(+855) 23 885 855
+

16

May, 2017

មន្រ្តីក្រុមលទ្ធកម្មថ្នាក់មូលដ្ឋាន ២៥០នាក់ មកពីក្រសួងស្ថាប័ន៥ ទទួលការបណ្តុះបណ្តាល និងវិក្រឹតការលើជំនាញលទ្ធកម្មសាធារណៈ

By: | Tags: | Comments: 0

នៅថ្ងៃទី១៦ ខែឧសភា​ ឆ្នាំ ២០១៧ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តបើកវគ្គបណ្តុះបណ្តាល​និងវិក្រឹតការ​លើ​ជំនាញ “វិធាននិងបទប្បញ្ញត្តិ​ស្ដីពី​លទ្ធ​ក​ម្ម​សា​ធារណៈ” ជូនមន្រ្តីក្រុមលទ្ធកម្មចំនួន ២៥០ នាក់​របស់អង្គភាពថវិកា​ថ្នាក់​​មូលដ្ឋាន​ នៃមន្ទីរ អង្គភាពជំនាញ​ពីរាជធានី ខេត្ត ក្រោមឱវាទក្រសួងកិច្ចការនារី, ក្រសួងយុត្តិធម៌, ក្រសួង​អភិវឌ្ឍន៍​ជនបទ, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលដៅ​ពង្រឹង​ពង្រីក​​សមត្ថភាព និងធ្វើបច្ចុប្បន្នកម្មចំណេះដឹង​ ចំណេះធ្វើ និងជំនាញ ដើម្បីអនុវត្ត​ការកែ​ទម្រង់​​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៅក្នុង​ដំណាក់​​​កាល​ទី ៣ ឱ្យ​ប្រព្រឹត្តទៅប្រកបដោយសង្គតិភាព តម្លាភាព និង សម្រេ​ចបាន​ជោគ​​ជ័យ​​ប្រក​ប​ដោ​យ​​ប្រសិទ្ធ​ភាព​ខ្ពស់ ។

ពិធីបើកវគ្គបណ្តុះបណ្តាល និង វិក្រឹតការនេះ ប្រព្រឹត្តក្រោម​អធិ​បតី​ភាព ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និងហរិញ្ញវត្ថុ និង ក្រោមកិច្ចសហការរៀបចំដោយ វិទ្យាស្ថានសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និង អគ្គនាយ​កដ្ឋាន​លទ្ធ​កម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសណ្ឋា​គារ​ភ្នំពេញ​​ ។ វគ្គបណ្តុះ​បណ្តាលនិងវិក្រឹតការ​នេះ មានរយៈពេល ៣ ថ្ងៃ គឺពីថ្ងៃទី​ ១៦ ដល់ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៧ ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានលើកថា ក្នុងក្របខ័ណ្ឌនៃការអនុវត្តការកែទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ នៅក្នុងឆ្នាំ ២០១៧ នេះ មានក្រសួងស្ថាប័នចំនួន ៣៦ ​រួមនឹង​មន្ទីរ អង្គភាព​ជំនាញ​ពាក់​ព័ន្ធ​​​ក្រោម​ឱវាទ ​​ត្រូវ​​​អនុវត្ត​ថវិកាកម្មវិធីពេញលេញ​សាក​ល្ប​ង ហើយនៅឆ្នាំ ២០១៨ ខាងមុខ ​ក្រ​សួង ស្ថា​​ប័ន​ដែលត្រូវចូល​រួម​​អនុវត្ត​​ថវិកាកម្មវិធីពេញលេញ​សាក​ល្បង នឹងកើន​​ដល់ ៣៩ រួមនឹង​មន្ទីរអង្គភាព​ជំនាញពាក់ព័ន្ធក្រោមឱវាទ​ ទាំងថ្នាក់​ជាតិនិងថ្នាក់មូល​ដ្ឋាន ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ផងដែរថា ផ្អែកតាមបទពិសោធន៍​​នៃ​ការអនុវត្ត​ក្នុងឆ្នាំ ២០១៥ និង ២០១៦ កន្លងទៅបញ្ជាក់ថា មានអង្គភាពថវិកានៃក្រសួងស្ថាប័នមួយចំនួនបានជួប​បញ្ហា​​ប្រឈមពាក់​ព័ន្ធ​នឹ​ងការអនុវត្តវិធាន បទប្បញ្ញតិ្ត និង នីតិវិធីស្តីពីលទ្ធកម្មសាធារណៈ ដែលជាបច្ច័យធ្វើឱ្យរអាក់រអួល និងយឺតយ៉ាវដល់​ការអនុវត្ត​គោលនយោបាយ កម្មវិធី អនុកម្មវិធី និង​ចង្កោមសកម្មភាពរបស់ខ្លួន ។ បញ្ហាប្រឈមទាំងនោះ គឺម្យ៉ាង បណ្តាល​មក​ពីសមត្ថភាព និង ការយល់ដឹងរបស់មន្រ្តីរាជការ ពិសេស ក្រុមលទ្ធកម្មនៃអង្គភាពថវិកាទាំងនោះនៅមាន កម្រិត ហើយ​ម្យ៉ាងទៀតគឺដោយសារបទប្បញ្ញត្តិ និងនីតិវិធីអនុវត្តន៍មួយចំនួនត្រូវបានផ្លាស់ប្តូរ និងបន្តកែលម្អជាបន្តបន្ទាប់ ដោយហេតុ​ថា ការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិការបស់យើង ស្ថិតនៅក្នុងដំណាក់កាលសាកល្បង ដែលត្រូវធ្វើបណ្តើរ រៀនសូត្រ​បណ្តើរ និង កែលម្អបណ្តើរ នៅឡើយ ។

អាស្រ័យហេតុនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខធិការ បានសង្កត់ធ្ងន់ថា ការបណ្តុះ​បណ្តាល និងកសាង​សមត្ថភាព ជូនមន្រ្តីរាជការលើជំនាញ​​​ពាក់​ព័ន្ធ​​នឹងការអនុវត្តថវិ​កា​កម្មវិធី និង អង្គភាពថវិកា គឺជាការចាំបាច់ និង មានការកើនឡើង​ជា​លំដាប់ ហើយក្នុង​នោះ វិធាននិងបទប្បញ្ញត្តិ ស្តីពី​លទ្ធកម្មសាធារណៈ គឺជំនាញ​​ចាំបាច់មួយ ដែលក្រុម​​លទ្ធកម្មនៃអង្គភាពថវិកា ត្រូវរៀន​សូត្រ ស្វែងយល់ និងហ្វឹកហាត់ ដើម្បី​ធ្វើបច្ចុប្បន្នកម្ម និងពង្រីក​ចំណេះដឹង និងចំណេះធ្វើឱ្យកាន់តែ​រឹង​មាំ សម្រាប់​អនុវត្ត​តួនាទី​ភារ​កិច្ច ប្រកបដោយ​ផលិត​ភាព និងប្រសិទ្ធភាព ។ ក្នុងស្មារតីនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បាន​លើក​ឡើង​ថា ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ តែងបានផ្តល់​ការ​យក​ចិត្តទុកដាក់ខ្ពស់​លើការ​បណ្តុះ​បណ្តាល និងកសាង​សមត្ថភាពមន្រ្តីរាជការ ជាកត្តាគន្លឹះ​ដើម្បី​សម្រេច​ជោគ​ជ័យ​ក្នុងការអនុវត្តការកែទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុ​សាធារ​ណៈ ។ ជាក់ស្តែង នៅឆ្នាំ ២០១៦ កន្លងទៅ មានវគ្គបណ្តុះ​បណ្តាល​ចំនួន ៤៤ វគ្គ ត្រូវរៀបចំឡើងជូនមន្រ្តីរាជការ ថ្នាក់ដឹក​នាំ​ជំនាញ និង ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងស្ថាប័ន ដែល​មាន​សិក្ខា​កាម​សរុបចំនួន ៣៥៣០ នាក់ ។ ហើយនៅដើមឆ្នាំ ២០១៧ នេះ មានវគ្គ​បណ្តុះ​បណ្តាលចំនួន ៨ វគ្គ រួចមកហើយ ត្រូវបាន​សហការ​រៀបចំ​ឡើង​ដោយ​វិ​ទ្យាស្ថាន​សេដ្ឋ​កិ​ច្ច​​និង​ហិរញ្ញវត្ថុ​ និង​អគ្គនាយក​ដ្ឋាន​ពាក់ព័ន្ធ នៃក្រសួង​សេដ្ឋ​កិច្ច​​និង​ហិរញ្ញវត្ថុ ជូនមន្រ្តី​រាជការនិងថ្នាក់ដឹកនាំ​ជំនាញរបស់​ក្រសួង ស្ថាប័ន​និង​​អង្គភាព​ពាក់​ព័ន្ធ​ក្រោមឱវាទ និងមាន​សិក្ខា​កាម​សរុប​ ១០១០​ នាក់ បានចូលរួមក្នុង​វគ្គ​បណ្តុះ​បណ្តា​ល​ទាំងនោះ ។

ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការបានគូសបញ្ជាក់ថា ចំពោះមុខ វគ្គបណ្ដុះបណ្ដាលនិងវិក្រឹតលើ ‹វិធាន និង​បទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ› នៅពេលនេះ ​មា​ន​​សារសំខាន់ និង ត្រូវ​បាន​រៀប​ចំ​ឡើងទាន់ពេលវេលា សម្រាប់ចូល​រួម​​ចំណែក​​​ដល់ការបង្កើន​ចំណេះដឹង ពង្រឹងពង្រីក​សមត្ថភាព និង លើកកម្ពស់ការយល់ដឹងជូន​ដល់​មន្រ្តី​​ក្រុម​លទ្ធកម្ម​ សម្រាប់តម្រង់​​ទិសការ​អនុវត្តកិច្ច​​លទ្ធ​កម្ម​របស់​​ក្រសួង​ស្ថាប័ននីមួយៗ ឱ្យឈានទៅសម្រេច​បាន​ជោគ​ជ័យប្រកប​ដោយ​ប្រសិទ្ធភាព ឆ្លើយ​តប​បាន​ទាន់​ពេល​វេលា​ទៅនឹងតាម​តម្រូវ​ការ នៅតាម​ក្រសួងស្ថាប័ន​រៀងៗ​ខ្លួន ព្រោះការ​គ្រប់​គ្រង​កិច្ច​លទ្ធកម្មសាធារណៈគឺជាឧបករ​ណ៍​គោល​នយោបាយ​​ដ៏សំខាន់​ និង មិ​ន​អាច​ខ្វះ​បាន ដើម្បីធានា​ប្រសិទ្ធភាព​​​នៃ​ការ​ប្រើ​ប្រាស់​​​​ថវិកាជាតិ​ ឆ្លើយ​តប​​ទៅនឹង​គោល​នយោបាយ​​របស់រាជរដ្ឋាភិបាល ។

          ជាមួយនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាម ឱ្យខិតខំយកចិត្តទុកដាក់ ត្រង​ត្រាប់​ស្តាប់​នូវគ្រប់​បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាលនៅពេលនោះ ព្រមទាំងត្រូវ​ចូល​រួម​ពិភាក្សាផ្លាស់ប្តូរគំនិតយោបល់និងបទពិសោធន៍ ឱ្យបានសកម្មនិងផុលផុស ដើម្បីចាប់​យក​ចំណេះ​ដឹង​​ពិត​ប្រាក​ដ​សម្រា​ប់​​យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព នៅពេលត្រឡប់ទៅកាន់អង្គភាពការងាររៀងៗខ្លួន​វិញ និង បាន​ជំរុញ​​លើក​ទឹក​ចិត្ត​ដល់​វិទ្យា​ស្ថាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និងអគ្គនាយក​ដ្ឋាន​លទ្ធ​កម្ម​សាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបន្ត​សហការ​​​ក្នុង​ការ​រៀបចំ​វគ្គ​បណ្តុះបណ្តាលនិងវិក្រឹតការ​បែបនេះ ថែមទៀត​ជូន​ដល់​ក្រុមលទ្ធកម្ម នៃអង្គភាពថវិកា​របស់គ្រប់​ក្រសួង​ស្ថាប័នដទៀត សម្រាប់​រួមចំណែកពង្រឹង ពង្រឹង​សមត្ថភាព និងលើក​កម្ពស់​​ការយល់ដឹង​ ដើម្បីចូលរួមអនុវត្ត​កិច្ចលទ្ធកម្ម​សាធារណៈ ប្រកបដោយក្រមសីល​ធម៌​វិជ្ជា​ជីវៈ ក្នុងក្របខណ្ឌ​នៃ​អនុវត្ត​កា​រ​កែ​​ទម្រង់​​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារ​ណៈ នៅដំណាក់​​​កាល​ទី ៣ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយ​ប្រសិ​ទ្ធ​ភាព និង​ផលិតភាពខ្ពស់ ។

23456