(+855) 23 885 855
+

20

Dec, 2016

មន្រ្តីក្រុមលទ្ធកម្មនៃអង្គភាពថវិកាថ្នាក់មូលដ្ឋានចំនួន ១៥០ នាក់ បានទទួលការបណ្តុះបណ្តាលអំពី “វិធាននិងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ” នៅសណ្ឋាគារភ្នំពេញ

By: | Tags: | Comments: 0

(ភ្នំពេញ): ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ បានលើកឡើងថា ការបណ្តុះ​បណ្តាលអំពីវិធាននិងបទប្បញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ ជូនមន្រ្តីក្រុមលទ្ធកម្មនៃអង្គភាពថវិកាថ្នាក់​មូលដ្ឋានចំនួន ១៥០ នាក់នៅពេលនេះ ​គឺ​ជា​ការងារ​ចាំបាច់ ដើម្បីពង្រឹងពង្រីក​សមត្ថភាព និង លើកកម្ពស់​ការយល់ដឹង​ដល់មន្រ្តីក្រុម​លទ្ធកម្ម​ សម្រាប់​​ចូលរួម​ចំណែក​​អនុវត្ត​ការកែ​ទម្រង់​​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ នៅក្នុង​ដំណាក់​​​កាល​ទី ៣ ឱ្យសម្រេចបាន​ជោគ​​ជ័យ​​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ក្នុងគោលដៅបង្កើនការផ្សារ​ភ្ជាប់រវាងថវិកា​ទៅ​នឹង​គោលន​យោបាយជា​អាទិភាពរបស់​រាជរដ្ឋា​ភិ​បា​ល សម្រាប់កាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។

ការលើកឡើងបែបនេះ គឺត្រូវបានធ្វើឡើងនៅព្រឹក​ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៦ ក្នុងពិធីបើក​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី “វិធាននិងបទប្បញ្ញតិ្តស្ដីពីលទ្ធកម្មសាធារណៈ” ដែលត្រូវបានសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និងអគ្គនាយ​កដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ផ្តល់ជូនមន្ត្រីក្រុមលទ្ធកម្មនៃអង្គភាព​ថវិកា​​ថ្នាក់មូលដ្ឋាន ដែលជាមន្ទីរជំនាញមក​ពីរាជធានី ខេត្ត ក្រោមឱវាទក្រសួងរ៉ែនិងថាមពល ក្រសួង​ឧស្សាហកម្ម​និងសិប្បកម្ម និងក្រសួងមុខងារសាធារណៈ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ត្រូវបា​ន​​​​​រៀបចំឡើងនៅសណ្ឋាគារភ្នំពេញ ក្រោម​អធិ​បតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និង មានការចូលរួមពី​ឯកឧត្តម​អគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និង នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​ផងដែរ ។ វគ្គបណ្ដុះ​បណ្ដាលនេះ​ មានរយៈពេល ៤ ថ្ងៃ គឺពីថ្ងៃទី​ ២០ ដល់ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៦ ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ឆ្នាំនេះគឺជាឆ្នាំទី២ នៃការអនុវត្តថវិកា​កម្ម​វិធី​ពេញលេញសាកល្បង ដែលបានចាប់ផ្ដើមដំបូងនៅឆ្នាំ ២០១៥ កន្លង​ទៅ​ ដោយ​មាន​ក្រសួងស្ថាប័នចំនួន ១០ ត្រូវបាន​ដាក់​​​​ឱ្យ​អនុវត្ត​ ហើយនៅឆ្នាំ ២០១៦ នេះ យើងមាន​ក្រសួង ស្ថាប័នសរុបចំនួន ២៥ បាន​​និងកំពុងចូលរួមអនុវត្ត​ថវិកា​កម្ម​វិធីពេញលេញសាកល្បង ។ នៅឆ្នាំ ២០១៧ ខាងមុខ រាជរដ្ឋាភិបាលគ្រោង​នឹង​​អនុញ្ញាតឱ្យក្រសួង ស្ថាប័នចំនួន ១១ ថែម​ទៀត រួមនឹងអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ​ ចូលរួមអនុវត្តថវិកាកម្មវិធីពេញ​លេញសាក​ល្ប​ង ដែលនឹងធ្វើឱ្យ​អង្គភាព​​ថវិកា​សរុប គិតត្រឹមឆ្នាំ ២០១៧ នឹងមានចំនួន ៣៩០ អង្គភាព (ទាំងថ្នាក់​ជាតិ និងថ្នាក់មូលដ្ឋាន)​ និង​ មាន​អ្នក​ចូល​​រួម​អនុវត្ត​សរុបចំនួន ៧៨១៣០ នាក់។ ប្រការនេះ​ ធ្វើឱតម្រូវការបណ្តុះ​បណ្តាល និង កសាងសមត្ថភាព លើជំនាញ​​​ពាក់​ព័ន្ធ​​នឹងការអនុវត្តថវិ​កា​កម្មវិធីមានការកើនឡើងជាលំដាប់ ក្នុងនោះ វិធាននិងបទប្បញ្ញត្តិស្តីពី​លទ្ធកម្មសាធារណៈ គឺជំនាញ​​ចាំបាច់មួយ ដែលក្រុម​​លទ្ធកម្មនៃអង្គភាពថវិកា ត្រូវរៀនសូត្រ ស្វែងយល់ និង ហ្វឹកហាត់ ដើម្បីធ្វើបច្ចុប្បន្នកម្ម និងពង្រីក​ចំណេះដឹង និងចំណេះធ្វើឱ្យកាន់តែ​រឹង​មាំ សម្រាប់អនុវត្តតួនាទីភារកិច្ច ប្រកបដោយ​ផលិត​ភាព និងប្រសិទ្ធភាព ។

ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ក៏បានបញ្ជាក់ផងដែរថា ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ បានផ្តល់​ការ​យក​ចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគន្លឹះ​ដើម្បី​សម្រេច​ជោគ​ជ័យ​ ក្នុងការអនុវត្តការកែទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាក់ស្តែងនៅឆ្នាំ ២០១៥ កន្លងមក ក្នុងក្របខ័ណ្ឌនៃ​ការ​​​អនុវត្តថវិកាកម្មវិធីនិងអង្គភាពថវិកា មានវគ្គបណ្តុះបណ្តាលជាច្រើន ត្រូវបាន​រៀប​ចំ​ឡើងជូនដល់ថ្នាក់ដឹកនាំ និង មន្ត្រី​ជំនាញនៃអង្គភាពថវិកា​​របស់​ក្រសួង ស្ថាប័ន និងមន្ទីរជំនាញក្រោមឱវាទ ដែលបានចូលរួម​អនុវត្ត​​សាកល្បងថវិកា​កម្ម​វិធី​ពេញលេញ ។ លើសពីនេះ គិតត្រឹមខែ ធ្នូ ឆ្នាំ ២០១៦ នេះ មានវគ្គបណ្តុះបណ្តាលកម្រិតជំនាញ​ចាំបាច់​សម្រាប់​អនុវត្ត​​ថវិកា​កម្មវិធី និង កិច្ចលទ្ធកម្មសាធារណៈ ចំនួន ៤០ វគ្គ ថែមទៀត ត្រូវបាន​សហការ​រៀបចំ​ឡើងជូនមន្រ្តីរាជការ និង ថ្នាក់​ដឹកនាំ​ជំនាញ នៃអង្គភាពថវិការបស់ក្រសួង ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធក្រោមឱវាទ ដែល​ត្រូវចូល​រួម​អនុវត្ត​សាក​ល្បង​ថវិកា​កម្មវិធី​ នៅឆ្នាំ ២០១៦ នេះ និង មានសិក្ខាកាម​សរុប​ប្រមាណ ៣១២០ នាក់ បានចូលរួមក្នុង​វគ្គ​បណ្តុះបណ្តាល​ទាំងនោះ ។

ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា វគ្គបណ្ដុះបណ្ដាលនាពេលនេះ ពិតជា​មា​ន​​សារសំខាន់ ដែលនឹងអាចចូល​រួម​ចំណែក​​​ដល់ការបង្កើន​ចំណេះដឹង ពង្រឹងពង្រីកសមត្ថភាព និង បង្កើនការយល់ដឹងជូន​ដល់​មន្រ្តី​​ក្រុម​លទ្ធកម្ម​នៃអង្គភាព​ថវិកា​​​ថ្នាក់មូលដ្ឋាន ក្រោមឱវាទ ក្រសួង​រ៉ែនិងថាមពល ក្រសួងឧស្សាហកម្មនិងសិប្បកម្ម និង​​ក្រសួង​មុខងារ​សាធារណៈ សម្រាប់ត្រៀមលក្ខណសម្បត្តិឱ្យបានគ្រប់គ្រាន់ និង តម្រង់​ទិសការអនុវត្តកិច្ច​លទ្ធ​កម្ម​របស់​​ក្រសួង​នីមួយៗ ឱ្យឈានទៅសម្រេច​បាន​ជោគ​ជ័យប្រកបដោយប្រសិទ្ធភាព ។ វគ្គបណ្តុះបណ្តាល​នៅ​ពេល​នេះ ពិត​ជា​ត្រូវ​បាន​រៀប​ចំ​ឡើងទាន់ពេលវេលា សម្រាប់ជួយបង្កើនសមត្ថភាព និង លើកកម្ពស់ការយល់ដឹងជូនដល់​មន្ត្រីក្រុមលទ្ធកម្មនៃអង្គភាព​ថវិកាមូលដ្ឋាន ពិសេស សម្រាប់ការអនុវត្តកិច្ចលទ្ធកម្មរបស់អង្គភាពថវិកា ឱ្យប្រព្រឹត្ត​ទៅដោយ​​រលូន មានតម្លាភាព មាន​គណ​នេយ្យភាព មានការសន្សំសំចៃ និងឆ្លើយ​តប​តាម​តម្រូវ​ការទាន់​ពេល​វេលា​ នៅតាម​ស្ថាប័ន​រៀងៗខ្លួន ព្រោះការ​គ្រប់​គ្រង​កិច្ចលទ្ធកម្មសាធារណៈគឺជាឧបករ​ណ៍​គោល​នយោបាយដ៏សំខាន់​ និងមិនអាចខ្វះបាន ដើម្បីធានាប្រសិទ្ធភាព​នៃ​ការ​ប្រើ​ប្រាស់​​​ថវិកាជាតិ​ ឆ្លើយ​តប​​ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

          ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ សូមខិតខំយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់នូវគ្រប់​បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាលនៅពេលនោះ ព្រមទាំងត្រូវ​ចូល​រួម​ពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និង បទពិសោធន៍ ប្រកបដោយលក្ខណៈបុរសកម្ម ដើម្បីស្វែងយល់​ និង​ចាប់​យកចំណុចគន្លឹះសម្រាប់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព នៅពេលត្រឡប់ទៅកាន់ការដ្ឋានការងារ នៅតាមអង្គភាព​របស់​​​ខ្លួន​វិញ ។ ជាមួយនោះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ផងដែរចំពោះ វិទ្យាស្ថាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និងអគ្គនាយក​ដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបាន​សហការ​​​ក្នុង​ការ​រៀបចំ​វគ្គ​បណ្តុះ ​បណ្តាលដ៏មានសារសំខាន់នេះ សម្រាប់​រួមចំណែកដល់ការ​បំពេញ​ភារ​កិច្ច និង ពង្រឹង​សមត្ថភាព ក្នុងការអនុវត្តកិច្ចលទ្ធកម្ម ប្រកបដោយក្រមសីល​ធម៌​វិជ្ជា​ជីវៈ ពិសេស ក្នុង​ការ​ចូលរួម​ចំណែក​​អនុវត្ត​ការកែ​ទម្រង់​​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារ​ណៈ នៅក្នុង​ដំណាក់​​​កាល​ទី ៣ ប្រកបដោយប្រសិទ្ធភាព និង​សម្រេចបានជោគជ័យ ។efi-2016-12-20_2efi-2016-12-20_3efi-2016-12-20_4