(+855) 23 885 855
+

20

Feb, 2017

ពិធីបើកវគ្គបណ្តុះបណ្តាលមួយស្តីពី “ថវិកាកម្មវិធី និង អង្គភាពថវិកា” ដែលសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៧ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ថវិកាកម្មវិធី និង អង្គភាពថវិកា” ជូនមន្រ្តីរាជការ និងគ្រូបង្គោល លើដំណើរការរៀបចំថវិការកម្មវិធី នៃទីស្តីការ​គណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និង ក្រសួងការពារជាតិ ដែលមានអ្នកចូលរួមប្រមាណចំនួន ២២០ នាក់ ។ ពិធីនេះបានប្រព្រឹត្ត​ទៅ​ក្រោម​​អធិបតីភាព ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ថ្នាក់នាំ​នៃ​ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ។

ឯកឧត្តម ហាវ រតនៈ អគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ បានធ្វើ​របាយការណ៍​​​សង្ខេបលើការងារបណ្ដុះបណ្ដាលស្ដីពី ការរៀបចំថវិកាកម្មវិធី និងអង្គភាពថវិកា បានចំនួន ៧ លើក រួចមកហើយ ជូន​ដល់គ្រូបង្គោលសរុបចំនួន ៤១២ នាក់ និង មន្ត្រីជំនាញថវិកាថ្នាក់កណ្ដាលនៃក្រសួង-ស្ថាប័នទាំង ៣៦ ចំនួន ២៨០៩ រូប និង មន្ត្រីជំនាញថវិកាថ្នាក់មូលដ្ឋានប្រមាណ ១១៦៩ រូប ផងដែរ ។ ចំពោះផ្នែក អនុវត្តថវិកាកម្មវិធី​ វិញ ក្នុងក្របខណ្ឌនៃអគ្គនាយកដ្ឋានថវិកា បានផ្តល់ការបណ្តុះបណ្តាលស្តីពី នីតិវិធី​អនុវត្ត​ថវិកា​កម្មវិធី បានចំនួន ១១ លើក ជូនថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអង្គភាពថវិកានៃក្រសួងស្ថាប័ន​ថវិកា​កម្មវិធីទំាង ២៥ រួមទំាងមន្រ្តី​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានថវិកាសរុបចំនួន ១៧៦៦ រូប ដោយចូលរួមកិច្ច​សហការ​ជាមួយ​វិទ្យាស្ថានសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។​ សម្រាប់ការបណ្តុះបណ្តាលលើកទី ៨ នេះ គឺជាការ​បណ្តុះ​បណ្តាល​ដែល​បានរៀបចំឡើសម្រាប់ជូនមន្រ្តីរាជការ និង គ្រូបង្គោល លើដំណើរការរៀបចំថវិកាកម្មវិធី នៃ​ទីស្តីការ​​គណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និង ក្រសួងការពារជាតិ ចំនួនប្រមាណ ២២០នាក់ ជាក្រសួង-ស្ថាប័ន​ដែលត្រូវ​ដាក់​ឲ្យ​អនុវត្ត​​ថវិកា​កម្មវិធី​​សម្រាប់​ឆ្នាំ ២០១៨ ខាងមុខនេះ ។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃការកែទម្រង់ហិរញ្ញវត្ថុ​សាធារណៈ ប្រព័ន្ធថវិកាថ្មីដែលយើងកំពុងត្រៀមអនុវត្ត គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ឈានទៅសម្រេចគោលដៅនៃការផ្សារ​ភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និង គណនេយ្យភាពសមិទ្ធកម្ម គឺជាគោលដៅនៃដំណាក់កាលទី ៣ និង ទី ៤ នៃកម្មវិធី​កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ដើម្បីសម្រេចគោលដៅនេះ ការដាក់ឱ្យអនុវត្ត​ថវិកាកម្មវិធី​ពេញលេញ​សាក​ល្ប​ង​នៅកម្ពុជា គឺត្រូវបានចាប់ផ្តើមឡើងនៅឆ្នាំ ២០១៥ ​ជាមួយក្រសួង-ស្ថាប័ន ​ចំនួន ១០ រួមនឹងអង្គភាពជំនាញ​ពាក់​ព័ន្ធ​ក្រោម​ឱវាទ, នៅឆ្នាំ ២០១៦ ជាមួយនឹងក្រសួង-ស្ថាប័នចំនួន ១៦, នៅឆ្នាំ ២០១៧ នេះ ជាមួយក្រសួង-ស្ថាប័ន ចំនួន ១១ ហើយនៅឆ្នាំ ២០១៨ ខាងមុខនេះ ក្រសួង-ស្ថាប័ន ៣ ចុងក្រោយនឹងត្រូវចូលរួមអនុវត្តថវិកាកម្មវិធីផងដែរ ។ អាស្រ័យហេតុនេះ យើងពិតជានៅមានចំណុច និង ការងារជាច្រើនដែលចាំបាច់ត្រូវបន្តស្វែងយល់ និង ត្រូវ​អនុវត្ត​ជាបណ្តើរផង និង រៀនសូត្របណ្តើរផង នៅលើកំណាត់ផ្លូវនៃការកែទម្រង់ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ ដែល​កំពុង​មានចលនាការឆ្ពោះទៅមុខជាជំហានៗ ដោយស្វាហាប់​ ជាមួយ​នឹងសមិទ្ធផលផ្លែផ្កាជាវិជ្ជមាន​ជាបន្ត​បន្ទាប់ ពោលគឺ​ការ​កសាងបាននូវភាព​អាចទុកចិត្តបាន​នៃ​ថវិកា នៅដំណាក់កាលទី១ និង គណនេយ្យភាពហិរញ្ញវត្ថុ នៅក្នុងដំណាក់កាល ទី២ និងកំពុងឈានទៅរកការបង្កើននូវការផ្សារ​ភ្ជាប់​រវាង​ថវិកា​​​​ទៅនឹងគោលនយោបាយជាអាទិភាព​របស់​​រាជរដ្ឋា​​ភិបាល នៅក្នុងដំណាក់កាលទី ៣ នៃការកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ។​

ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ដែលមាន​វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសេនាធិការលើការងារបណ្ដុះបណ្ដាល និង វិក្រឹតការ ព្រមទាំង​អគ្គនាយកដ្ឋាន​ក្រោម​ឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺបានផ្តល់​ការ​យក​ចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាល និង កសាងសមត្ថភាព​មន្រ្តីរាជការ ដែលជាកត្តាគន្លឹះ​ដើម្បី​សម្រេច​ជោគ​ជ័យ​ ក្នុងការអនុវត្តការកែទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីបានបន្ថែមថា ក្របខ័ណ្ឌនៃការកែទម្រង់ថវិកា ដែលជាស្នូលនៃកម្មវិធី​កែទម្រង់ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិបាលបានដាក់ចេញនូវឯកសារទស្សនាទានស្ដីពីទិសដៅយុទ្ធសាស្ត្រនៃកំណែ​ទម្រង់​ប្រព័ន្ធ​ថវិកានៅកម្ពុជាឆ្នាំ ២០១៣-២០២០ ហើយបច្ចុប្បន្ននេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេច និង កំពុង​រៀបចំ​យុទ្ធសាស្ត្រស្ដីពីការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៧-២០២៥ ដែលនឹងកំណត់គោលដៅ និង ពេលវេលា​ច្បាស់លាស់ក្នុងការឈានឆ្ពោះទៅអនុវត្តប្រព័ន្ធថវិកាតម្រង់ទៅរកលទ្ធផល ឬ សមិទ្ធកម្ម ដែលគោលបំណង​ចំបង​ គឺកែ​ប្រែ​​ប្រព័ន្ធថវិកាឱ្យក្លាយទៅជា “ឧបករណ៍គោលនយោបាយ” យ៉ាងពិតប្រាកដក្នុងការវិភាជ និង ប្រើប្រាស់ធនធាន ប្រកប​ដោយប្រសិទ្ធភាព និង ស័ក្ដិសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការ សំណូមពរ និង បំណងប្រាថ្នារបស់​ប្រជាជន ។ ហេតុ​ដូច្នេះហើយ ទើបក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានបន្តយកចិត្តទុកដាក់​ជាអាទិភាព​លើការកសាង​សមត្ថភាព​ថែម​ទៀត ជូនមន្រ្តីរាជការរបស់​ក្រសួង​​​​ស្ថាប័ន​ដែលបានចូលរួមអនុវត្តថវិកាកម្មវិធី​ កន្លងមក និង ក្រសួង-ស្ថាប័ន​ ដែលនឹង​ត្រូវ​ចូ​ល​រួម​អនុវត្តថវិកាកម្មវិធី ជាបន្តបន្ទាប់ ។

ក្នុងស្មារតីនេះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វគ្គបណ្តុះបណ្តាលរបស់យើងនៅពេលនេះ ពិត​ជា​ត្រូវ​​បានរៀបចំឡើងទាន់ពេលវេលា ចំនឹងសេចក្តីត្រូវការ សម្រាប់ជួយបង្កើនសមត្ថភាព និង លើកកម្ពស់ការយល់ដឹងជូនដល់​មន្ត្រីជំនាញថវិការបស់ក្រសួង-ស្ថាប័នទាំងបី ដែលនឹងត្រូវចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញនៅឆ្នាំ ២០១៨ ខាងមុខ​នេះ ពិសេស សម្រាប់ការងាររៀបចំការងារថវិកា និង អង្គភាពថវិការបស់ខ្លួន ។

ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ សូមខិតខំយកចិត្ត​ទុកដាក់ ត្រងត្រាប់ស្តាប់នូវគ្រប់​បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាលនៅពេលនេះ ព្រមទាំងត្រូវ​ចូល​រួម​ពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និង បទពិសោធន៍ ប្រកបដោយលក្ខណៈបុរេសកម្ម ដើម្បី​ស្វែងយល់​ និង​ចាប់​យកចំណុចគន្លឹះសម្រាប់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព នៅពេលត្រឡប់ទៅកាន់ការដ្ឋាន​ការងារ នៅ​តាមអង្គភាព​របស់​​​ខ្លួន​វិញ ។ ជាមួយនោះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ផងដែរចំពោះ វិទ្យាស្ថាន​​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង ​អគ្គនាយក​ដ្ឋានថវិកា ព្រមទាំងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ដែលបាន​សហការ​​​ក្នុង​ការរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ ដើម្បីពង្រឹង ពង្រីកសមត្ថភាព និង លើកកម្ពស់​ការយល់​ដឹង​​បន្ថែមទៀត​ដល់មន្ត្រីជំនាញថវិកានៃក្រសួង-ស្ថាប័ន ទាំងបី ពិសេស ​ក្នុង​ការ​ចូលរួម​ចំណែក​​អនុវត្ត​ការកែ​ទម្រង់​​ការ​គ្រប់គ្រង​​ហិរញ្ញវត្ថុសាធារណៈ នៅក្នុង​ដំណាក់​​​កាល​ទី ៣ ប្រកបដោយប្រសិទ្ធភាព និង ​សម្រេច​បានជោគជ័យ ។

efi-2017-2-20_9AM_3efi-2017-2-20_9AM_4scan0001