(+855) 23 885 855
+

19

Jun, 2017

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” ជូនមន្រ្តីរាជការរជ្ជទេយ្យករ រជ្ជទេយ្យកររង និង មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុចំនួន ១០០ នាក់

By: | Tags: | Comments: 0

នៅព្រឹកថ្ងៃទី ១៩ ខែ មិថុនា​ ឆ្នាំ ២០១៧ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តបើកវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា ​​ជូនមន្រ្តីរាជការរជ្ជទេយ្យករ រជ្ជទេយ្យកររង និង មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុចំនួន ១០០ នាក់ មកពីមន្ទីរ​ អង្គភាពជំនាញចំនួន ៧ នៃសាលាខេត្តកំពង់ធំ សាលាខេត្តកំពង់ស្ពឺ សាលាខេត្តកណ្ដាល និងសាលារាជធានីភ្នំពេញ ក្នុងគោលបំណង ដើម្បីពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹង សម្រាប់អនុវត្តថវិកាកម្មវិធីនិងអង្គភាពថវិកា​ ក្នុងក្របខ័ណ្ឌនៃការកែ​​ទម្រង់ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅដំណាក់កាលទី ៣ ឱ្យ​សម្រេ​ចបាន​ជោគ​​ជ័យ​​ប្រក​ប​ដោ​យ​​ប្រសិទ្ធ​ភាព​ និងតម្លាភាពសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តក្រោម​អធិ​បតី​ភាព ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​​និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីលោកជំទាវ ឃួន ឃុនឌី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ តំណាងដ៏ខ្ពង់​ខ្ពស់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ។ វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ៤ ថ្ងៃ គឺពីថ្ងៃទី​ ១៩ ដល់ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៧ នៅសណ្ឋា​គារគ្លរៀស ទីរួមខេត្តកំពង់ធំ ក្រោមកិច្ចសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និង អគ្គនាយ​កដ្ឋាន​ពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តកំពង់ធំ ។

នៅក្នុងឱកាសនោះ លោកជំទាវ ឃួន ឃុនឌី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ បានរាយការណ៍អំពីស្ថានភាព​​នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ខេត្តកំពង់ធំ កំពង់ស្ពឺ កណ្ដាល និងរាជធានីភ្នំពេញ ដោយបានសង្កត់ធ្ងន់អំពីសេចក្តីត្រូវការក្នុងកសាងនិងអភិវឌ្ឍធនធានមនុស្ស សម្រាប់​ចូលរួមចំណែកក្នុងការអនុវត្តការកែទម្រង់​ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ ពិសេស គឺសម្រាប់ការអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា ដោយកន្លងមក រាជធានី ខេត្តទាំង ៤ បានជួបប​ញ្ហាប្រឈមមួយ​ចំនួន ដោយសារកង្វះធនធានមនុស្សដែលមានសមត្ថភាពជំនាញ និង​​បទពិសោធន៍គ្រប់គ្រាន់ ។ ក្នុងន័យនេះ លោកជំទាវអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” នេះ ពិតជាមានសារៈសំខាន់ និងត្រូវបានរៀបចំឡើងទាន់ពេលវេលា ឆ្លើយតបទៅនឹងតម្រូវការកសាងសមត្ថភាពមន្ត្រីរាជការ នៃមន្ទីរ អង្គភាពជំនាញ ទាំង​៧ របស់​សាលារាជធានី ខេត្ត​ ទាំង ៤ សម្រាប់អនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង​ និង អង្គភាពថវិកា នៅឆ្នាំ២០១៧ នេះ ​។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា វិទ្យា​ស្ថានសេដ្ឋកិច្ចនិង​​ហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសហការជិតស្និទ្ធ និងអនុវត្តខ្ជាប់ខ្ជួន តាមគោលការណ៍ និង ការដឹកនាំចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ការណែនាំផ្ទាល់របស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុង​​ការរៀបចំ និង អនុវត្តកម្មវិធីបណ្តុះបណ្តាល និង កសាងសមត្ថភាព ក្នុងគោល​បំណង​បង្កើន​ការយល់ដឹង និងពង្រីកសមត្ថភាពថែមទៀតជូនមន្រ្តីរាជការនៃមន្ទីរ អង្គភាពពាក់ព័ន្ធរបស់គ្រប់រាជធានី-ខេត្ត នៅទូទាំងប្រទេស សម្រាប់ចូលរួមអនុវត្ត​ថវិកាកម្មវិធីពេញលេញ ប្រកប​ដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងអនុលោមតាមក្រមសីលធម៌វិជ្ជាជីវៈ ជាធរមាន ។ ឯកឧត្តមនាយកវិទ្យាស្ថាន បានលើកឡើងថា ការកែទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ មាន ៤ ដំណាក់កាលសំខាន់ៗ និង ឈានឡើងជាជំហានៗ ពីដំណាក់កាលមួយទៅដំណាក់​កាលមួយទៀត ។ ការកែទម្រង់នេះបានទទួលជោគជ័យគួរឱ្យកត់សម្គាល់នៅដំណាក់កាលទី១ និង ដំណាក់កាលទី២ ពោលគឺការកសាង​បាន​នូវភាពជឿទុកចិត្តនៃថវិកា និង គណនេយ្យភាពហិរញ្ញវត្ថុ ហើយបច្ចុប្បន្នបានឈានដល់ឆ្នាំទី២ នៃដំណាក់កាលទី៣ សំដៅជំរុញការ​ផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយកជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលជាចំណុចរបត់ដ៏សំខាន់ និង មានវិសាលភាពធំទូលាយ និងកាន់តែស្មុគ្រស្មាញជាមុន ព្រោះមានក្រសួងស្ថាប័ន និងមន្ទីរ អង្គភាពកាន់តែច្រើនឡើង ត្រូវចូលរួមអនុវត្តថវិកាកម្មវិធី ពេញលេញ​សាក​ល្ប​ង និង អង្គភាពថវិកា ​និង ត្រូវការនូវធនធានមនុស្សមានសមត្ថភាព និង ជំនាញគ្រប់គ្រាន់ កាន់តែច្រើនឡើង ទាំងនៅថ្នាក់​ជាតិនិងថ្នាក់មូល​ដ្ឋាន ដើម្បីចូល​រួម​​អនុវត្ត​ការងារនេះឱ្យសម្រេចជោគជ័យប្រកបដោយប្រសិទ្ធភាពតាមការគ្រោងទុក ។ ប្រការ​នេះ​ធ្វើឱ្យ​តម្រូវ​ការបណ្តុះ​បណ្តាល និង កសាងសមត្ថភាព លើជំនាញ​​​ស្តីពីនីតិវិធីអនុវត្តថវិ​កា​កម្មវិធី និង អង្គភាពថវិកា គឺជាការចាំបាច់ ដែលក្រុមមន្រ្តីគ្រប់គ្រងហិរញ្ញវត្ថុ ត្រូវរៀន​សូត្រ ស្វែងយល់និងហ្វឹកហាត់ ដើម្បី​ធ្វើបច្ចុប្បន្នកម្ម និងពង្រីក​ចំណេះដឹង និងចំណេះធ្វើឱ្យកាន់តែ​រឹង​មាំ សម្រាប់​អនុវត្ត​តួនាទី​ភារ​កិច្ច ប្រកបដោយ​ផលិត​ភាព និងប្រសិទ្ធភាព ។

ទន្ទឹមនេះ ឯកឧត្តមនាយក ក៏បានបញ្ជាក់ផងដែរថា ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ បានផ្តល់​ការ​យក​ចិត្តទុក​ដាក់​ខ្ពស់​លើការ​បណ្តុះ​បណ្តាល និងកសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគន្លឹះ​ដើម្បី​សម្រេច​ជោគ​ជ័យ​ ក្នុងការអនុវត្តការកែទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាក់ស្តែង នៅឆ្នាំ ២០១៦ កន្លងទៅ មានវគ្គបណ្តុះ​បណ្តាល​ចំនួន ៤៤ វគ្គ ត្រូវរៀបចំឡើង សម្រាប់រួម​ចំណែ​ក​​ក្នុង​អនុវត្តថវិកាកម្មវិធី និងដើម្បីលើកកម្ពស់ភាពជាម្ចាស់ និង បណ្តុះ​ឆន្ទៈ​កំណែទម្រង់ ជូនមន្រ្តីរាជការ ថ្នាក់ដឹកនាំជំនាញ និង ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងស្ថាប័ន ដែល​មាន​សិក្ខា​កាម​សរុបចំនួន ៣៥៣០ នាក់ ក្នុងនោះក៏មាន ប្រធាន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អភិបាលរងទទួលបន្ទុកហិរញ្ញវត្ថុ នៃខេត្តទាំង ៤ ខាងលើនេះផងដែរ ។ លើសពីនោះ នៅ​ត្រឹមដើមខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅនេះ មានវគ្គ​បណ្តុះ​បណ្តាលចំនួន ១៣ វគ្គ ត្រូវបាន​សហការ​រៀបចំ​ឡើង​ដោយ​វិ​ទ្យាស្ថាន​​សេដ្ឋ​កិ​ច្ច​​និងហិរញ្ញវត្ថុ​ និង​ អគ្គនាយក​ដ្ឋាន​ពាក់ព័ន្ធ នៃក្រសួង​សេដ្ឋ​កិច្ច​​និង​ហិរញ្ញវត្ថុ និងមានសិក្ខា​កាមសរុប​ប្រមាណ ១៨៩៩​ នាក់ បានចូលរួមសិក្សាក្រេបយកចំណេះដឹង ចំណេះធ្វើ និង ផ្លាស់ប្តូរបទពិសោធន៍ ។

ឯកឧត្តមនាយកវិទ្យាស្ថានបានសង្កត់ធ្ងន់ថា វគ្គបណ្ដុះបណ្ដាលស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី នៅពេលនេះ ពិតជា​មា​ន​​​សារសំខាន់ សម្រាប់ចូល​រួម​ចំណែក​​​ដល់ការបង្កើន​ចំណេះដឹង ពង្រឹងពង្រីក​សមត្ថភាព និង លើកកម្ពស់ការយល់ដឹង​អំពីបទប្បញ្ញតិ្ត និង​​ នីតិវិធីនៃ​ការ​រៀប​ចំ​​​ និង អនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា ជូន​ដល់​មន្រ្តី​​រាជការសម្រាប់តម្រង់​​ទិសការ​អនុវត្តតួនាទីភារកិច្ចនៃមន្ទីរ អង្គភាពជំនាញ​នីមួយៗ ឱ្យឈានទៅសម្រេច​បាន​ជោគ​ជ័យប្រកប​ដោយ​ប្រសិទ្ធភាព ឆ្លើយ​តប​បាន​ទាន់​ពេល​វេលា​ទៅនឹងតាម​តម្រូវ​ការនៅតាម​អង្គភាព​រៀងៗ​ខ្លួន ក្នុងគោលដៅធានា​ប្រសិទ្ធភាព​​​ និងផលិតភាពនៃ​ការ​ប្រើ​ប្រាស់​​​ថវិកាជាតិ​ ឆ្លើយ​តប​​ទៅនឹង​គោល​នយោបាយ​របស់រាជរដ្ឋាភិបាលក្នុងការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។

          ឯកឧត្តមនាយកវិទ្យាស្ថាន ក៏បានសំណូមពរឱ្យសិក្ខា​កាម​​​​ទាំង​អស់​ សូមយកចិត្តសូមទុក​ដាក់​ស្តាប់គ្រប់បទឧទ្ទេសរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាលនេះ និង ត្រូវចូលរួមលើកសំណួរ ចោទឆ្លើយ ពិភាក្សា និងផ្លាស់ប្តូរគំនិតយោបល់ឱ្យ​បានផុសផុល ដើម្បីចាប់យកចំណេះដឹង និង ចំណេះធ្វើឱ្យបានជាអតិបរមាសម្រាប់យកទៅ​អនុវត្តក្នុងការដ្ឋានការងារ នៅពេលត្រឡប់ទៅកាន់មន្ទីរ អង្គភាពរៀងៗខ្លួនវិញ ពិសេសគឺដើម្បីចូលរួមអនុវត្តថវិកាកម្មវិធី​ និងអង្គភាពថវិកាឱ្យសម្រេចបានជោគជ័យ ក្នុងការជំរុញ​កា​រ​ផ្សារ​ភ្ជាប់​ថវិកាទៅនឹងគោលបំណងគោល​នយោបាយអាទិភាព​របស់រាជរដ្ឋាភិបាល ឆ្លើយតប​ទៅនឹង​​សេចក្តី​​​ត្រូវការ សំណូមពរ និងបំណងប្រាថ្នា​របស់​​ប្រជាជន ។​efi-2017-6-19_1efi-2017-6-19_2efi-2017-6-19_3efi-2017-6-19_4