(+855) 23 885 855
+

23

May, 2017

ពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការ ស្ដីពីវិធាន និង បទប្បញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ ជូនមន្រ្តីនៃគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្មនៃរដ្ឋបាលក្រុង ស្រុក ចំនួន ២០០ នាក់ នៃខេត្តចំនួន ១៣

By: | Tags: | Comments: 0

នៅថ្ងៃទី២៣ ខែឧសភា​ ឆ្នាំ២០១៧ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្តយុទ្ធនាការបណ្តុះបណ្តាល​ និងវិក្រឹតការ​លើ​ជំនាញ “វិធាននិងបទប្បញ្ញត្តិ​ស្ដីពី​លទ្ធ​ក​ម្ម​សា​ធារណៈ” ជូនមន្រ្តីនៃគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្ម​នៃ​រដ្ឋបា​លក្រុង ស្រុក ចំនួន ២០០ នាក់ នៃខេត្តចំនួន ១៣ គឺខេត្ត​បាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តប៉ៃលិន, ខេត្ត ឧត្តរមានជ័យ, ខេត្តសៀមរាប, ខេត្តព្រះវិហារ, ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តក្រចេះ, ខេត្តត្បូង ឃ្មុំ, ខេត្តកំពង់ចាម និង ខេត្តកំពង់ធំ ក្នុងគោលដៅ​ពង្រឹង​ពង្រីក​​សមត្ថភាព និងធ្វើបច្ចុប្បន្នកម្មចំណេះដឹង​ និង ជំនាញ ដើម្បីអនុវត្ត​ការកែ​ទម្រង់​​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៅក្នុង​ដំណាក់​​​កាល​ទី ៣ ឱ្យ​សម្រេ​ចបាន​ជោគ​​ជ័យ​​ប្រក​ប​ដោ​យ​​ប្រសិទ្ធ​ភាព​ និង តម្លាភាព​សម្រាប់​លារអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចជាតិ ។

ពិធីបើកវគ្គបណ្តុះបណ្តាល និង វិក្រឹតការនេះ ប្រព្រឹត្តទៅក្រោម​អធិ​បតី​ភាព ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និងហរិញ្ញវត្ថុ និង ក្រោមកិច្ចសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និង អគ្គនាយ​កដ្ឋាន​លទ្ធ​កម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសណ្ឋា​គារ​ភ្នំពេញ​​ ។ វគ្គបណ្តុះ​បណ្តាលនិងវិក្រឹតការ​នេះ មានរយៈពេល ៣ ថ្ងៃ គឺពីថ្ងៃទី​ ២៣ ដល់ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧ ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា កិច្ចលទ្ធកម្មសាធារណៈត្រូវបានដាក់ឱ្យ​អនុវត្តនៅរដ្ឋបាលក្រុង ស្រុក នៅឆ្នាំ ២០១៣ តាមរយៈប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ដោយបានកំណត់អំពីនីតិវិធីនៃការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការលទ្ធកម្ម និង អង្គភាពលទ្ធកម្មរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ ដំណើរការអនុវត្តការងាររបស់ គណៈកម្មាធិការ​លទ្ធកម្ម និង​អង្គភាព​លទ្ធកម្ម រយៈពេល ៤ ឆ្នាំកន្លងមក របស់រដ្ឋបាលក្រុង ស្រុក នៃខេត្តទាំង១៣ នាពេលនេះ បាន និង​កំពុង​អនុវត្តការងាររបស់ខ្លួន ដោយ​ដើរទន្ទឹម​គ្នាជាមួយ​នឹងបទប្បញ្ញត្តិ និង លិខិតបទដ្ឋានជាច្រើន ត្រូវបានដាក់​ឱ្យ​អនុវត្ត​​ជាបន្ត​បន្ទាប់ ដែលប្រការ​នេះ​ធ្វើឱ្យ​តម្រូវ​ការបណ្តុះ​បណ្តាល និង កសាងសមត្ថភាព លើជំនាញ​​​ពាក់​ព័ន្ធ​​នឹងការ​អនុវត្ត​ថវិ​កា​​កម្មវិធីមានការកើនឡើង​ជា​លំដាប់ ក្នុង​នោះ វិធាននិងបទប្បញ្ញត្តិ ស្តីពី​លទ្ធកម្មសាធារណៈ គឺជំនាញ​​ចាំបាច់មួយ ដែល​ក្រុម​​លទ្ធកម្មនៃអង្គភាពថវិកា ត្រូវរៀន​សូត្រ ស្វែងយល់ និងហ្វឹកហាត់ ដើម្បី​ធ្វើបច្ចុប្បន្នកម្ម និងពង្រីក​ចំណេះដឹង និង​ចំណេះធ្វើឱ្យកាន់តែ​រឹង​មាំ សម្រាប់​អនុវត្ត​តួនាទី​ភារ​កិច្ច ប្រកបដោយ​ផលិត​ភាព និងប្រសិទ្ធភាព ។

ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ក៏បានបញ្ជាក់ផងដែរថា ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ បានផ្តល់​ការ​យក​ចិត្តទុកដាក់ខ្ពស់​លើការ​បណ្តុះ​បណ្តាល និងកសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគន្លឹះ​ដើម្បី​សម្រេច​ជោគ​ជ័យ​ ក្នុងការអនុវត្តការកែទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាក់ស្តែង នៅឆ្នាំ ២០១៦ កន្លងទៅ មានវគ្គបណ្តុះ​បណ្តាល​ចំនួន ៤៤ វគ្គ ត្រូវរៀបចំឡើង សម្រាប់រួម​ចំណែ​ក​​ក្នុង​អនុវត្តថវិកាកម្មវិធី និងដើម្បីលើកកម្ពស់ភាពជាម្ចាស់ និង បណ្តុះ​ឆន្ទៈ​កំណែទម្រង់ ជូនមន្រ្តីរាជការ ថ្នាក់ដឹកនាំជំនាញ និង ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងស្ថាប័ន ដែល​មាន​សិក្ខា​កាម​សរុបចំនួន ៣៥៣០នាក់ ។ ហើយនៅដើមឆ្នាំ ២០១៧ នេះ មានវគ្គ​បណ្តុះ​បណ្តាលចំនួន ១០វគ្គ រួចមកហើយ ត្រូវបាន ​សហការ​រៀបចំ​ឡើង​ដោយ​វិ​ទ្យាស្ថាន​សេដ្ឋ​កិ​ច្ច​​និងហិរញ្ញវត្ថុ​ និង​ អគ្គនាយក​ដ្ឋាន​ពាក់ព័ន្ធ នៃក្រសួង​សេដ្ឋ​កិច្ច​​និង​ហិរញ្ញវត្ថុ និងស្ថាប័ន​បណ្តុះបណ្តាលជាតិ-អន្តរជាតិ ជូនមន្រ្តីរាជការនិងថ្នាក់ដឹកនាំ​ជំនាញរបស់ក្រសួង ស្ថាប័ន​និង​​អង្គភាព​ពាក់​ព័ន្ធ​ក្រោមឱវាទ និងមាន​សិក្ខា​កាម​សរុប​ប្រមាណ ១៣៨៥​ នាក់ បានចូលរួមក្នុង​វគ្គ​បណ្តុះ​បណ្តា​ល​ទាំងនោះ ។

ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា វគ្គបណ្ដុះបណ្ដាលនិងវិក្រឹតការនាពេលនេះ ពិតជា​មា​ន​​សារសំខាន់ និង ត្រូវ​បាន​រៀប​ចំ​ឡើងទាន់ពេលវេលា សម្រាប់ចូល​រួម​ចំណែក​​​ដល់ការបង្កើន​ចំណេះដឹង ពង្រឹងពង្រីក​សមត្ថភាព និងបង្កើនការយល់ដឹង​លើខ្លឹមសារ​​ នៃ​ការ​រៀប​ចំ​​​គម្រោងធានាចំណាយសម្រាប់អនុវត្តកិច្ច​លទ្ធកម្ម,​បទប្បញ្ញ​ត្តិ​រួម​នៃ​លទ្ធកម្ម,​លទ្ធកម្មសេវា​ទីប្រឹក្សា​,ផែនការ​លទ្ធកម្ម,ការកែតម្រូវផែនការលទ្ធកម្ម និង​ការធ្វើរបាយការណ៍អនុវត្ត​កិច្ច​លទ្ធកម្ម ជូន​ដល់​មន្រ្តី​​ក្រុម​លទ្ធកម្ម​ ​សម្រាប់តម្រង់​​ទិសការ​អនុវត្តកិច្ច​​លទ្ធ​កម្ម​របស់​​ក្រសួង​នីមួយៗ ឱ្យឈានទៅសម្រេច​បាន​ជោគ​ជ័យប្រកប​ដោយ​ប្រសិទ្ធភាព ឆ្លើយ​តប​បាន​ទាន់​ពេល​វេលា​ទៅនឹងតាម​តម្រូវ​ការនៅតាម​ក្រសួងស្ថាប័ន​រៀងៗ​ខ្លួន ព្រោះការ​គ្រប់​គ្រង​កិច្ចលទ្ធកម្មសាធារណៈគឺជាឧបករ​ណ៍​គោល​នយោបាយ​​ដ៏សំខាន់​ និង មិ​ន​អាច​ខ្វះ​បាន ដើម្បីធានា​ប្រសិទ្ធភាព​​​នៃ​ការ​ប្រើ​ប្រាស់​​​ថវិកាជាតិ​ ឆ្លើយ​តប​​ទៅនឹង​គោល​នយោបាយ​​របស់រាជរដ្ឋាភិបាល ។

          ជាមួយនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់នូវគ្រប់​បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាលនៅពេលនោះ ព្រមទាំងត្រូវ​ចូល​រួម​ពិភាក្សាផ្លាស់ប្តូរយោបល់ និង បទពិសោធន៍ ឱ្យបានសកម្ម និង ផុលផុស ដើម្បីស្វែងយល់​ និង​ចាប់​យកចំណុច គន្លឹះសម្រាប់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព នៅពេលត្រឡប់ទៅកាន់អង្គភាពការងាររៀងៗខ្លួន​វិញ ។ ឯកឧត្តម បណ្ឌិតរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តដល់វិទ្យាស្ថាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និងអគ្គនាយក​ដ្ឋាន​លទ្ធ​កម្ម​សាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបន្ត​សហការ​​​ក្នុង​ការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល និង វិក្រឹតការ​ ថែមទៀត​ជូន​ដល់​ក្រុម លទ្ធកម្មនៃអង្គភាពថវិការបស់គ្រប់ក្រសួងស្ថាប័ន សម្រាប់​រួមចំណែកពង្រឹង ពង្រឹង​សមត្ថភាព និងលើក​កម្ពស់​​ការយល់ ដឹង​ ដើម្បីចូលរួមអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ប្រកបដោយក្រមសីល​ធម៌​វិជ្ជា​ជីវៈ ក្នុងក្របខណ្ឌ​នៃ​អនុវត្ត​កា​រ​កែ​​ទម្រង់​​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារ​ណៈដំណាក់​​​កាល​ទី ៣ ឱ្យសម្រេចបានជោគជ័យ និង​ប្រកបដោយ​ប្រសិ​ទ្ធ​ភាព ។

efi-2017-5-23_1efi-2017-5-23_2efi-2017-5-23_3efi-2017-5-23_4efi-2017-5-23_5