(+855) 23 885 855
+

7

Aug, 2017

វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” នៅទីរួមខេត្តសៀមរាប

By: | Tags: | Comments: 0

(ខេត្តសៀមរាប)៖នាព្រឹកថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១៧ នៅទីរួមខេត្តសៀមរាប ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀប​ចំបើកវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីអនុវត្តថវិកាកម្មវិធីក្នុងគោល​បំណង​ពង្រឹង ពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងជូនមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ ចំនួន ១០០ នាក់ មកពីបណ្តាមន្ទីរ អង្គភាពជំនាញចំនួន ៧ នៃខេត្ត​ចំនួន៤ រួមមាន សៀមរាប កំពង់ឆ្នាំង ឧត្តរមានជ័យ និងព្រះវិហារ សម្រាប់អនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា​ ក្នុងក្របខ័ណ្ឌ នៃកម្មវិធីកែ​​ទម្រង់ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ឱ្យ​សម្រេ​ច​បាន​ជោគ​​ជ័យ​​។ ពិធីបើកវគ្គ​បណ្តុះ​បណ្តាល​នេះ​ប្រព្រឹត្តទៅក្រោមការ​ដឹកនាំ​របស់ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខា​ធិកា​រ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីឯកឧត្តម លី សំរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ក្រោមកិច្ចសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ, អគ្គនាយ​កដ្ឋាន​ជំនាញពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តសៀមរាប ។

នៅ​ក្នុង​ឱកាសនោះ ឯកឧត្តម លី សំរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានលើក​ឡើងអំពីស្ថានភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ខេត្ត​ ដោយបានសង្កត់ធ្ងន់ទៅលើសេចក្តីត្រូវការ​ចាំ​បាច់ក្នុងការកសាង និង អភិវឌ្ឍធនធានមនុស្ស សម្រាប់​អនុវត្តការ​ងារកែទម្រង់​ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ ពិសេសសម្រាប់ការអនុវត្តថវិកាកម្មវិធីនិងអង្គភាពថវិកា។ ទន្ទឹមនេះ ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា កន្លងមកខេត្តសៀមរាប ក៏ដូចជាខេត្តផ្សេងទៀតបានជួប​ប្រទះប​ញ្ហាប្រឈមមួយ​ចំនួនក្នុងការអនុវត្តការងារ ដោយសារកង្វះធនធានមនុស្សដែលមានសមត្ថភាព ជំនាញ និង ​​បទពិសោធន៍គ្រប់គ្រាន់ ហើយការ​ស្វែងរក និងកៀរគរធនធានមនុស្ស​ដែលមានសក្តានុពល មកពី​អង្គភាព ស្ថាប័ន​ដទៃ ក៏មិនងាយស្រួលនោះដែរ ។ ហេតុនេះ វគ្គបណ្តុះ- បណ្តាលស្តីពី នីតិវិធីអនុវត្តថវិកា​កម្មវិធីនេះ គឺពិតជាមានសារៈសំខាន់ និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែង ក្នុងការកសាង និង​អភិវឌ្ឍសមត្ថភាព​មន្ត្រីរាជការនៃមន្ទីរអង្គភាពជំនាញ នៃខេត្តសៀមរាប ក៏ដូចជានៅបណ្តាខេត្តដទៃទៀត នៅភូមិភាគឧត្តរនេះ ដើម្បីចូលរួមចំណែក​គាំទ្រនិងអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង​និងអង្គភាពថវិកា ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព ​។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ ក្រសួង​សេដ្ឋកិច្ច​​និងហិរញ្ញវត្ថុ បានបញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជា បាន​ដាក់​ឱ្យ​អនុវត្តនូវកម្មវិធីកែទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ​ មានលក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង មាន ៤ ដំណាក់​កាលសំខាន់ៗ ហើយបាន​និង​កំពុងឈានឡើងជាជំហានៗពីដំណាក់កាលមួយទៅដំណាក់​កាលមួយទៀត ។ ជាលទ្ធផលនៃការកែទម្រង់នេះកម្ពុជាបានទទួលជោគជ័យគួរជាទី​មោទនៈ ដោយកសាង​បាន​នូវភាពជឿទុកចិត្តបាននៃថវិកា នៅដំណាក់កាលទី ១ និង គណនេយ្យភាពហិរញ្ញវត្ថុ នៅដំណាក់កាលទី២ ។ បច្ចុប្បន្ននេះ ការកែទម្រង់នេះ បានឈានដល់ឆ្នាំទី ៣ នៃដំណាក់កាលទី ៣ សំដៅ​ផ្សារភ្ជាប់ថវិកា​ទៅនឹងគោលនយោបាយ ដែលជាចំណុចរបត់មួយដ៏សំខាន់ មានវិសាលភាពធំទូលាយ និង កាន់តែស្មុគស្មាញជាងមុន ដោយសារមាន​តួអង្គ​សំខាន់ៗ ចូលរួមអនុវត្តកាន់តែច្រើន ទន្ទឹមនឹងការផ្ទេរនូវការទទួលខុសត្រូវ កាន់តែច្រើនឡើងៗ ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទៅកាន់ក្រសួង ស្ថាប័ន និង មន្ទីរ អង្គភាព សាមី​ ក្នុងការរៀបចំ តាមដាន ត្រួតពិនិត្យនិងអនុវត្តថវិកា ។

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានបន្ថែមថា ​ដើម្បីឈានទៅសម្រេចបានតាមគោលដៅនៃកម្មវិធីកែទម្រង់ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ​ ដំណាក់កាលទី ៣ នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ចេញនូវ “គោលការណណ៍ណែនាំស្ដីពីនីតិវិធីអនុវត្តថវិកាកម្មវិធី” ក្នុងគោលបំណងរៀបចំក្របខណ្ឌគតិយុត្តគ្រប់ជ្រុងជ្រោយ សម្រាប់​ក្រសួង ស្ថាប័ន និង មន្ទីរជំនាញរាជធានី-ខេត្ត អនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា សំដៅធានាឱ្យ​បាន​ការវិភាជន៍ថវិកា ត្រូវបានអនុវត្តដោយអនុលោមតាមនីតិវិធីហិរញ្ញវត្ថុ ជាធរមាន និង កត់ត្រាបានត្រឹមត្រូវតាមមាតិកា​ថវិកា, មាតិកាគណនេយ្យ ព្រមទាំងស្របតាមកម្មវិធី,  អនុកម្មវិធី និង សកម្មភាពតាមការគ្រោងទុក ។ ក្នុងស្មារតីនេះ ក្រសួងសេដ្ឋកិច្ច​​និង​ហិរញ្ញវត្ថុ​ ​បានកំណត់ទិសដៅច្បាស់លាស់ និង លើកទឹកចិត្តខ្ពស់ លើការងារ  កសាងនិងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស លើជំនាញគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ ពិសេសសម្រាប់មន្ត្រីរាជការគោលដៅ ដែលជាមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ ដើម្បីចូល​រួម​​អនុវត្ត​ការងារ តួនាទី ភារកិច្ចរបស់ខ្លួន កាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា វគ្គបណ្ដុះបណ្ដាលស្តីពី នីតិវិធីអនុវត្តថវិកាកម្មវិធី” នេះ នឹង​ជួយឱ្យការ​អនុវត្តតួនាទីភារកិច្ច របស់មន្ទីរ អង្គភាពជំនាញ​ ពាក់ព័ន្ធការអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង សម្រេច​បាន​លទ្ធផល​ផ្លែ​ផ្កា តាមការគ្រោងទុក និង ឆ្លើយ​តប​បាន​ទាន់​ពេល​វេលា​ទៅនឹងតាម​តម្រូវ​ការរបស់​អង្គភាព​រៀងៗ​ខ្លួន ក្នុងគោលដៅធានា​ប្រសិទ្ធភាព សង្គតិភាព​​​ និងផលិតភាពនៃ​ការ​ប្រើ​ប្រាស់​​​ថវិកាជាតិ​ ស្រប​តាម​គោល​បំណង​គោល​នយោបាយ​ជាអាទិភាពរបស់​រាជ​រដ្ឋាភិបាល ។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ខិតខំយកចិត្តទុកដាក់ចូលរួម និងស្តាប់គ្រប់​បទឧទ្ទេសរបស់គ្រូបង្គោល និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាល ព្រមទាំងចូល​រួម​ពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និង បទពិសោធន៍​គ្នាទៅ​វិញ​ទៅ​មក ឱ្យបានសកម្ម ផុលផុស ដើម្បីស្វែងយល់​ និង​ ចាប់​យកចំណុចគន្លឹះសម្រាប់យកទៅអនុវត្តឱ្យ​បាន​ល្អ​ប្រសើរ នៅពេលត្រឡប់ទៅកាន់អង្គភាពការងាររៀងៗខ្លួន​វិញ។

efi-2017-8-7_1efi-2017-8-7_2efi-2017-8-7_3efi-2017-8-7_4efi-2017-8-7_5efi-2017-8-7_6