(+855) 23 885 855
+

24

Apr, 2017

នាព្រឹកថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៧ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីអនុវត្តថវិកាកម្មវិធី ជូនមន្ត្រីរាជការនៃអង្គភាពថវិកាថ្នាក់កណ្ដាល របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ចំនួន ៧៥ នាក់

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៧ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបើកវគ្គបណ្តុះបណ្តាលស្តីពី នីតិ វិធីអនុវត្តថវិកាកម្មវិធី ជូនមន្ត្រីរាជការនៃអង្គភាពថវិកាថ្នាក់កណ្ដាល របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ចំនួន ៧៥ នាក់ ដែលជាយុទ្ធនាការដ៏សំខាន់មួយ ក្នុងការពង្រឹង ពង្រីកសមត្ថភាព និង លើកកម្ពស់ការ យល់ដឹងរបស់រជ្ជទេយ្យករ, រជ្ជទេយ្យកររង និង មន្ត្រីទទួល​បន្ទុក​ហិរញ្ញវត្ថុ ដើម្បី​​អនុវត្ត​ការងារកែ​ទម្រង់​​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈនៅក្នុង​ដំណាក់​​​កាល​ទី ៣ ឱ្យសម្រេចបាន​ជោគ​​ជ័យ​​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ក្នុងគោលដៅផ្សា​ភ្ជាប់ រវាងថវិកា​ទៅ​នឹង​គោលន​យោបាយ​ជា​អាទិភាពរបស់​រាជរដ្ឋា​ភិ​បា​ល សម្រាប់កាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។

ពិធីបើក វគ្គបណ្តុះបណ្តាលត្រូវបានរៀបចំ​ឡើង​នៅទីស្ដីការក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ក្រោម​អធិ​បតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និង ក្រោមកិច្ចសហការរៀបចំឡើងដោយ វិទ្យាស្ថានសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ ដោយមានការគាំទ្រថវិកាដោយអង្គការយូនីសេហ្វ ហើយវគ្គ បណ្ដុះ​បណ្ដាល​នេះ​ នឹងប្រព្រឹត្តទៅសម្រាប់រយៈពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី​ ២៤ ដល់ ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៧ ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានធ្វើការគូសបញ្ជាក់ថា ឆ្នាំនេះ គឺជាឆ្នាំទី៣ នៃការ​អនុវត្ត​ថវិកាកម្មវិធីពេញលេញសាកល្បង និង អង្គភាពថវិកានៅកម្ពុជា ។ ជាសាវតា នៅឆ្នាំ ២០១៥ គឺជាឆ្នាំចាប់ផ្តើមដំបូង ដែល ពេលនោះ​មាន​​ក្រសួង ស្ថាប័នត្រឹមតែ  ១០ ប៉ុណ្ណោះ ត្រូវបានដាក់​ឱ្យ​អនុវត្ត,​ ហើយនៅឆ្នាំ ២០១៦ មាន​ក្រសួង ស្ថាប័ន រហូតដល់ទៅ ២៥ បាន​​​ចូលរួមអនុវត្ត​ថវិកាកម្មវិធីពេញលេញនេះ ។ ដោយឡែកនៅឆ្នាំ ២០១៧ នេះ មានក្រសួង ស្ថាប័នចំនួន ១១ ថែមទៀត រួមជាមួយអង្គភាព​ជំនាញពាក់ព័ន្ធ​ក្រោម​ឱវាទ,​ ទាំងថ្នាក់​ជាតិ និង ថ្នាក់មូលដ្ឋាន ត្រូវចូលរួម អនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង និង នៅឆ្នាំ ២០១៨ ក្រសួង ស្ថាប័ន ៣ ចុងក្រោយ នឹងត្រូវដាក់ឱ្យអនុវត្តថវិកា កម្មវិធីពេញ​លេញសាកល្បង ដែលនឹងត្រូវចូលរួមវគ្គ​បណ្តុះ​បណ្តា​ល​​ដូចគ្នានេះ ជាបន្តបន្ទាប់នាពេល​ខាង​មុខ ។

ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានលើកឡើងផងដែរថា ការផ្តួចផ្តើមរៀបចំវគ្គបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្រ្តីរាជការ គឺជាកត្តាគន្លឹះនាំទៅរកភាព​ជោគ​ជ័យ​ ក្នុងការអនុវត្តការកែទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ។ កន្លងមក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលជាច្រើនជូនដល់ថ្នាក់ដឹកនាំ និង មន្ត្រី​ជំនាញនៃអង្គភាពថវិកា​​របស់​ក្រសួង ស្ថាប័ន និងមន្ទីរជំនាញក្រោមឱវាទ ដែលបានចូលរួម​អនុវត្ត​​សាកល្បង ថវិកា​កម្ម​វិធី​ពេញលេញ។ ជាក់ស្តែង នៅដើមឆ្នាំ ២០១៧ នេះ ក៏មានវគ្គ​បណ្តុះ​បណ្តាលកម្រិតជំនាញ​ចាំបាច់​សម្រាប់​អនុវត្ត​​ថវិកា​កម្ម​វិធី ភាពជាអ្នកដឹកនាំក្នុង​វិស័យ​សាធារណៈ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ចំនួន ៥ វគ្គ ត្រូវបាន​រៀបចំ​ឡើង ដើម្បីអភិវឌ្ឍសមត្ថភាព ជូនមន្រ្តីរាជការ និង ថ្នាក់ដឹកនាំជំនាញ នៃអង្គភាពថវិការបស់ក្រសួង ស្ថាប័ន និង​​អង្គភាព​ពាក់ព័ន្ធ ក្រោមឱវាទ ដែល​ចូល​រួមអនុវត្ត​ថវិកាកម្មវិធីពេញលេញសាកល្បង ដោយមាន​សិក្ខា​កាម​សរុប​ប្រមាណ ៥៣៥ នាក់ បាន ចូលរួមក្នុង​វគ្គ​បណ្តុះ​បណ្តា​លទាំងនោះ ។

បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា វគ្គបណ្ដុះបណ្ដាលនេះ ពិតជា​មា​ន​​សារសំខាន់ ដែលនឹងអាចចូល​រួម​ចំណែក​​​បង្កើន​ចំណេះដឹង, ពង្រឹងពង្រីកសមត្ថភាព និង បង្កើនការយល់ដឹងជូន​ដល់​មន្រ្តី​​រាជការ នៃអង្គភាពថវិកាថ្នាក់កណ្ដាលរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដើម្បីឱ្យ​មានលក្ខណ​សម្បត្តិ កាន់តែគ្រប់គ្រាន់ និង តម្រង់​ទិសការអនុវត្តថវិកាកម្មវិធី ឱ្យឈានទៅសម្រេច​បាននូវគោលនយោបាយរបស់ក្រសួង ផ្ទាល់ ហើយវគ្គនេះ ពិត​ជា​ត្រូវ​បាន​រៀប​ចំ​ឡើងទាន់ពេលវេលា ដែលអាចពង្រីកការយល់ដឹងបន្ថែមទៀតដល់មន្ត្រីអនុវត្ត​ថវិកាកម្មវិធី ដើម្បីឱ្យការអនុវត្តការងារអាចប្រព្រឹត្ត​ទៅដោយ​​រលូន ប្រកបដោយតម្លាភាព, គណ​នេយ្យភាព, មានភាព សន្សំសំចៃ និងអាចឆ្លើយ​តបទៅនឹង​តម្រូវ​ការបានទាន់​ពេល​វេលា​នៅតាម​ស្ថាប័ន​រៀងៗខ្លួន និងក្នុងគោលដៅធានាប្រសិទ្ធ- ភាព ​ការ​ប្រើ​ប្រាស់​​​ថវិកាជាតិ​ ឆ្លើយ​តប​​ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។

មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់នូវគ្រប់​បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាល និងត្រូវ​ចូល​រួម​ពិភាក្សា ផ្លាស់ប្តូរទស្សនៈ, គំនិតយោបល់ និងបទពិសោធន៍ ប្រកបដោយលក្ខណៈបុរសកម្ម ដើម្បីស្វែងយល់​ និង​ចាប់​យកចំណុច គន្លឹះសម្រាប់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព នៅពេលត្រឡប់ទៅកាន់ការដ្ឋានការងារ នៅតាមអង្គភាព​របស់​​​ខ្លួន​វិញ ។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត  ហ៊ាន សាហ៊ីប ក៏បានវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង អគ្គនាយក​ដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងអង្គការយូនីសេហ្វ ដែលបាន​សហការ​​​ក្នុង​ការ​រៀបចំ​វគ្គ​បណ្តុះបណ្តាលដ៏មានសារ:សំខាន់នេះ សម្រាប់​រួមចំណែកដល់ការ​បំពេញ​ភារ​កិច្ច និង ពង្រឹង​សមត្ថភាព ក្នុងការ​អនុវត្ត ថវិកាកម្មវិធីប្រកបដោយក្រមសីល​ធម៌​វិជ្ជា​ជីវៈ  ពិសេសក្នុង​ការ​ចូលរួម​ចំណែក​​អនុវត្ត​ការងារកែ​ទម្រង់​​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារ​ណៈ- ដំណាក់​​​កាល​ទី ៣ ប្រកបដោយប្រសិទ្ធភាព និង​សម្រេចបានជោគជ័យ ។efi-2017-4-24_01efi-2017-4-24_2efi-2017-4-24_1efi-2017-4-24_3efi-2017-4-24_4