(+855) 23 885 855
+

2

May, 2017

វគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីអនុវត្តថវិកាកម្មវិធី ជូនមន្ត្រីរាជការចំនួន ១៣៨ នាក់ នៃអង្គភាពថវិកាថ្នាក់កណ្ដាល របស់ក្រសួង ស្ថាប័ន ចំនួន ១១

By: | Tags: | Comments: 0

នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបើកវគ្គ​បណ្តុះ​បណ្តា​លស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” ជូនមន្ត្រីរាជការចំនួន ១៣៨ នាក់ នៃ​អង្គភាព​ថវិកាថ្នាក់កណ្ដាល របស់ក្រសួង ស្ថាប័ន ចំនួន ១១ ដែលអនុវត្តថវិកាកម្មវិធីពេញលេញ សាកល្បងនៅឆ្នាំ ២០១៧ ក្នុង​គោល​ដៅ​ដើម្បី​ពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹង សម្រាប់​​អនុវត្ត​ការកែ​ទម្រង់​​ការគ្រប់​គ្រង​​ ហិរញ្ញវត្ថុ​សាធារណៈ នៅ​ដំណាក់​​​កាល​ទី៣ ឱ្យសម្រេចបាន​ជោគ​​ជ័យ​​ប្រកបដោយ​ប្រសិទ្ធ​ភាព​ សម្រាប់​កាអភិវ​ឌ្ឍ​សង្គម-សេដ្ឋកិច្ច​ជាតិ​ ។

​ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ត្រូវបា​ន​​​​​រៀបចំ​ឡើង​នៅសណ្ឋាគារសាន់វ៉េ ក្រោម​អធិ​បតី​ភាព ឯកឧត្តម​បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ ក្រោមកិច្ចសហកា​រ​រៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​ថវិកា អគ្គនាយកដ្ឋានរតនាគារជាតិ និង អង្គភាព​ពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយវគ្គបណ្តុះបណ្តាលនឹងប្រព្រឹត្តទៅសម្រាប់ រយៈ​​ពេល ៤ ថ្ងៃ គឺពីថ្ងៃទី​ ២ ដល់ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០១៧​ ។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ឆ្នាំនេះគឺជាឆ្នាំទី៣ នៃការ​អនុវត្ត​ថវិកាកម្មវិធី​ពេញលេញសាកល្បង និង អង្គភាពថវិកានៅកម្ពុជា ហើយនៅឆ្នាំ ២០១៧ នេះ មានក្រសួង ស្ថាប័នចំនួន ៣៦ រួមនឹងមន្ទីរ អង្គភាព​​ជំនាញ​ពាក់​ព័ន្ធ​ក្រោម​ឱវាទ​ ទាំងថ្នាក់​ជាតិ និង ថ្នាក់មូលដ្ឋាន ត្រូវ​ចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង ហើយនៅឆ្នាំ ២០១៨ ខាងមុខ នឹងមានក្រសួង ស្ថាប័នធំៗចំនួន ៣ ចុងក្រោយ ត្រូវចូលរួម​អនុវត្តថវិកាកម្មវិធីពេញ​លេញសាកល្បង ដែលធ្វើឱ្យក្រសួង​ស្ថាប័ន ត្រូវចូលរួមអនុវត្តថវិកាកម្មវិធីត្រូវកើនដល់ ៣៩ នៅពេលនោះ ។

ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ក៏បានបញ្ជាក់ផងដែរថា ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈបានមកដល់ចំណុច​របត់​ដ៏​សំ​ខាន់មួយ ដែលមានវិសាល​ភាពកាន់តែធំទូលាយ និង ស្មុគស្មាញជាងមុន ដែលតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និង អង្គភាព​ពាក់ព័ន្ធ​ទាំង​អស់ត្រូវបង្កើនឆន្ទៈនៃភាពជាម្ចាស់ និង ការចូលរួមអនុវត្តឱ្យកាន់តែ​ខ្លាំងក្លាជាងមុនថែមទៀត ។ ក្នុងន័យនេះ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានផ្តល់​ការ​យក​ចិត្តទុកដាក់ខ្ពស់លើការងារបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគន្លឹះ​ដើម្បី​សម្រេច​​​​ជោគ​ជ័យ​គ្រប់ដំណាក់កាលនៃការ​អនុវត្ត​ការកែទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាក់ស្តែង​ក្នុង​ឆ្នាំ២០១៦ កន្លងទៅមានវគ្គ​បណ្តុះ បណ្តាល​ ៤៤ វគ្គ ត្រូវ​បាន​រៀបចំឡើង ហើយមានមន្រ្តីរាជការ និងថ្នាក់ដឹកនាំជំនាញ និងថ្នាក់ដឹកនាំជាន់ខ្ពស់សរុបចំនួន ៣៥៣០ នាក់ បានចូលរួម​ទទួល​ការ​បណ្តុះបណ្តាល បង្កើនចំណេះដឹង និង ដកស្រង់​បទពិសោធន៍ ទាំង​ក្នុង​ប្រទេស និង ក្រៅប្រទេស ។ លើសពីនេះ ដើមឆ្នាំ ២០១៧ នេះ មានវគ្គ​បណ្តុះ​បណ្តាលកម្រិតជំនាញ​ចាំបាច់​សម្រាប់​អនុវត្ត​​ថវិកា​កម្ម​វិធី និង ការលើក​កម្ពស់​ភាព​ជាអ្នកដឹកនាំក្នុង​វិស័យ​សាធារណៈ និង បណ្តុះឆន្ទៈក្នុងកា​រ​ងារកែទម្រង់​ហិរញ្ញវត្ថុ​​សាធា​រ​ណៈ ចំនួន វគ្គ រួចមកហើយ ត្រូវបាន​សហការ​រៀបចំ​ឡើង​ដោយ​វិ​ទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ និង ​អគ្គនាយក​ដ្ឋានពាក់ព័ន្ធ នៃក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង ស្ថាប័នបណ្តុះបណ្តាលជាតិ និងអន្តរជាតិ ជូនមន្រ្តីរាជការនិងថ្នាក់ដឹកនាំ របស់ក្រសួង ស្ថាប័ន សម្រាប់អនុវត្ត​ថវិកាកម្មវិធីពេញលេញសាកល្បង និងមាន​សិក្ខា​កាម​សរុប​ប្រមាណ ៦០០ នាក់ បានចូលរួមសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ ។

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបានគូសបញ្ចាក់ថា វគ្គបណ្ដុះបណ្ដាលនាពេលនេះ ពិតជា​មា​ន​​សារ:សំខាន់ និង ត្រូវ​បាន​រៀប​ចំ​ឡើងទាន់ពេលវេលា សម្រាប់​ចូល​រួម​ចំណែក​​​ដល់ការបង្កើន​ចំណេះដឹង ពង្រឹងពង្រីកសមត្ថភាព និង ការ​យល់​ដឹងជូន​ដល់​មន្រ្តី​​រាជការ​របស់ក្រសួង ស្ថាប័ន ចំនួន ១១ ដែលអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បងនៅឆ្នាំ២០១៧ ឱ្យ​ប្រព្រឹត្ត​​ទៅមានតម្លាភាព, ​គណ​-នេយ្យភាព, សន្សំសំចៃ និងទាន់​ពេល​វេលា​ ដើម្បី​ធា​នា​ប្រសិទ្ធភាព​នៃ​ការ​ប្រើ​ប្រាស់​​​ថវិកាជាតិ​ ឆ្លើយ​តប​​តម្រូវការនៃការអនុវត្ត​គោល​នយោ​បាយអភិវឌ្ឍ​​សង្គម-សេដ្ឋកិច្ចជាតិ​​ ប្រកប​ដោយ​ប្រសិទ្ធភាព ។

          ជាមួយនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ ត្រងត្រាប់​ស្តាប់​នូវ​គ្រប់​បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និងវាគ្មិននៃវគ្គបណ្តុះបណ្តាល ព្រមទាំងត្រូវ​ចូល​រួម​ពិភាក្សា​ផ្លាស់ប្តូរ​ទស្សនៈ, គំនិតយោបល់ និង បទពិសោធន៍ ឱ្យបានសកម្មផុលផុស ដើម្បីស្វែងយល់​ និង​ចាប់​យកចំណុច​គន្លឹះ​ពិតប្រាកដ សម្រាប់​យកទៅ​អនុ​វ​ត្ត​​ឱ្យមានប្រសិទ្ធភាព នៅពេលត្រឡប់ទៅកាន់កន្លែងការងារ នៅតាមអង្គភាព​រៀងៗខ្លួន​វិញ ។

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការក៏បាន​វា​យ​​តម្លៃខ្ពស់ចំពោះ វិទ្យាស្ថាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានថវិកា អគ្គនាយក- ដ្ឋានរតនាគារជាតិ និងអង្គភាពពាក់ព័ន្ធ នៃ​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ដែលបាន​សហការ​​​ក្នុង​ការ​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ដ៏មាន​សារ:សំខាន់នេះ សម្រាប់​រួមចំណែក​ដល់ការ​​ពង្រឹង ពង្រីកសមត្ថភាពជូនមន្រ្តីរាជការរបស់ក្រសួងស្ថាប័ន ដើម្បីបំពេញ​តួនាទី ភារ​កិច្ច ប្រកបដោយក្រមសីល​ធម៌​វិជ្ជា​ជីវៈ ពិសេស ដើម្បី​ចូលរួម​ចំណែក​​អនុវត្ត​ការកែ​ទម្រង់​​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារ​ណៈ នៅក្នុង​ដំណាក់​​​កាល​ទី ៣ ឱ្យសម្រេច​បានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។efi-2017-5-2_1efi-2017-5-2_2efi-2017-5-2_3efi-2017-5-2_4efi-2017-5-2_5efi-2017-5-2_6