(+855) 23 885 855
+

22

Jun, 2017

នាព្រឹកថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៧ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំ “កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៤ សរណន ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៧

By: | Tags: | Comments: 0

នា​ព្រឹក​ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៧ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មាន​រៀប​ចំ “កិច្ច​ប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៤ សរណន ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៧ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨” ក្រោម​ការ​ដឹកនាំរបស់ ឯក​ឧត្តម​បណ្ឌិត ហ៊ាន សាហ៊ីប ​ រដ្ឋលេខាធិការ និង​ជាប្រធានក្រុមការងារ​ថវិកា​កម្រិត​ថ្នាក់​ដឹកនាំ​អង្គភាព​ថវិកា នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ កិច្ច​ប្រជុំ​ផ្សព្វផ្សាយនេះ មាន​គោល​បំណងពង្រឹង ​និង​បង្កើន​ការយល់​ដឹងបន្ថែម​ទៀត ដល់​ក្រុម​ការ​ងារ​ថវិកា​ មក​ពីបណ្តាអង្គភាព​ថវិកា​ ទាំង​ថ្នាក់​កណ្តាល ​និង​ថ្នាក់​មូលដ្ឋាន នៃ​ក្រសួង​ ក្នុង​ការ​ត្រៀម​លក្ខណៈ​សម្រាប់ការរៀប​ចំ​គម្រោង​ចំណូល-ចំណាយថវិកា​របស់​អង្គភាព​ថវិកា សម្រាប់​ឆ្នាំ២០១៨ ឱ្យកាន់​តែ​សុក្រឹត, មានគុណភាព និង​ទាន់​ពេល​វេលា ព្រម​ទាំង​​ជំរុញ​ឱ្យអង្គភាព​ថវិកា អាច​ត្រៀម​ខ្លួន​បាន​មួយ​កម្រិតទៀត សម្រាប់​ការងារត្រួត​ពិនិត្យ​ការអនុវត្ត​ថវិកា​កម្ម​វិធី​ពាក់​កណ្តាល​ឆ្នាំ​២០១៧ នា​ខែ​កក្កដា ខាង​មុខ​ផង​ដែរ ។

កិច្ច​ប្រជុំ​​ផ្សព្វ​ផ្សាយនេះ បាន​ប្រព្រឹត្តទៅ​ក្រោម​របៀប​វារៈ​សំខាន់ៗ​ចំនួន ៤ រួមមាន៖

ទី១) បទបង្ហាញអំពីសារាចរណែនាំលេខ ០៤ សរណន ចុះថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០១៧ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨,

ទី២) បទបង្ហាញអំពីផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០១៨-២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,

ទី៣) ការបង្ហាញអំពីការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០១៧ (តួលេខបឋម) របស់អង្គភាពថវិកា នៃក្រសួង  សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង

ទី៤) ការណែនាំអំពី​ការរៀបចំគម្រោងចំណូល-ចំណាយថវិកា ឆ្នាំ២០១៨ ជូន​អង្គភាពថវិកា នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​ជជែក​ពិភាក្សា និង​កែ​លម្អ​បន្ថែមក្នុង​វិបស្សនា​រៀប​ចំ​ការ​ងារ​នេះ នៅថ្ងៃទី​៣ -៥ ខែ  កក្កដា ឆ្នាំ​២០១៧។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នេះ ​បណ្ឌិត ហ៊ាន សាហ៊ីប បាន​ធ្វើ​ការ​គូស​បញ្ជាក់​ថា ​រាជរដ្ឋាភិបាលតាម​រយៈក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​ដាក់​ចេញ​​រួច​រាល់នូវ: (១).ក្រប​ខណ្ឌ​គោល​នយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច​​ និង គោល​នយោ​បាយ​ហិរញ្ញវត្ថុ  សាធារណៈ ​សម្រាប់​ការ​រៀប​ចំ​សេចក្តីព្រាង​ច្បាប់ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៨ (២).សារា​ចរ​ណែនាំស្តីពី​ការរៀប​ចំ​ផែនការ​យុទ្ធ​សាស្ត្រ​ថវិកា​ឆ្នាំ​២០១៨-២០២០ ដែល​នឹង​ក្លាយ​ជា​ឧបករណ៍​គន្លឹះ​សម្រាប់​ទ្រទ្រង់​ការ​ត្រួត​ពិនិត្យ ​និង​វាយ​តម្លៃ​ប្រសិទ្ធភាពនៃ​សមិទ្ធកម្មការងារ​របស់​អង្គភាព​ថវិកា​នៃ​ក្រសួង ស្ថាប័ន និង (៣). សារាចរ​ណែនាំ​ស្តីពី​ការ​រៀប​ចំ​សេចក្តីព្រាង​ច្បាប់ស្តីពី​ហិរញ្ញវត្ថុស​ម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៨ ដើម្បី​ផ្តល់​គោល​ការណ៍​ណែនាំ​ថ្មីៗ​ សម្រាប់​ជាមូលដ្ឋាន និង​ជា​ក្រប​ខណ្ឌ​នៃ​ការ​រៀប​ចំ​កញ្ចប់​ថវិកា​ឆ្នាំ​២០១៨ របស់​គ្រប់​ក្រសួង ស្ថាប័ន​ទាំង​អស់ ដែល​ជា​រដ្ឋបាល​ថ្នាក់​ជាតិ ក្នុងគោល​ដៅ​គាំទ្រ​ដល់​ការ​អនុវត្ត​គោល​បំណង​គោល​នយោបាយ​របស់​ក្រសួង ស្ថាប័ន  អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និងប្រកបដោយ​ប្រសិទ្ធភាព។

​បន្ថែម​លើ​នេះ ឯក​ឧត្តម​បណ្ឌិតរដ្ឋលេខាធិការ បាន​មាន​ប្រសាសន៍​លើ​ក​ឡើង​ថា ខ្លឹម​សារ​នៃ​សារាចរណែនាំ​លេខ ០៤ នេះ ពិត​ជា​មាន​សារៈសំខាន់   ​ដោយ​បាន​ដាក់​ចេញ​នូវ​ក្រប​ខ័ណ្ឌ និង​វិធានការ​ប្រមូល​ចំណូល,​ ការ​កំណត់ ​អាទិភាព​ចំណាយ​តាម​វិស័យ និង​គោល​ការណ៍​សំខាន់ៗសម្រាប់​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​វិភាជ​ថវិកា ដោយ​ផ្អែកលើ​  លទ្ធភាព​ជាក់​ស្តែង​នៃ​ថវិកា​ជាតិ, អាទិភាព​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល និងប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ថវិកា​ របស់​ក្រសួង ស្ថាប័ន នា​ឆ្នាំ​កន្លងមក ។

 ក្នុង​ន័យ​នេះ ដើម្បី​គាំទ្រ​គោលបំណង​គោល​នយោបាយ​របស់​ក្រសួង អាច​អនុវត្ត​សម្រេច​បាន​ជោគជ័យ ទៅ​តាម​ផែនការ​សកម្មភាព​ការ​ងារ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន, ថ្នាក់​ដឹកនាំអង្គភាព​ថវិកា និងមន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់ ​ជា​ពិសេស​​ ក្រុមការងារ​ថវិកា ​នៃ​អង្គភាព​ថវិកា​នីមួយៗ ចាំ​បាច់​ត្រូវ​ខិត​ខំបំពេញ​ការងារ ប្រកបដោយឆន្ទៈម្ចាស់​ការ ​​និង​ទទួលខុសត្រូវ​ខ្ពស់, ដោយ​គោរព​ឱ្យ​បានខ្ជាប់​ខ្ជួននូវ​ក្របខ័ណ្ឌ​គតិយុត្ត, បណ្តា​វិធាន,​ នីតិវិធី ព្រមទាំង​គោល​ការណ៍បច្ចេកទេសនានា ទាំង​ផ្នែក​ចំណូល និង​ផ្នែក​ចំណាយ សំដៅ​ធ្វើ​យ៉ាងណាសម្រេច​ឱ្យបាន​ជោគជ័យ​នូវ​គោល​បំណង​គោល​នយោបាយ និង​កម្ម​វិធី/​យុទ្ធសាស្ត្រ​អាទិភាពរបស់ខ្លួន ដើម្បី​រួម​ចំណែកសម្រេច​ឱ្យ​បាន​គោលនយោបាយ​រួម​របស់រាជរដ្ឋាភិបាល គឺ​៖

១) រក្សា​កំណើន​សេដ្ឋកិច្ចខ្ពស់​ក្នុង​រង្វង់ ៧% ក្នុងមួយឆ្នាំ សម្រាប់​រយៈពេល​វែង ប្រកបដោយចីរភាព, សមធម៌ បរិយាប័ន្ន និង​ធន​នឹង​វិបត្តិ,

២) កាត់​បន្ថយភាព​ក្រី​ក្រ ឱ្យ​បាន​លើសពី ១% ក្នុង​មួយ​ឆ្នាំៗ,

៣) បន្ត​រក្សា​​ឱ្យ​បាន​នូវ​ស្ថេរភាព​នយោបាយ និង​ម៉ា​ក្រូសេដ្ឋកិច្ច ដែល​ជាមូលដ្ឋាន​គ្រឹះ​និង​ចាំ​បាច់​បំផុត សម្រាប់​ការ​ឈាន​និង​សម្រេច​បាន​នូវគោល​ដៅ​ចុង​ក្រោ​យ​របស់​រាជ​រដ្ឋាភិបាល គឺ ភាព​សុខដុម​រមនា​សង្គម និង​ សុខុមាលភាព​ប្រជាជន។

ទន្ទឹមនេះ សារាចរ​លេខ ០៤ ក៏ជាផ្នែកមួយ​យ៉ាង​សំខាន់​ ក្នុងការ​ចូលរួម​សម្រេច​ឱ្យ​បាននូវ​ការ​អនុវត្ត​កម្មវិធី​កែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់​កាលទី៣ (២០១៥-២០២០) ដែលជា “ការ​បង្កើន​ការផ្សារភ្ជាប់​ថវិកា​ទៅ​នឹងគោល​នយោបាយ” ដោយ​មានគោល​ដៅ​ចម្បង ជា​ការ​កែទម្រង់ប្រព័ន្ធ​ថវិកា​ទាំង​មូល ពីប្រព័ន្ធ​ផ្តោត​លើ​ធាតុ​ចូល  មជ្ឈការ ទៅ​ជា​ប្រព័ន្ធ​ផ្តោ​តលទ្ធផល និង វិមជ្ឈការ តាម​រយៈការ​ពង្រឹ​ង​និង​ពង្រីក​ការ​អនុវត្តផែនការ​យុទ្ធសាស្ត្រ​ថវិកា, កា​រអនុវត្ត​ថវិកា​កម្ម​វិធី និង​កា​រ​អនុវត្ត​អង្គភាព​ថវិកា ព្រមទាំង​ការ​ពង្រឹង​ការ​រៀប​ចំ​គោល​នយោបាយ, ការព្យាករណ៍ និង​ការ​រៀប​ចំ​ផែនការ​ហិរញ្ញវត្ថុ ជាដើម ។ ហេតុនេះ គ្រប់​ក្រសួង​ ស្ថាប័ន ត្រូវ​បន្តជំរុញការ​លើក​កម្ពស់​អភិបាល​កិច្ច​ល្អ ​ក្នុង   ​វិស័យ​ហិរញ្ញវត្ថុសាធារណៈ ដែលមិនត្រឹម​តែ​អាច​បង្កើន​សក្តានុពល​នៃតួនាទី​ថវិកា ក្នុង​នាម​ជា​ឧបករណ៍​សម្រាប់អនុវត្ត​គោលនយោបាយរបស់​រាជរដ្ឋាភិបាល​ប៉ុណ្ណោះទេ ថែមទាំង​អាច​ក្លាយ​ជា​ជន្ទល់​ដ៏​រឹង​មាំ​ សម្រាប់​ទ្រទ្រង់​ដល់​ការ​ដ្ឋាន    កម្ម​វិធី​កែ​ទម្រង់​ដទៃ​ទៀត ដោយ​រួម​ទាំង​បង្កើន​ភាព​ស័ក្តិ​សិទ្ធ និង​ប្រសិទ្ធភាព​នៃការ​ផ្តល់​សេវា​សាធារណៈជូន​ប្រជាពលរដ្ឋ​ផងដែរ។

​មុន​នឹង​បញ្ចប់  ឯក​ឧត្តម​​រដ្ឋលេខាធិការ បាន​លើក​ទឹក​ចិត្ត ក៏​ដូច​ជា​សំណូមពរដល់​សមាជិក​ សមាជិកា​នៃ​អង្គប្រជុំ​ទាំង​អស់ ឱ្យ​ចូល​រួម​យ៉ាង​សកម្មជា​មួយ​នឹង​ស្មារតី​យក​ចិត្តទុក​ដាក់​ខ្ពស់ ដើម្បី​ស្វែង​យល់​ឱ្យ​កាន់​តែ​ច្បាស់​លាស់ និង ស៊ី​ជម្រៅនូវវិធាន, នីតិវិធី និង​បច្ចេកទេសនានា នៃ​ការ​រៀប​ចំ, ការ​អនុវត្ត និង​ការ​ត្រួត​ពិនិត្យ​វាយតម្លៃ​ការ​អនុវត្ត​ថវិកា​កម្មវិធី ប្រកបដោយ​ភាព​រលូន និង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ។

        ជាទីបញ្ចប់ ឯក​ឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បាន​មានប្រសាសន៍​ដោយ​ជឿជាក់​ថា កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយនេះ នឹងផ្ដល់ធាតុចូលបន្ថែមយ៉ាងសំខាន់ ក្នុងការពង្រឹង និងបង្កើនសមត្ថភាព​ក្រុម​ការងារ​ថវិកា​នៃ​គ្រប់​អង្គភាព​ថវិកា​ទាំង​អស់ ក្នុងការចូលរួមចំណែកអនុវត្តថវិកាកម្មវិធី​ផ្ទៃក្នុងក្រសួង ឱ្យសម្រេច​លទ្ធផល​ផ្លែផ្កា៕

efi-2017-6-22_1efi-2017-6-22_2efi-2017-6-22_4efi-2017-6-22_3efi-2017-6-22_5