(+855) 23 885 855
+

23

Aug, 2017

គណៈប្រតិភូឡាវមកសិក្សា និងដកស្រង់បទពិសោធន៍ពីការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈហៅកាត់ថា “ប្រព័ន្ធ FMIS” របស់កម្ពុជា

By: | Tags: | Comments: 0

ក្នុងគោលបំណងសិក្សាស៊ីជម្រៅ និង​​ ដើម្បីដកស្រងបទពិសោធន៍ពីការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈហៅកាត់ថា “ប្រព័ន្ធ FMIS” របស់កម្ពុជា​ គណៈប្រតិភូឡាវមួយក្រុមដឹកនាំដោយឯកឧត្តមបណ្ឌិត Atsphangthong SIPHANDONE អនុរដ្ឋមន្រ្តីនៃក្រសួងហិរញ្ញវត្ថុឡាវ បានមកបំពេញទស្សនកិច្ចសិក្សាផ្លូវរដ្ឋរយៈពេលបីថ្ងៃ ចាប់ថ្ងៃទី ២៣ ដល់ ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៧ ។ ទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីកម្ពុជាបានដាក់ឱ្យអនុវត្ត គម្រោង  FMIS ដោយជោគជ័យក្នុងជំហានទី ១ និង បានកំពុងបន្តចូលក្នុងជំហានទី ២ ដែលបានចាប់ផ្តើកាលពីដើមឆ្នាំ ២០១៧ នេះ។

          ថ្ងៃទី ២៣ វេលាម៉ោង ៩:​១៥ នាទីព្រឹក ជាថ្ងៃដំបូងនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញ​វត្ថុ​ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានជួបសំដែងការស្វាគមន៍ និង ពិភាក្សាការងារជាមួយជាមួយគណៈប្រតិភូឡាវ នៅទីស្តីការក្រសួង ។ ក្នុងពិធីពិភាក្សាការងារនេះក៏មានវត្តមានរបស់ឯកឧត្តម George Edgar អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោកស្រី Inguna Dobraja ប្រធានធនាគារពិភពលោកប្រចាំនៅកម្ពុជា ។

          ថ្លៃងក្នុងពិធីនេះគណៈប្រតិភូឡាវ​ បានលើកឡើងអំពីគោលបំណងក្នុងដំណើរបំពេញទស្សនកិច្ចសិក្សារយៈពេលបីថ្ងៃនេះ ដោយផ្តោតការយកចិត្តទុកដាក់ជាអាទិភាពក្នុងការសិក្សាស្វែងយល់ស៊ីជម្រៅ និង ដើម្បីដកស្រងបទពិសោធន៍ទៅលើការងារសំខាន់ៗរួមមាន : ទី១.ការផ្ដួចផ្ដើមអនុវត្តគម្រោង FMIS, ការត្រៀមខ្លួនរៀបចំអនុវត្តគម្រោង FMIS​, ការកែលម្អប្រព័ន្ធថវិកា និង ប្រព័ន្ធរតនាគារ, បញ្ហាប្រឈមរួម និង ការស្វែងយល់អំពីការបន្តដាក់ឱ្យដំណើការ​ប្រព័ន្ធ FMIS នៅជំហានទី២។ ទី២.​ការរៀបចំនីតិវិធីអនុវត្តការងារ ឬ អភិក្រមការងារសម្រាប់ការប្រើប្រាស់ប្រព័ន្ធ FMIS, ការគិតគូរអំពីការគ្រប់គ្រង ការផ្លាស់ប្តូរទាំងយុទ្ធសាស្រ្ត និង របៀបផ្លាស់ប្តូរពីការអនុវត្តការងារដោយដៃ មកអនុវត្តការងារតាមប្រព័ន្ធកុំព្យូទ័រ និង បញ្ហាប្រឈមនានាដែលក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុកម្ពុជាបានជួបប្រទះទាំងមុនពេល ក្នុងពេល និង ក្រោយពេលអនុវត្តគម្រោង FMIS ជំហានទី ១ ។ ទី៣.សិក្សាអំពីបទពិសោធន៍ការកែទម្រង់ផ្ទាល់របស់រតនាគារជាតិ និង រតនាគារខេត្តនៅកម្ពុជា មុនពេលឈានឆ្ពោះទៅប្រើប្រាស់ប្រព័ន្ធ FMIS ពេញលេញសម្រាប់អនុវត្តការងារប្រចាំថ្ងៃ ប្រកបដោយភាពជោគជ័យនេះ ។ ទី៤.ការទស្សនាផ្ទាល់កន្លែងបំពេញការងាររបស់ក្រុមការងារគម្រោង FMIS និង មជ្ឈមណ្ឌលទិន្នន័យរបស់ប្រព័ន្ធ FMIS ពិសេសពាក់ព័ន្ធនឹងនិយាមបច្ចេកទេសលើប្រព័ន្ធសុវត្ថិភាពនៃប្រព័ន្ធ FMIS ​របស់កម្ពុជា ។

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ឱ្យដឹងថាប្រព័ន្ធ FMIS នេះត្រូវបានចាត់ទុកថាជាឆ្អឹងខ្នង និង ជាឧបរណ៍ពុំអាចខ្វះបានក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគ្រប់ដំណាក់កាលនៅកម្ពុជា ។ ជារួមប្រព័ន្ធ FMIS នេះបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាពនៃការអនុវត្តថវិការបស់កម្ពុជា ។​ ជាមួយនឹងឆន្ទៈដ៏មុតស្រួចរបស់រាជរដ្ឋភិបាលកម្ពុជាលើកម្មិវីធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ កម្ពុជាកាន់តែមានភាពរឹងមាំខ្លាំងឡើងក្នុងការបន្តដំណើរលើផ្លូវដ៏វែងឆ្ងាយលើការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិរបស់ខ្លួន។ ឯឧត្តមបានលើក ពីអត្ថប្រយោជន៍មួយចំនួននៃប្រព័ន្ធ FMIS ក្នុងនោះធ្វើឱ្យយើងមានប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និង ថវិការួមមួយ, ការត្រួតពិនិត្យ ឥណទានថវិកាធ្វើឡើងដោយស្វ័យប្រវត្តិពេលធ្វើធានាចំណាយ, ទូទាត់ចំណាយ, និង និយ័តភាពថវិកា, តាមដាន និង រៀបចំ កិច្ចបញ្ជីការ​បានរហ័ស និង មានតម្លាភាពតាមស្ដង់ដារគណនេយ្យ, របាយការណ៍របស់ធនាគារត្រូវបានទាញ​ចូល​ក្នុងប្រព័ន្ធ FMIS ដោយស្វ័យប្រវត្តិ, ទិន្នន័យចំណូលពន្ធគយត្រូវបានទាញចូលក្នុងប្រព័ន្ធ FMIS ដោយស្វ័យប្រវត្តិ, ធ្វើការទូទាត់បានតាមប្រព័ន្ធ Electronic Fund Transfer, ការផលិតរបាយការណ៍ហិរញ្ញវត្ថុដែលមានលក្ខណៈស្តង់ដារជាដើម ។ ប្រព័ន្ធ FMIS មិនត្រឹមតែជាកតាលីករដ៏សំខាន់ សម្រាប់ជួយជំរុញល្បឿននៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈឱ្យ ឈានទៅសម្រេចបានតាមចក្ខុវិស័យដ៏ពិតប្រាកដ​តែប៉ុណ្ណោះទេ គឺប្រព័ន្ធ FMIS ថែមទាំងជួយពង្រឹងការបែងចែកធនធាន ចំទិសដៅ, រួមចំណែកកែលម្អគណនេយ្យភាព, តម្លាភាព និង ប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ឱ្យមាន លក្ខណៈទំនើប និង ទាន់សម័យកាល ហើយនឹងនាំមកនូវផលិតភាពខ្ពស់សម្រាប់កម្ពុជាទាំងមូល។ នេះជាមោទនភាពមួយដ៏ធំធេង និង ពិតប្រាកដ ដែលកើតចេញជាសមិទ្ធផលថ្មីស្រឡាងគឺ “ប្រព័ន្ធ FMIS” នៅក្រោមការដឹកនាំចង្អុលបង្ហាញរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ការយកចិត្តទុកដាក់ខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

លើសពីនេះទៀតឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានថ្លែងប្រាប់ដល់គណៈប្រតិភូឡាវ​ថា ភាពជោគជ័យ និង កិច្ចដំណើរការនៃប្រព័ន្ធ FMIS នេះ គឺកម្ពុជាមានក្រុមការងារស្នូលអនុវត្តគម្រោង FMIS ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់តាំងពីការចាប់ផ្តើមអនុវត្តគម្រោងជំហានទី ១ ដោយតែងបានចូលរួមការបណ្តុះបណ្តាលនានាទាំងក្នុងនិងក្រៅប្រទេស, ទទួលបន្ទុករៀបចំអនុវត្តការងារជាជំហានៗ និង ការព្យាយាមស្វ័យសិក្សានិងស្រាវជ្រាវ រហូតអាចបន្តធ្វើការងារបានដោយខ្លួនឯងនិង មានភាពម្ចាស់ការហើយអាចដោះស្រាយបញ្ហានានាដោយខ្លួនឯងក្នុងការអនុវត្តគម្រោងនៅជំហានបន្ត ។ ភាពជោគជ័យនេះ ក៏មានការចូលរួមពីដៃគូអភិវឌ្ឍន៍ទាំងអស់ដែលធ្លាប់បានជួយជ្រោមជ្រែងគាំទ្រដល់ការអនុវត្តគម្រោង FMIS នៅកម្ពុជា ពិសេសសហគមន៍អឺរ៉ុប និង ធនាគារពិភពលោក ។ ជាមួយនេះ កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ បានធ្វើឱ្យប្រព័ន្ធ FMIS ត្រូវបានទទួលស្គាល់ពីមជ្ឈដ្ឋានអ្នកប្រើប្រាស់ និង​ នៅគ្រប់ក្រសួង ស្ថាប័ននៅកម្ពុជា ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។ ជាលទ្ធផល គម្រោង FMIS នេះ ត្រូវបានវាយតម្លៃដោយធនាគារពិភពលោក, សហគមន៍អឺរ៉ុប និង រូបិយវត្ថុអន្តរជាតិ ថាទទួលបានជោគជ័យក្នុងកម្រិត “Satisfactory” ដែលការវាយតម្លៃនេះក៏បានផ្តល់នូវលទ្ធភាពគ្រប់គ្រាន់ និង មូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការបន្តបោះជំហានឆ្ពោះ​ទៅអនុវត្តគម្រោង FMIS ជំហានទី ២ នេះ ។

efi-2017-8-23_1efi-2017-8-23_2efi-2017-8-23_3efi-2017-8-23_4efi-2017-8-23_5efi-2017-8-23_6efi-2017-8-23_7efi-2017-8-23_8efi-2017-8-23_9efi-2017-8-23_10