(+855) 23 885 855
+

12

Jul, 2017

សិក្ខាសាលាពិគ្រោះយោបល់ស្តីពីវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Financial Management Information System-FMIS) នៅតាមរតនាគាររាជធានី-ខេត្ត និង ការស្វែងរកធាតុចូលក្នុងការបន្តពង្រីកការអនុវត្តគម្រោង FMIS នៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៧ នៅ​សណ្ឋាគារ​ភ្នំពេញ រាជ​ធានី​ភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​រៀប​ចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “វឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធ FMIS នៅតាមរតនាគាររាជធានី-ខេត្ត និង ការស្វែងរកធាតុចូលក្នុងការបន្តពង្រីកការអនុវត្តគម្រោង FMIS​ នៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត” ក្រោម​ការដឹកនាំ​របស់ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ និង​ ជាប្រធានក្រុមការងារ​គ្រប់​គ្រង​គម្រោង FMIS  ។ សិក្ខាសាលានេះ ជាឱកាសថ្មី និងសំខាន់មួយទៀត សម្រាប់ក្រុមការងារគ្រប់គ្រងគម្រោង FMIS​ ដើម្បីបោះជំហានបន្តដំណើរនៅលើផ្លូវដ៏វែងឆ្ងាយ និងធានាសម្រេចឱ្យបានជោគជ័យនូវការអនុវត្តគម្រោង FMIS នៅជំហានទី២។ សិក្ខាសាលាពិគ្រោះយោបល់នេះ​រៀប​ចំ​ឡើង​ក្នុ​ងគោល​បំណងសំខាន់ៗ ចំនួន ០៣ គឺ៖

           ១) ការស្តាប់វឌ្ឍនភាព​ការងារ និង​បញ្ហា​ប្រឈមនានា របស់រតនាគាររាជធានី-ខេត្ត ដែលបានខិតខំពុះពារ និង ជំនះគ្រប់ឧបសគ្គក្នុងការផ្លាស់ប្តូរបរិបទពីការអនុវត្តការងារដោយដៃ ឬ ក្រដាស មកប្រើប្រាស់ប្រព័ន្ធទំនើបកម្មដែលប្រើប្រាស់ដោយប្រព័ន្ធកុំព្យូទ័រ និង​បច្ចេកវិទ្យាព័ត៌មាន បានជោគជ័យ និងទទួលផ្លែផ្កាគួរជាទីមោទនៈ សម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូច-ជារាជរដ្ឋាភិបាលកម្ពុជាទាំងមូល ព្រមទាំងទិសដៅ​បន្ត​ក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS កាន់តែមានប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព។

           ២) ការបញ្រ្ជាបព័ត៌មានអំពីប្រព័ន្ធ FMIS និង ការចែករំលែកនូវបទពិសោធន៍របស់រតនាគាររាជធានី-ខេត្ត ជូនដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបានជ្រាបច្បាស់អំពីផែនការ ដើម្បីត្រៀមខ្លួនជាស្រេច ក្នុងការសហការជាមួយក្រុមការងារ នាពេលអនាគតដ៏ខ្លីខាងមុខ។

           ៣) ការបំផុសឱ្យមានការពិភាក្សាស៊ីជម្រៅលើមុខងារ ភារកិច្ច និង​ ការទទួលខុសត្រូវ ដែលមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងត្រូវអនុវត្តនៅពេលប្រើប្រាស់ប្រព័ន្ធ FMIS ជាពិសេសការបន្ស៊ីមុខងារគ្នារវាងរតនាគារ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាការគិតគូរអំពីបញ្ហាប្រឈម និង សំណូមពរនានា ដើម្បីជាធាតុចូលចាំបាច់សម្រាប់ក្រុមការងារ យកមកគិតគូរ និង វិភាគឱ្យ​កាន់តែច្បាស់​លាស់ ក្នុងការត្រៀមរៀបចំសកម្មភាព, ក្រុមអនុវត្តតាមផ្នែកនីមួយៗ និងហេដ្ឋារចនាសម្ព័ន្ធ​​បច្ចេកវិទ្យាព័ត៌មាន ឱ្យបានសមស្រប។

           បណ្ឌិត ហ៊ាន សាហ៊ីប បានលើកឡើង​ថា សិក្ខាសាលាពិគ្រោះយោបល់នេះ ជា​ឱកាសនៃកា​រជួប​ជុំ​ពិភាក្សា​គ្នាលើក​ដំបូង​រវាង​ក្រុមការងារគ្រប់​គ្រង​គម្រោង FMIS ជាមួយក្រុម​ការងារ​នៃរតនាគារ​រាជធានី ខេត្ត និង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី ខេត្ត ហើយនឹង មានឱកាសជួបពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានារួមគ្នា ជាបន្តបន្ទាប់ទៀត ដើម្បី​ចូលរួមសម្របសម្រួលគាំទ្រសម្រេចបានលទ្ធផលតាមផែនការដូចបានគ្រោងទុក និងទិសដៅការងារ ដូច​បានចងក្រងក្នុងឯកសារ “ផែនការយុទ្ធសាស្ត្រពង្រីកប្រព័ន្ធ FMIS ជំហានទី២ ២០១៧-២០២០” ដែល ឯក​ឧត្តម​​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​អនុម័ត កាលពី​ថ្ងៃទី ៧ ខែ​ មីនា ឆ្នាំ ២០១៧ កន្លងទៅ។

           ថ្លែ​ង​ក្នុង​ពិធី​នោះ ឯក​ឧត្តម​បណ្ឌិត​រដ្ឋលេខាធិការ បាន​គូសបញ្ជាក់​ថា ការបន្តអនុវត្តជំហានទី២ នៅឆ្នាំ ២០១៨ ខាងមុខ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន ១០ ក៏នឹងត្រូវឆ្លងកាត់ដូចគ្នានូវការផ្លាស់ប្តូរ ដែលពុំអាចចៀសបាន ប៉ុន្តែអ្វីដែលជាភ័ព្វសំណាងរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនោះ គឺក្រសួងមានរតនាគាររាជធានី-ខេត្តទាំងអស់ បានខិតខំប្រឹងប្រែងរួមគ្នាកសាងរួចជាស្រេចនូវប្រព័ន្ធ​មួយ​ដែលអាចបម្រើបានតាមសំណូមពរ នៃការគ្រប់គ្រងហិរញ្ញវត្ថុ និងការអនុវត្តថវិកាជាតិមួយជំហានហើយ ។ ដូច្នេះមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពុំចាំបាច់ចាប់ផ្ដើមឡើងពីបាតដៃទទេឡើយ ព្រោះមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានឱកាសក្នុងការឃើញ និងប្រើប្រាស់ប្រព័ន្ធដោយផ្ទាល់ និង រៀនសូត្រ ក៏​ដូចជាចែករំលែកបទពិសោធន៍ល្អៗផ្ទាល់ពីបណ្ដារតនាគាររាជធានី-ខេត្ត ។

           ឯក​ឧត្តម​បណ្ឌិត​រដ្ឋលេខាធិការ បាន​បន្ថែម​ទៀតថា វឌ្ឍនភាពទាំងអស់នេះ គឺជាកត្តាលីករដ៏សំខាន់ សម្រាប់ជួយជំរុញល្បឿននៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ ឱ្យឈានទៅសម្រេចបានតាមចក្ខុវិស័យដ៏ពិតប្រាកដ នៅឆ្នាំ ២០២៥ គឺ “ប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និង វិម្ឈការស្របតាមស្តង់ដារអន្តរជាតិ និង ឧត្តមានុវត្តន៍អន្តរជាតិ”។ ទន្ទឹមនេះ ប្រព័ន្ធ FMIS គឺកំពុងក្លាយជាឆ្អឹងខ្នងដ៏សំខាន់មួយសម្រាប់គាំទ្រ ដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅធានាដល់ការរៀបចំ និង អនុវត្តថវិកាជាតិ ប្រកបដោយ តម្លាភាព, ប្រសិទ្ធភាព  និង គណនេយ្យភាព​​ ទាំងផ្នែកចំណូល និង ចំណាយ តាម​រយៈប្រព័ន្ធទំនើបកម្មគ្រប់គ្រងហិរញ្ញវត្ថុ និង ថវិកាប្រកប​ដោយភាពសមាហរណកម្ម និងសង្គតិភាព។

ជាមួយគ្នា​នេះ ឯក​ឧត្តម​រដ្ឋលេខាធិការ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ, មន្ត្រីបង្គោល, គ្រូបង្គោល និង មន្ត្រីបច្ចេកទេសរបស់រតនាគាររាជធានី-ខេត្តទាំងអស់ ចំពោះការខិតខំប្រឹងប្រែងអនុវត្តប្រព័ន្ធ FMIS ប្រកបដោយបុរេសកម្ម និងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបាននិងកំពុងពង្រឹងភាពជាម្ចាស់យ៉ាងពិតប្រាកដលើប្រព័ន្ធ FMIS ក្នុងរយៈពេលជិត ២ ឆ្នាំ មកនេះ ។ ទន្ទឹមនេះ ឯក​ឧត្តម សង្ឃឹម​ថា សិក្ខាសាលាពិគ្រោះយោបល់នេះនឹងទទួលបានលទ្ធផលផ្លែផ្កា ដូចការគ្រោងទុក និង ជាពិសេសប្រមូលបាននូវធាតុចូលសំខាន់ៗ និង មានសារៈប្រយោជន៍ សម្រាប់ត្រៀមពង្រីកការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជំហានទី២ នៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំងអស់ ។ ក្នុងន័យនេះ ឯក​ឧត្តម បានលើកទឹកចិត្តដល់លោក លោកស្រី តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្ត មេត្តាចូលរួមឱ្យបានសកម្មនៅក្នុងកិច្ចពិភាក្សានៃអង្គសិក្ខាសាលា, ផ្ដល់ធាតុចូលសំខាន់ៗ ជាគន្លឹះជាក់ស្ដែង, ចែករំលែកចំណេះដឹង និង ការបារម្ភអំពីបញ្ហាប្រឈម ឬសំណូមពរ ដើម្បីទាញយកផលប្រយោជន៍ពីប្រព័ន្ធ FMIS ជាអតិបរមាក្នុងការបង្កើនប្រសិទ្ធភាព​ការងាររបស់ខ្លួន ក៏ដូចជារួមចំណែកផ្ទាល់ក្នុងការងារកែ-ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យតាមគោលដៅ ។

efi-2017-7-12_1efi-2017-7-12_2efi-2017-7-12_3efi-2017-7-12_4efi-2017-7-12_5efi-2017-7-12_6efi-2017-7-12_7efi-2017-7-12_8efi-2017-7-12_9