(+855) 23 885 855
+

3

Jul, 2017

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” ក្នុងគោលបំណងបង្កើនសមត្ថភាព និង លើកកម្ពស់ការ យល់ដឹងជូនដល់រជ្ជទេយ្យករ រជ្ជទេយ្យកររង និង មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ ចំនួន ១២៥ នាក់

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០១៧ នៅសណ្ឋា​គារ​ឯករាជ្យ ទីរួមខេត្តព្រះសីហនុ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាន​រៀប​ចំបើកវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកាក្នុងគោល​បំណង​បង្កើនសមត្ថភាព និង លើកកម្ពស់ការ យល់ដឹងជូនដល់រជ្ជទេយ្យករ រជ្ជទេយ្យកររង និង មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ ចំនួន ១២៥ នាក់ មកពីបណ្តាមន្ទីរ-អង្គភាពជំនាញចំនួន ៧ នៃសាលាខេត្ត​ចំនួន៥ រួមមាន ខេត្តព្រះសីហនុ,ខេត្តកោះកុង,ខេត្តកំពត,ខេត្តកែប និង ខេត្តតាកែវ សម្រាប់អនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា​ ក្នុងក្របខ័ណ្ឌនៃកម្មវិធីការកែ​​ទម្រង់ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ឱ្យ​សម្រេ​ចបាន​ជោគ​​ជ័យ​​ ប្រក​ប​ដោ​យ​​ប្រសិទ្ធ​ភាព​ និង តម្លាភាព រួមចំណែកកាន់តែខ្លាំងក្លាដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ វគ្គ​បណ្តុះ​បណ្តាលនេះ​ប្រព្រឹត្ត ទៅក្រោមកិច្ចសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ, អគ្គនាយ​កដ្ឋាន​ជំនាញពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តព្រះសីហនុ ។

​លោកជំទាវ ហៀក ហ៊ីមុលី អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានបង្ហាញ​ចំណាប់​អារម្មណ៍ និង លើក​ឡើងអំពីស្ថានភាព ​​នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ខេត្ត​ ដោយបានសង្កត់ធ្ងន់ទៅលើសេចក្តីត្រូវការ​ចាំ​បាច់ក្នុងការកសាង និង អភិវឌ្ឍធនធានមនុស្ស សម្រាប់​ចូលរួមចំណែកអនុវត្តការកែទម្រង់​ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ ពិសេសការបង្កើនសមត្ថភាពលើការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា។ លោកជំទាវអភិបាលរងខេត្ត លើកឡើងថា ជាក់ស្តែងកន្លងមកខេត្តព្រះសីហនុ ក៏ដូចជាខេត្តផ្សេងទៀតបានជួប​ប្រទះប​ញ្ហាប្រឈមមួយ​ចំនួនក្នុងការអនុវត្តការងារដោយសារកង្វះធនធានមនុស្សដែលមានសមត្ថភាព ជំនាញ និង ​​បទពិសោធន៍គ្រប់គ្រាន់ ហើយការកៀរគរធនធានមនុស្សមកពីកន្លែងផ្សេងក៏មិនងាយស្រួលនោះដែរ ។ ដូច្នេះការបណ្តុះបណ្តាលជំនាញ ការអភិវឌ្ឍសមត្ថភាព មន្ត្រីកំពុងបម្រើការងារនៅក្នុងខេត្តពិតជាមានសារៈសំខាន់ ឆ្លើយតបទៅនឹងតម្រូវការកសាងសមត្ថភាពមន្ត្រីរាជការនៃមន្ទីរ-អង្គភាពជំនាញជាក់ស្តែង និង ទាន់ពេលវេលា ពិសេសវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកាដែលនឹងរួម ចំណែកសំខាន់ដល់ការអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង​ និង អង្គភាពថវិកានៃមន្ទីរជំនាញទាំង ៧ ក្នុងឆ្នាំ២០១៧ នេះ ​។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ ក្រសួង​សេដ្ឋកិច្ច​​និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ​កម្ពុជាបាន​ដាក់​ឱ្យ​អនុវត្តកម្មវិធីកែទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ​មានលក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង មាន ៤ ដំណាក់កាលសំខាន់ៗ ហើយបាន​និង​កំពុងឈានឡើងជាជំហានៗពីដំណាក់កាលមួយទៅដំណាក់​កាលមួយទៀត ។ ជាលទ្ធផលនៃការកែទម្រង់នេះកម្ពុជាបាន ទទួលជោគជ័យគួរជាទី​មោទនៈដោយនៅដំណាក់កាលទី ១ ការកសាង​បាន​នូវភាពជឿទុកចិត្តនៃថវិកា (២០០៥-២០០៨) និង ដំណាក់- កាលទី២ គណនេយ្យភាពហិរញ្ញវត្ថុ (២០០៩-២០១៥) ហើយបច្ចុប្បន្ននេះបានឈានដល់ឆ្នាំទី ៣ នៃដំណាក់កាលទី ៣ សំដៅជំរុញការ​ផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ដែលជា​ការងារអាទិភាពរបស់រាជរដ្ឋាភិបាល ព្រមទាំងជាចំណុចរបត់មួយដ៏សំខាន់ មានវិសាលភាពធំទូលាយ និង កាន់តែស្មុគស្មាញជាមុន ដោយសារមានក្រសួង ស្ថាប័ន និង មន្ទីរ អង្គភាពកាន់តែច្រើនឡើង ត្រូវចូលរួមអនុវត្ត ថវិកាកម្មវិធីពេញលេញ​សាក​ល្ប​ង និង អង្គភាពថវិកា។ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានបន្ថែមថាដើម្បីឈានទៅសម្រេចបានតាមគោលបំណងនៃកម្មវិធីកែទម្រង់ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ​ ដំណាក់កាលទី ៣ នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ចេញនូវ “គោលការណ៍ណែ​នាំ​ស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី” ក្នុងគោលបំណងរៀបចំក្របខណ្ឌគតិយុត្តគ្រប់ជ្រុងជ្រោយសម្រាប់​ក្រសួង ស្ថាប័ន និង មន្ទីរជំនាញរាជធានី-ខេត្ត ដើម្បីអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា សំដៅធានាថាការវិភាជន៍ ថវិកាត្រូវបានអនុវត្តដោយអនុលោមតាមនីតិវិធីហិរញ្ញវត្ថុជាធរមាន និង កត់ត្រាបានត្រឹមត្រូវតាមមាតិកាថវិកា, មាតិកាគណនេយ្យ និង ស្របតាមកម្មវិធី,  អនុកម្មវិធី និង សកម្មភាពតាមការគ្រោងទុក ។ ក្នុងស្មារតីនេះ ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​បានចង្អុលទិសដៅច្បាស់លាស់ និង លើកទឹកចិត្តខ្ពស់លើការងារកសាង និង អភិវឌ្ឍសមត្ថភាពធនធានមនុស្ស និង លើកកម្ពស់សមត្ថភាពស្ថាប័នក្នុងវិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ កសាង សមត្ថភាពជំនាញពិសេសមន្ត្រីរាជការដែលជារជ្ជទេយ្យករ រជ្ជទេយ្យកររង និងមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ ដើម្បីចូល​រួម​​អនុវត្ត​ការងារប្រកបដោយប្រសិទ្ធភាពតាមការគ្រោងទុក ។

ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បាន​បន្ថែម​ថា ក្នុងស្មារតី​យក​ចិត្តទុក​ដាក់​ខ្ពស់​លើការ​បណ្តុះ​បណ្តាល និង កសាង សមត្ថភាពមន្រ្តីរាជការ លើជំនាញ​​​​ពាក់​ព័ន្ធនីតិវិធីអនុវត្តថវិ​កា​កម្មវិធី និង អង្គភាពថវិកា ជូនក្រុមមន្រ្តីគ្រប់គ្រងហិរញ្ញវត្ថុ ក្រុមការងារថវិកា, រជ្ជទេយ្យករ, រជ្ជទេយ្យកររង, ភ្នាក់ងារបើកផ្តល់ ជាដើម ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះ​បណ្តាល​ចំនួន ៤៤ វគ្គ ជូនមន្រ្តីរាជការ ថ្នាក់ដឹកនាំជំនាញ និង ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួង ស្ថាប័ន រួម​បញ្ចូលទាំងប្រធាន អនុប្រធានមន្ទីរ និង អភិបាលរងទទួលបន្ទុកហិរញ្ញវត្ថុ នៃខេត្តទាំង ៥ ខាងលើនេះដែរ ដែល​មាន​សិក្ខា​កាម​សរុបចំនួន ៣ ៥៣០ នាក់ កាលពីឆ្នាំ ២០១៦ កន្លងទៅ ហើយគិតត្រឹមខែ មិថុនា ឆ្នាំ ២០១៧ នេះ មានវគ្គ​បណ្តុះ​បណ្តាលចំនួន ១៥ វគ្គ ត្រូវបាន​រៀបចំ​ឡើងដោយមានសិក្ខា​កាមសរុប​ប្រមាណ ២ ០២៩នាក់ បានចូលរួមសិក្សាក្រេបយកចំណេះដឹង ចំណេះធ្វើ និង ផ្លាស់ប្តូរបទពិសោធន៍ ហើយពួកគេទាំងអស់ បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា ។

ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ និង​ រំពឹង​ទុក​យ៉ាង​មុតមាំ​ថាវគ្គបណ្ដុះបណ្ដាលស្តីពី នីតិវិធីអនុវត្តថវិកាកម្មវិធី” នាពេលនេះ នឹង​ជំរុញតម្រង់​​ទិសការ​អនុវត្តតួនាទីភារកិច្ច នៃមន្ទីរ អង្គភាពជំនាញ​នីមួយៗឱ្យឈានទៅសម្រេច​បានលទ្ធផលផ្លែ​ផ្កា ឆ្លើយ​តប​បាន​ទាន់​ពេល​វេលា​ទៅតាម​តម្រូវ​ការនៅតាម​អង្គភាព​រៀងៗ​ខ្លួន ក្នុងគោលដៅធានា​ប្រសិទ្ធភាព សង្គតិភាព​​​ និង ផលិតភាពនៃ​ការ​ប្រើ​ប្រាស់​​​ ថវិកាជាតិ​ ស្រប​តាម​គោល​បំណង​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល ។

          ជាមួយ​គ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់នូវគ្រប់​បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាល ព្រមទាំងត្រូវ​ចូល​រួម​ពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និង បទពិសោធន៍ឱ្យបានសកម្ម និង ផុលផុស ដើម្បីស្វែងយល់​ និង​ ចាប់​យកចំណុចគន្លឹះសម្រាប់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព នៅពេលត្រឡប់ទៅកាន់អង្គភាពការងាររៀងៗខ្លួន​វិញ ។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តដល់វិទ្យាស្ថាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង អគ្គនាយក​ដ្ឋាន​ពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបន្ត​សហការ​​​រៀបចំ​វគ្គ​បណ្តុះបណ្តាលថែមទៀត​ជូន​ដល់​មន្រ្តីរាជការនៃមន្ទីរ អង្គភាពជំនាញនៃបណ្តាខេត្តដទៃទៀត នៅទូទាំងប្រទេស សម្រាប់​​រួមចំណែកពង្រឹងសមត្ថភាព និង លើក​កម្ពស់​​ការយល់ដឹង​ ក៏ដូចជាចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង និង អង្គភាព​ថវិកា ប្រកបដោយ ក្រមសីល​ធម៌​វិជ្ជា​ជីវៈ ក្នុងក្របខណ្ឌ​នៃ​អនុវត្ត​កា​រ​កែ​​ទម្រង់​​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារ​ណៈនៅដំណាក់​​​កាល​ទី ៣ ឱ្យសម្រេចបានជោគជ័យប្រកបដោយ​ប្រសិ​ទ្ធ​ភាព សង្គតិភាព និង ចីរ​ភាពនៃការអភិវឌ្ឍ ។

 

efi-2017-7-3_1efi-2017-7-3_2efi-2017-7-3_3jpgefi-2017-7-3_4efi-2017-7-3_5efi-2017-7-3_6