(+855) 23 885 855
+

6

Sep, 2017

កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០១៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នា​ព្រឹក​ថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៧ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុមាន​រៀប​ចំ “កិច្ច​ប្រជុំ​ត្រួតពិនិត្យ​ការ​អនុវត្ត​ថវិកា​ពាក់​កណ្តាល​ឆ្នាំ​២០១៧របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ” ក្រោម​ការ​ដឹកនាំរបស់ ឯក​ឧត្តម​បណ្ឌិត ហ៊ាន សាហ៊ីប ​រដ្ឋលេខាធិការ និង​ជាប្រធានក្រុមការងារ​ថវិកា​កម្រិត​ថ្នាក់​ដឹកនាំ​អង្គភាព​ថវិកា នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដោយ​មាន​ការ​ចូល​រួម​ពី​គ្រប់​អង្គភាព​ថវិកា ទាំង​ថ្នាក់​កណ្តាល និង​ថ្នាក់​មូលដ្ឋាន​ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ កិច្ច​ប្រជុំ​នេះ ​បាន​រៀប​ចំ​ឡើង​ដោយ​អនុលោម​តាមគោល​ការណ៍​ណែនាំស្តីពីនីតិវិធី​អនុវត្ត​ថវិកា​កម្ម​វិធី ។​

នេះ​ជា​កិច្ច​ប្រជុំ​​ធ្វើឡើងសម្រាប់​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ថវិកា​ពាក់កណ្តាលឆ្នាំ​ ២០១៧ ដែល​មាន​គោល​បំណង​សំខាន់​ៗ ៣ រួមមាន ៖

១). តាម​ដាន និង ​រាយការណ៍​ជូន​ថ្នាក់​ដឹកនាំ​ក្រសួង អំពី​វឌ្ឍនភាព​ដែលអង្គភាព​ថវិកាចំណុះ​ឱ្យ​ក្រសួង សម្រេច​បានក្នុង​ឆមាសទី ១ នៃ​ឆ្នាំ ២០១៧

២). ​កំណត់​បញ្ហា​ប្រឈម និង​ស្នើដាក់​ចេញ​នូវ​វិធានការ​ដោះស្រាយ ដើម្បី​ជំរុញ​ការ​អនុវត្ត​បន្ត​ក្នុង​ឆ្នាំ ឱ្យ​កាន់​តែ​រលូន និង​សម្រេចបាន​តាម​គោលដៅដែលបានដាក់​ចេញ

៣). បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​នៃ​បទប្បញ្ញតិគតិយុត្ត​ពាក់​ព័ន្ធ​ថវិកា​កម្ម​វិធីជា​ធរមាន ។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នេះឯក​ឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បាន​ធ្វើ​ការ​គូស​បញ្ជាក់​ថា ​ការ​ត្រួត​ពិនិត្យ​កា​រ​អនុវត្ត​ថវិកា​សម្រាប់​ឆមាសទី១ នៃ​ឆ្នាំ​២០១៧ នេះ បានរៀប​ចំ​ឡើង​ដោយ​ពិនិត្យ​យ៉ាង​​ម៉ត់ចត់ និងគ្រប់​ជ្រុង​ជ្រោយ​ពី​គ្រប់​ទិដ្ឋភាព ពិសេសផ្តោត​សំខាន់​​លើ​ទិដ្ឋភាព ២ (ទី១) ទិដ្ឋភាព​ហិរញ្ញវត្ថុ ដែលពិនិត្យ​លើ​ចំណូល​ប្រមូលបានជាក់​ស្តែង​ធៀប​នឹង​ឥណទាន​ច្បាប់ ​និង ចំណាយ​ជាក់​ស្តែង​ធៀប​នឹង​​ឥណទាន​ច្បាប់/ឥណទាន​ថ្មី ​ (ទី២)​ ទិដ្ឋភាព​សមិទ្ធកម្ម តាមរយៈ​ការ​តាមដានវឌ្ឍនភាពនៃការ​អនុវត្ត​ការងារ​ជំនាញ ដោយ​កំណត់​ជាភាគរយ​ធៀបនឹ​ងគោល​ដៅ​សូចនាករកំណត់​ក្នុង​ផែនការ​សកម្ម​ភាព​ឆ្នាំ​២០១៧ ។

​​ឯក​ឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បាន​មាន​ប្រសាសន៍​បន្ថែម​​ថា ​កិច្ច​ប្រជុំ​នេះ​ ពិត​ជា​មាន​សារៈសំខាន់​ណាស់ ដោយ​មាន​វិសាលភាព​ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្តចំណូល និង​ចំណាយ​​ថវិការដ្ឋ និង​សមិទ្ធកម្ម​នៃ​ការ​អនុវត្ត​ផែនការ​សកម្មភាព​ពាក់​កណ្តាល​ឆ្នាំ​២០១៧ នៃ​គ្រប់​អង្គភាព​ថវិកា​របស់​ក្រសួង។ ​

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នេះ ឯក​ឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បាន​វាយ​តម្លៃ​ខ្ពស់ និង​សន្និដ្ឋាន​ជារួម​ថា ការ​ត្រួត​ពិនិត្យ​ការ​ អនុវត្ត​ថវិកា​ពាក់​កណ្តាល​ឆ្នាំ​២០១៧ នេះ​​​ បានបង្ហាញ​ពី​លទ្ធផល​នៃការ​ប្រមូល​ចំណូលជាក់​ស្តែង​បាន​អនុវត្ត​ក្នុងកម្រិត​ល្អ​មួយ​គួរ​ឱ្យ​កត់ស​ម្គាល់ (​លើ​សពាក់​កណ្តាល​នៃ​ច្បាប់​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ)។ រីឯការ​អនុវត្តចំណាយ​ ក៏​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន ដោយ​អង្គភាព​ថវិកាភាគ​ច្រើន​បានយក​ចិត្តទុក​ដាក់​អនុវត្ត ទោះ​បី​ជាការ​ទូទាត់​ត្រូវ​បាន​កត់​សម្គាល់​ថា ​នៅ​មាន​បញ្ហា​ប្រឈម​ក៏​ពិត​មែន។

ជាមួយ​នេះ ក៏​មានបញ្ហា​ប្រឈម​មួយចំនួនដែល​តម្រូវ​ឱ្យ​ក្រសួងបន្ត​យក​ចិត្តទុ​ក​ដាក់​ពិនិត្យ​ និង​វាយ​តម្លៃឡើង​វិញ អំពីប្រសិទ្ធភាព​នៃ​សមិទ្ធកម្មដែល​បាន ​និង​កំពុង​សម្រេច ក្នុង​គោល​ដៅ​រៀប​ចំ​ និង​ដាក់​ចេញ​​ជា​វិធានការ​កែ​ទម្រង់លើ​ប្រព័ន្ធ​ដឹកនាំ​ និង​គ្រប់​គ្រងវិស័យសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ និយាយជារួម និងលើ​ប្រព័ន្ធដឹកនាំ,គ្រប់​គ្រង, តាមដាន, ត្រួតពិនិត្យ និង​វាយ​តម្លៃ​សមិទ្ធកម្ម​ផ្ទៃក្នុង​ក្រសួង និយាយដោយ​ឡែក ។  

ឯក​ឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បាន​​គូស​បញ្ជាក់​បន្ថែម​​ថា  លទ្ធផល​​របាយការណ៍​ក៏បាន​បង្ហាញ​អំពី​តម្រូវ​ការ​បង្កើន​សមត្ថភាព​បន្ថែម​ដល់​ក្រុមការងារ​ថវិកា​នៃ​អង្គភាព​ថវិកា ដែល​តម្រូវ​ឱ្យ​បន្ត​ការ​បណ្តុះ​បណ្តាល ។ ជាមួយ​នេះ    កា​រអនុវត្ត​ថវិកា​កម្មវិធី និង​អង្គភាព​ថវិកានេះ ពុំ​មែន​ត្រូវការ​តែជំនាញ​ពាក់​ព័ន្ធក្នុង​កិច្ច​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ និង ​ថវិកា​នេះទេ  ប៉ុន្តែ​អង្គភាពអនុវត្ត​ ត្រូវ​យល់​ដឹង​ឱ្យ​បាន​ស៊ី​ជម្រៅ និង​ទូលំទូលាយ​អំពី​គោល​នយោបាយ​ និងកម្មវិធី​ជា​អាទិភាព ​របស់​ខ្លួន ទើប​យើងអា​ច​ឈាន​ទៅ​រៀបចំ​បានគ្រប់​ជ្រុង​ជ្រោយនៃ​ការ​ផ្សារ​ភ្ជាប់​ថវិកា​ទៅ​នឹង​គោល​នយោបាយ ។

ឯក​ឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប ​បានផ្តល់​អនុសាសន៍​បន្ថែម​​ដល់​គ្រប់​អង្គភាព​ថវិកា​នៃក្រសួង ​ត្រូវបន្តបង្កើន​សមត្ថភាព ​ពង្រឹងភាព​ជាម្ចាស់​ និងការ​ទទួល​ខុសត្រូវ​បន្ថែម​ទៀត ដើម្បី​គាំ​ទ្រ​គោល​បំណង​គោល​នយោបាយ​របស់​ក្រសួង​​ ឱ្យ​សម្រេច​បានជោគជ័យ ​ក្នុងនាមក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ បំពេញ​មុខងារ​​ជា​សេនា​ធិការ​ជូន​រាជរដ្ឋាភិបាល​លើ​បេសកកម្មដឹកនាំ និង​គ្រប់​គ្រង​លើ​វិស័យ​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ។ ក្នុង​ន័យ​នេះ ​​​អង្គភាព​ថវិកា​នីមួយៗ មិន​​ត្រឹម​តែ​មាន​សមត្ថភាព​​អនុវត្ត​ថវិកា ឱ្យ​ស្រប​តាម​នីតិវិធី​ហិរញ្ញវត្ថុ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​ទាម​ទារ​ឱ្យ​ការ​អនុវត្ត​នោះ​ អាចសម្រេច​​បាននូវ​គុណភាព និង​ប្រសិទ្ធភាពនៃការ​អនុវត្ត​ថែម​ទៀត ដើម្បី​មាន​លទ្ធភាព​ធ្វើ​ការ​បណ្តុះ​បណ្តាល​បន្ត និងដោះ​ស្រាយ​បញ្ហាជូន​អង្គភាព​ថវិកា នៃ​ក្រសួង​ស្ថាប័ន​ដទៃទៀតផង។

efi-2017-9-6_1efi-2017-9-6_2efi-2017-9-6_3efi-2017-9-6_4efi-2017-9-6_5