(+855) 23 885 855
+

30

Jul, 2017

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញជូនដំណើរមាតុភូមិនិវត្តន៍របស់គណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងហិរញ្ញវត្ថុ នៃសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ

By: | Tags: | Comments: 0

នាល្ងាចថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៧ នៅ​​​ព្រលាន​យន្ត​ហោះ​​អន្តរជាតិភ្នំពេញ, ឯក​ឧត្តម​បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានអញ្ជើញ​ជូន​ដំណើរ​មាតុភូមិ​និវត្តន៍​របស់គណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងហិរញ្ញវត្ថុ នៃសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡា​វ  ដឹកនាំដោយ ឯកឧត្តម Somdy Duangdy ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដោយ​អញ្ជើញ​ចេញ​ដំណើរ​ពី​រាជ​ធានី​ភ្នំពេញ ទៅកាន់​រដ្ឋ​ធានី​វៀងច័ន្ទ នៅ​វេលាម៉ោង ១៧ : ៥០ នាទី ​បន្ទាប់​ពីគណៈប្រតិភូ​បាន​មក​បំពេញទស្សនកិច្ច​សិក្សាផ្លូវ​រដ្ឋ ដើម្បីស្វែង​យល់​ ពិគ្រោះ​យោបល់ និង​ ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នាទៅ​វិញ​ទៅមក លើការងារ​​គ្រប់​គ្រងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុនៅ​កម្ពុជា ​តាំង​ពី​ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៧ មក។

           នៅ​ក្នុងដំណើរ​ទស្សនកិច្ច​រយៈពេល ០៤​ ថ្ងៃនេះ គណៈប្រតិភូ​ឡាវ​បាន​សម្តែង​នូវ​ការ​កោត​សរសើរ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​របស់​ភាគី​កម្ពុជា និង​បានបង្ហាញ​នូវ​​អំណរសាទរ​ប្រកបដោយ​សេចក្តីសោមនស្ស ចំពោះ​ការសម្រេច​បាន​ជោគ​ជ័យ​យ៉ាង​ត្រចេះ​ត្រចង់ និង​ ទទួល​បាន​បទពិសោធន៍​ល្អៗពីកម្ពុជា ដូចការគ្រោង​ទុក ក្នុង​ដំណើរបំពេញ​បេសកកម្ម​ នា​ឱកាស​នេះ។ ទន្ទឹម​នេះ​ គណៈប្រតិភូ​ឡាវ បាន​​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ចំពោះ​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា ដែល​​យក​ចិត្ត​ទុក​ដាក់ ​លើការ​ផ្លាស់​ប្តូរ​យោបល់ ​ចែក​រំលែក​ចំណេះ​ដឹង ​និង​បទ​ពិសោធន៍​នៃ​ដំណើរ​វិវត្ត​ជា​វិជ្ជ​មាន​ជាច្រើន ក្នុង​វិស័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សាធារណៈកម្ពុជា រួម​មា​ន គោល​នយោបាយ​គ្រប់​គ្រង​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍហិរញ្ញវត្ថុ, គោល​នយោបាយ​រៀប​ចំ​ថវិកា, ​ការ​គ្រប់​គ្រង​បំណុល​សាធារណៈ, កា​រ​កែ​ទម្រង់​ប្រព័ន្ធ​គយ ​និង​រដ្ឋាករ,ការ​កែទម្រង់​រតនាគារជាតិ និង​គោល​នយោបាយ​សារពើ​ពន្ធ និង​ការ​កែ​ទម្រង់​ពន្ធ​ដារ ជាដើម ហើយ​នេះ​គឺ​ជា​គោល​បំណង​ចម្បង​របស់​មិត្ត​ឡាវ​នៅក្នុង​បេសកកម្ម​លើកនេះ។លើសពីនេះទៅទៀត ទស្សនកិច្ចពេលនេះនឹងរួមចំណែកយ៉ាងធំធេង ដល់ការពង្រឹង និង ពង្រីកចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ  ជាពិសេស រវាងក្រសួងហិរញ្ញវត្ថុឡាវ និង  ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា។  ​តាម​រយៈ​ការ​សម្រេច​បាន​លទ្ធផល​ផ្លែ​ផ្កាទាំង​នេះ គណៈប្រតិភូ​ឡាវបាន​បញ្ជាក់បន្ថែម​ថា នៅ​ក្នុងខែ​ សីហា ឆ្នាំ ២០១៧ ខាង​មុខ សាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡា​វ នឹង​​ចាត់​​គណៈប្រតិភូមួយក្រុម​ទៀត ​​​ដឹក​នាំដោយអនុរដ្ឋ​មន្ត្រី​ឡាវ​ ដើម្បី​មក​ទស្សនកិច្ច​សិក្សា​ដកស្រង់​បទ​ពិសោធន៍​ពីការអនុវត្ត ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលកម្ពុជាទទួលបានជោគជ័យខ្ពស់ក្នុងជំហានទី ១ និង កំពុងដាក់ឱ្យដំណើរការក្នុងជំហានទី ២ ។ សកម្មភាព​នេះ សរ​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​រឹត​ចំណង​មិត្ត​ភាព​ដ៏​រឹង​មាំ​រវាង​ប្រទេ​ស​ជាមិត្ត​ជិត​ខាង​ទាំង​ពីរ ។ ក្នុង​ន័យ​នេះ ​កម្ពុជា​ក៏​នឹងបន្ត​រីករាយ​ស្វាគមន៍​ ប្រកបដោយ​ទឹក​ចិត្ត​ស្មោះស្ម័គ្រ និងមោទនភាព ដែលបាន​មិត្តឡាវ មក​សិក្សា​ពី​ប្រព័ន្ធ​គ្រប់​គ្រ​ង​ប្រទេស​របស់​ខ្លួនផងដែរ ។

efi-2017-7-30_1efi-2017-7-30_2efi-2017-7-30_3efi-2017-7-30_4efi-2017-7-30_5