(+855) 23 885 855
+

17

Jul, 2017

វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” ជូនមន្រ្តីរាជការរជ្ជទេយ្យករ រជ្ជទេយ្យកររង និង មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុចំនួន ១០០ នាក់ មកពីមន្ទីរ អង្គភាពជំនាញចំនួន ៧ នៃខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៧ នៅសណ្ឋា​គារ​ខេមរាបាត់ដំបង១ ទីរួមខេត្តបាត់ដំបង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាន​រៀប​ចំបើកវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកាក្នុងគោល​បំណង​បង្កើនសមត្ថភាព និង លើកកម្ពស់ការ យល់ដឹងជូនដល់រជ្ជទេយ្យករ រជ្ជទេយ្យកររង និង មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ ចំនួន ១០០ នាក់ មកពីបណ្តាមន្ទីរ-អង្គភាពជំនាញចំនួន ៧ នៃខេត្ត​ចំនួន៤ រួមមាន ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ សម្រាប់អនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា​ ក្នុងក្របខ័ណ្ឌនៃកម្មវិធីការកែ​​ទម្រង់ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ឱ្យ​សម្រេ​ច​បាន​ជោគ​​ជ័យ​​ ប្រក​ប​ដោ​យ​​ប្រសិទ្ធ​ភាព​ និង តម្លាភាព រួមចំណែកកាន់តែខ្លាំងក្លាដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ វគ្គ​បណ្តុះ​-បណ្តាលនេះ​ប្រព្រឹត្ត ទៅក្រោមអធិបតីភាពឯកឧត្តម ច័ន្ទ សុផល អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងក្រោមកិច្ចសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ, អគ្គនាយ​កដ្ឋាន​ជំនាញពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តបាត់ដំបង ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសហការជិតស្និទ្ធ និងអនុវត្តខ្ជាប់ខ្ជួន តាមគោលការណ៍ និង ចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការដឹកនាំផ្ទាល់របស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំ និងអនុវត្តកម្មវិធីបណ្ដុះបណ្ដាល និងកសាងសមត្ថភាព ក្នុងគោលបំណងបង្កើនការយល់ដឹង និងពង្រីកសមត្ថភាពថែមទៀតជូនមន្ត្រីរាជការនៃមន្ទីរ អង្គភាព ពាក់ព័ន្ធរបស់គ្រប់រាជធានី ខេត្ត នៅទូទាំងប្រទេស សម្រាប់ចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងអនុលោមតាមក្រមសីលធម៌វិជ្ជាជីវៈ ជាធរមាន ។ ឯកឧត្តមនាយកវិទ្យាស្ថាន បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងដើម្បីពង្រឹង ពង្រីកសមត្ថភាព និងលើកកម្ពងស់ការយល់ដឹងថែមទៀតលើមូលដ្ឋាននៃការរៀបចំថវិកាតាមកម្មវិធី និងការបង្កើតអង្គភាពថវិកា នីតិវិធីនៃការអនុវត្តថវិកាសម្រាប់អង្គភាពថវិកា នីតិវិធីនៃការគ្រប់គ្រងរជ្ជទេយ្យចំណូល នីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទាន និងកិច្ចបញ្ជិកាគណនេយ្យកាន់កាប់ដោយរជ្ជទេយ្យករចំណូល និងរជ្ជទេយ្យករបុរេប្រទាន សម្រាប់ជូនដល់មន្ត្រីរាជការគោលដៅ សម្រាប់រួមចំណែក​អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ ពិសេសសម្រាប់ការអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង និងអង្គភាពថវិកា ។

ទន្ទឹមនេះ ឯកឧត្តមនាយក ក៏បានបន្ថែមថា អនុវត្តតាមការចង្អុលបង្ហាញ នៅឆមាសទី១ ឆ្នាំ២០១៧ នេះ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអនុវត្តការរៀបចំវគ្គបណ្តុះបណ្តលបានចំនួន ១៦ វគ្គ រួចមកហើយ និង មានមន្រ្តីបានចូលរួមរៀនសូត្រ និង ទទួលការបណ្តុះបណ្តាលសរុបចំនួន ២១៥៤ នាក់ឯកឧត្តមនាយក បានសង្កត់ធ្ងន់ថា បណ្តាវគ្គសិក្សាទាំងនោះ គឺបានទទួលនូវការចូលរួមយ៉ាងសកម្មពីសិក្ខាកាមទាំងអស់ ហើយវគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់ថែមទៀត ទាំងក្នុងស្រុក និង នៅបរទេស ពាក់ព័ន្ធនឹងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រាប់ផ្តល់ជូនដល់មន្រ្តីរាជការរបស់យើង ទាំងនៅថ្នាក់ជាតិ និង ថ្នាក់មូលដ្ឋាន ។ ក្នុងន័យនេះ ឯកឧត្តមនាយកបានសំណូមពរដល់គ្រប់ក្រសួង ស្ថាប័ន និងមន្ទីរ អង្គភាពជំនាញ សូមសហការចាត់បញ្ជូននូវមន្រ្តីដែលត្រឹមត្រូវនូវតួនាទី និងភារកិច្ច ស្របតាមលក្ខខណ្ឌតម្រូវនៃវគ្គសិក្សានីមួយៗ ដើម្បីចូលរួមវគ្គសិក្សាទាំងនោះ ។

​ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ច័ន្ទ សុផល អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានលើក​ឡើងអំពីស្ថានភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ខេត្ត​ ដោយបានសង្កត់ធ្ងន់ទៅលើសេចក្តីត្រូវការ​ចាំ​បាច់ក្នុងការកសាង និង អភិវឌ្ឍធនធានមនុស្ស សម្រាប់​ចូលរួមចំណែកអនុវត្តការកែទម្រង់​ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ ពិសេសការបង្កើនសមត្ថភាពលើការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា។ ឯកឧត្តមអភិបាលខេត្តលើកឡើងថា ជាក់ស្តែងកន្លងមកខេត្តបាត់ដំបង ក៏ដូចជាខេត្តផ្សេងទៀតបានជួប​ប្រទះប​ញ្ហាប្រឈមមួយ​ចំនួនក្នុងការអនុវត្តការងារដោយសារកង្វះធនធានមនុស្សដែលមានសមត្ថភាព ជំនាញ និង ​​បទពិសោធន៍គ្រប់គ្រាន់ ហើយការកៀរគរធនធានមនុស្សមកពីកន្លែងផ្សេងក៏មិនងាយស្រួលនោះដែរ ។ ដូច្នេះការបណ្តុះបណ្តាល​ជំនាញ ការអភិវឌ្ឍសមត្ថភាព មន្ត្រីកំពុងបម្រើការងារនៅក្នុងខេត្តពិតជាមានសារៈសំខាន់ ឆ្លើយតបទៅនឹងតម្រូវការកសាងសមត្ថភាព​មន្ត្រីរាជការនៃមន្ទីរ-អង្គភាពជំនាញជាក់ស្តែង និង ទាន់ពេលវេលា ពិសេសវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកាដែលនឹងរួម ចំណែកសំខាន់ដល់ការអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង​ និង អង្គភាពថវិកានៃមន្ទីរជំនាញទាំង ៧ ក្នុងឆ្នាំ២០១៧ នេះ ​។

ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា អនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បានធ្វើឱ្យខេត្តបាត់ដំបងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ជាមួយនិងសភាពការណ៍សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅទូទាំងខេត្ត មានលក្ខណៈល្អប្រសើរ ដែលបានផ្ដល់ភាពអនុគ្រោះដល់ការអភិវឌ្ឍ ការវិនិយោគ ការប្រកបអាជីវកម្ម និងការរស់នៅប្រកបដោយសុខុដុមរមនារបស់ប្រជាពលរដ្ឋគ្រប់ៗរូប ។ តាមរយៈនេះ ភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ខេត្ត គឺបានដើរទន្ទឹម និងស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ផ្សារភ្ជាប់នឹងសក្ដានុពលរបស់ខេត្តដែលមានស្រាប់លើវិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍ ។ សមិទ្ធផលទាំងអស់នេះ កើតឡើងដោយសារលក្ខខណ្ឌសន្តិសុខល្អប្រសើរ ដែលខេត្តសម្រេចបានជាមួយនិងការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពពាក់ព័ន្ធបានធ្វើអោយសេដ្ឋកិច្ចរបស់ប្រជាជនក្នុងខេត្តមានការកើនឡើងជាលំដាប់ ។

ជាមួយនោះឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋនៅទូទាំងប្រទសកម្ពុជាយើង គឺកំពុងទទួលបាននូវគុណប្រយោជន៍ដ៏ច្រើនពីសុខសន្តិភាព និង សន្តិសុខ សុវត្ថិភាពដ៏ពេញបរិបូរណ៌ ជាសមិទ្ធផល​ ដ៏ថ្លៃថ្លា​ដែលកើតចេញពីគោលនយោបាយ ßឈ្នះ-ឈ្នះ› របស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ សុខសន្តិភាពពេញបរិបូណ៌នេះ គឺបុព្វលក្ខខណ្ឌអនុគ្រោះដែល​មិន​អាចខ្វះបាន សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងប្រទេសរបស់យើង ជាពិសេស គឺជាកាលានុវត្តភាព ដ៏ត្រចះត្រចង់សម្រាប់ប្រជាជនយើងក្នុងកសាង និង អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និង សង្គមជាតិទាំងមូល ។

ឯកឧត្តមអភិបាលខេត្ត ក៏បានវាយតម្លៃខ្ពស់ដល់គ្រប់មន្ទីរ អង្គភាព គ្រប់អាជ្ញាធរមានសមត្ថកិច្ចពាក់​ព័ន្ធ​​ជុំវិញ​ខេត្តបាត់ដំបង ដែលបានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងការងារ កែទម្រង់សំខាន់ៗ​របស់​រាជរដ្ឋា​ភិ​បាល ពិសេស ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅរួម​ចំណែកក្នុងការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​ជាតិ។ កន្លងមក​​នេះ យើងនៅជួបបញ្ហាប្រឈមខ្លះៗ ក្នុងអនុវត្តការងារ​កែ​ទម្រង់​​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារ​ណៈ​នេះ ដោយ​សារបញ្ហាកង្វះធនធានមនុស្ស​ដែលមានចំណេះដឹង និង​ បទពិសោធន៍​គ្រប់​គ្រាន់ ។ ឯកឧត្តមអភិបាល បានសង្កត់ធ្ងន់ថា នេះពិតជាមាន​សារ​សំ​ខា​ន់​និងឆ្លើយតបទៅនឹងតម្រូវ​ការជាក់ស្តែង​ នៃការកសាង​និងអភិវឌ្ឍ​សមត្ថ​ភាព និង​លើក​កម្ពស់​​ការ​យល់​ដឹង​​របស់​មន្រ្តីរាជការ នៃមន្ទីរ អង្គភាព​ជុំវិញខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ពិសេស សម្រាប់​មន្រ្តីរាជការ​ដែលជា​រជ្ជទេយ្យករ រជ្ជទេយ្យកររង និងមន្រ្តី​ទទួ​ល​បន្ទុកហិរញ្ញវត្ថុ ដែលបាននឹងកំពុងចាប់ផ្ដើមអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បងនៅឆ្នាំ២០១៧នេះ ដើម្បីរួមចំណែក​ក្នុង​ការអនុវត្ត​ការកែទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែល​​ជា​ផ្នែក​មួយ​នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល​នីតិកាលទី ៥ នៃរដ្ឋសភាយើងនេះ ។

ឯកឧត្តមអភិបាល បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់នូវគ្រប់​បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាល ព្រមទាំងត្រូវ​ចូល​រួម​ពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និង បទពិសោធន៍ឱ្យបានសកម្ម និង ផុលផុស ដើម្បីស្វែងយល់​ និង​ ចាប់​យកចំណុចគន្លឹះសម្រាប់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព នៅពេលត្រឡប់ទៅកាន់អង្គភាពការងាររៀងៗខ្លួន​វិញ ។ ក្នុងនោះដែរ ឯកឧត្តមអភិបាល ក៏បានជំរុញលើកទឹកចិត្តដល់វិទ្យាស្ថាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង អគ្គនាយក​ដ្ឋាន​ពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបន្ត​សហការ​​​រៀបចំ​វគ្គ​បណ្តុះបណ្តាលថែមទៀត​ជូន​ដល់​មន្រ្តីរាជការនៃមន្ទីរ អង្គភាពជំនាញនៃបណ្តាខេត្តដទៃទៀត នៅទូទាំងប្រទេស សម្រាប់​​រួមចំណែកពង្រឹងសមត្ថភាព និង លើក​កម្ពស់​​ការយល់ដឹង​ ក៏ដូចជាចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង និង អង្គភាព​ថវិកា ប្រកបដោយ ក្រមសីល​ធម៌​វិជ្ជា​ជីវៈ ក្នុងក្របខណ្ឌ​នៃ​អនុវត្ត​កា​រ​កែ​​ទម្រង់​​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារ​ណៈនៅដំណាក់​​​កាល​ទី ៣ ឱ្យសម្រេចបានជោគជ័យប្រកបដោយ​ប្រសិ​ទ្ធ​ភាព សង្គតិភាព និង ចីរ​ភាពនៃការអភិវឌ្ឍ ។

efi-2017-7-17_1efi-2017-7-17_2efi-2017-7-17_3efi-2017-7-17_4efi-2017-7-17_5efi-2017-7-17_6