្លែផ្កាជាវិជ្ជមាន​ជាបន្ត​បន្ទាប់ ពោលគឺ​ការ​កសាងបាននូវភាព​អាចទុកចិត្តបាន​នៃ​ថវិកា នៅដំណាក់កាលទី១ និង គណនេយ្យភាពហិរញ្ញវត្ថុ នៅក្នុងដំណាក់កាល ទី២ និងកំពុងឈានទៅរកការបង្កើននូវការផ្សារ​ភ្ជាប់​រវាង​ថវិកា​​​​ទៅនឹងគោលនយោបាយជាអាទិភាព​របស់​​រាជរដ្ឋា​​ភិបាល នៅក្នុងដំណាក់កាលទី ៣ នៃការកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ។​

ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ក៏បានបញ្ជាក់ផងដែរថា ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ បានផ្តល់​ការ​យក​ចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគន្លឹះ​ដើម្បី​សម្រេច​ជោគ​ជ័យ​ ក្នុងការអនុវត្តការកែទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាក់ស្តែងនៅឆ្នាំ ២០១៥ កន្លងមក ក្នុងក្របខ័ណ្ឌនៃ​ការ​​​អនុវត្តថវិកាកម្មវិធីនិងអង្គភាពថវិកា មានវគ្គបណ្តុះបណ្តាលជាច្រើន ត្រូវបាន​រៀប​ចំ​ឡើងជូនដល់ថ្នាក់ដឹកនាំ និង មន្ត្រី​ជំនាញនៃអង្គភាពថវិកា​​របស់​ក្រសួង ស្ថាប័ន និងមន្ទីរជំនាញក្រោមឱវាទ ដែលបានចូលរួម​អនុវត្ត​​សាកល្បងថវិកា​កម្ម​វិធី​ពេញលេញ ។ លើសពីនេះ គិតត្រឹមខែ តុលា ឆ្នាំ ២០១៦ នេះ មានវគ្គបណ្តុះបណ្តាលជំនាញ​ចាំបាច់​ចំនួន ៣៦ វគ្គ ថែម​ទៀត ត្រូវបានរៀបចំឡើងជូនមន្រ្តីរាជការ និងថ្នាក់ដឹក​នាំ​​ជំនាញ​នៃអង្គភាពថវិការបស់​ក្រសួង ស្ថាប័ន និង​អង្គភាព​ពាក់​ព័ន្ធ សម្រាប់​ចូល​រួមអនុវត្តសាកល្បងថវិកាកម្ម​វិធី​​ និងមានសិក្ខាកាម​សរុប​ចំនួន ២៩១៤នាក់ បានចូលរួមក្នុង​វគ្គបណ្តុះ​បណ្តា​ល​ទាំងនោះ ។

ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការបានបន្ថែមថា ផ្អែកតាមលទ្ធផលនៃការអនុវត្តនៅឆមាសទី១សម្រាប់ឆ្នាំ២០១៦ បញ្ជាក់ថា ការអនុវត្តថវិកាកម្មវិធីរបស់ក្រសួង ស្ថាប័នដែលបានចូលរួម​អនុវត្ត​ថវិកាកម្មវិធីនៅឆ្នាំ ២០១៥ ត្រូវ​បានប្រព្រឹត្ត​ទៅ​កាន់តែល្អប្រសើរ និងទាន់ពេលវេលា ។ ក៏ប៉ុន្តែចំពោះក្រសួង ស្ថាប័ន ដែល​ទើប​ចូលរួមអនុវត្តសាកល្បង​ថវិកាកម្មវិធី​នៅ​ឆ្នាំ២០១៦ នេះ នៅមានបញ្ហាប្រឈមខ្លះៗពាក់ព័ន្ធនឹងការរៀបចំ និងអនុវត្ត​ថវិកាកម្មវិធី និងអង្គភាពថវិកា ។ បញ្ហា​ប្រ​ឈ​ម​​​​ទាំងនោះ​គឺពាក់ព័ន្ធទៅនឹងសមត្ថភាពរបស់អង្គភាពថវិកានីមួយៗ ។ ហេតុដូច្នេះហើយ ទើបក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានបន្តយកចិត្តទុកដាក់ជាអាទិភាពលើការកសាងសមត្ថភាពថែមទៀត ជូនមន្រ្តីរាជការរបស់​ក្រសួង​​​​ស្ថាប័ន​ដែលត្រូវចូ​ល​រួម​អនុវត្តថវិកាកម្មវិធី និង​អង្គភាពដ៏មានសារ:សំខាន់នេះ ។

ក្នុងស្មារតីនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា វគ្គបណ្តុះបណ្តាលរបស់យើងនៅពេលនេះ ពិត​ជា​ត្រូវ​បានរៀបចំឡើងទាន់ពេលវេលា ចំនឹងសេចក្តីត្រូវការ សម្រាប់ជួយបង្កើនសមត្ថភាព និង លើកកម្ពស់ការយល់ដឹងជូនដល់​ក្រុមមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុនៃនាយកដ្ឋានហិរញ្ញកិច្ច នៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិសេស សម្រាប់ការងាររៀបចំ និង ត្រួតពិនិត្យការអនុវត្តថវិកាមុនពេលចំណាយ ដែលនឹងអាចរួមចំណែកកាត់បន្ថយហានិភ័យ នៅ​ពេល​អនុវត្តគម្រោងកម្មវិធី អនុកម្មវិធី ចង្កោមសកម្មភាព និងសកម្មភាពប្រចាំឆ្នាំដែលបានគ្រោងទុក ។

          ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ សូមខិតខំយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់នូវគ្រប់​បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាលនៅពេលនោះ ព្រមទាំងត្រូវ​ចូល​រួម​ពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និង បទពិសោធន៍ ប្រកបដោយលក្ខណៈបុរសកម្ម ដើម្បីស្វែងយល់​ និង​ចាប់​យកចំណុចគន្លឹះសម្រាប់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព នៅពេលត្រឡប់ទៅកាន់ការដ្ឋានការងារ នៅតាមអង្គភាព​របស់​​​ខ្លួន​វិញ ។ ជាមួយនោះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានរវាយតម្លៃខ្ពស់ផងដែរចំពោះ វិទ្យាស្ថាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង ​អគ្គនាយក​ដ្ឋានថវិកា ព្រមទាំងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបាន​សហការ​​​ក្នុង​ការរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ ដើម្បីពង្រឹង ពង្រីកសមត្ថភាព និង លើកកម្ពស់​ការយល់ដឹង​បន្ថែមទៀត​ដល់ក្រុមមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់​រួមចំណែកដល់ការ​បំពេញ​ភារ​កិច្ច និងពង្រឹងសម្ថភាព ក្នុងការត្រួតពិនិត្យឱ្យ​កាន់តែមាន​ប្រសិទ្ធភាព និង ប្រកបដោយក្រមសីល​ធម៌​វិជ្ជា​ជីវៈ ពិសេស​ ក្នុង​ការ​ចូលរួម​ចំណែក​​អនុវត្ត​ការកែ​ទម្រង់​​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ នៅក្នុង​ដំណាក់​​​កាល​ទី ៣ ប្រកបដោយប្រសិទ្ធភាព និង​សម្រេចបានជោគជ័យ ។efi-2016-11-28_0efi-2016-11-28_1efi-2016-11-28_2efi-2016-11-28_3efi-2016-11-28_4