(+855) 23 885 855
+

20

Oct, 2017

ពិធី​ប្រគល់-ទទួលសៀវភៅ​ និង​ឯក​សារ​នានា​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជូន​សាកលវិទ្យាល័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នារសៀលថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៧ នៅសាកល​វិទ្យាល័យសេដ្ឋកិច្ច ​និង ​ហិរញ្ញវត្ថុ, ឯក​ឧត្តម មាស សុខ​សេនសាន អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ចូល​រួម​​ក្នុង​​ “ពិធី​ប្រគល់-ទទួលសៀវភៅ​ និង​ឯក​សារ​នានា​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជូន​សាកលវិទ្យាល័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ” ដោយ​មានការ​ចូលរួម​ពី បណ្ឌិត ជួន​ រតនៈ សាកលវិទ្យាធិការ ​នៃ​សាកល​វិទ្យាល័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ, ឯក​ឧត្តម អិន អេម នាយ​កវិទ្យាស្ថាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ, ថ្នាក់​ដឹកនាំ និង​មន្ត្រី​រាជ​ការ​នៃអគ្គលេខាធិការដ្ឋាន និង​វិទ្យាស្ថាន ព្រម​ទាំងគណៈគ្រប់​គ្រង​សាលា បុគ្គលិក សាស្ត្រាចារ្យ និង​និស្សិត​នៃ​សាកល​វិទ្យាល័យ ​​សរុប​ប្រមាណ ១០០ នាក់។ ពិធី​នេះ​ មានគោល​បំណងចែក​រំលែកនូវ សៀវភៅ គោល​នយោបាយ បទប្បញ្ញត្តិ​គតិយុត្ត និង​ឯកសារ​នានា ដែល​ពាក់​ព័ន្ធ​វិស័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា សម្រាប់​តំកល់ក្នុង​បណ្ណាល័យនៃសាកល​វិទ្យាល័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​ជាមូលដ្ឋាន​បង្កើន​ចំណេះ​ដឹង និង​បំពេញ​សេចក្តី​ត្រូវ​ការសិក្សា​ស្រាវ​ជ្រាវដល់​សិស្ស​-និស្សិត សាស្ត្រាចារ្យ និង  សាធារ​ណជន ឆ្លើយតប​ទៅ​តាម​សំណើរបស់​សាកលវិទ្យាល័យ ក៏​ដូច​ជា​ចូលរួម​លើ​កកម្ពស់​វិស័យ​សិក្សា​ធិការ បណ្តុះ​គំនិត  និង​ពង្រឹង​វប្បធម៌​នៃ​ការ​អានដល់​បញ្ញវន្តទូទៅ​ផង​ដែរ។ នេះក៏បង្ហាញពីកិច្ចសហការណ៍រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅលើការផ្សព្វផ្សាយចែករំលែកចំណេះដឹងទៅដល់និស្សិតកម្ពុជា ។

សកម្មភាព​នេះ​ ​បានឆ្លុះ​បញ្ចាំង​ជា​តឹក​តាង​អំពី​ស្នាដៃ សមិទ្ធផល សៀវភៅ ព្រឹត្តប័ត្រ ​ឯកសារ​យុទ្ធសាស្ត្រ និងគោល​នយោ​បាយសំខាន់ៗ ដែល​ក្រសួង​បាន​ខិត​ខំរៀបចំតាក់​តែង ចង​ក្រង និង​បោះពុម្ព​ផ្សាយ តាម​រយៈ​កា​រ​ប្រមូលធាតុ​ចូលល្អៗ​ ប្រកបដោយ​នវានុវត្តន៍ ទាំង​ក្នុងប្រទេស និង​អន្តរជាតិ និងគួរត្រូវបានរក្សា​ទុក​ជា​កំណត់​ត្រា​ ​សម្រាប់​ជា​កេរដំណែល​ និងផ្ទេរបន្ត​នូវ​មេរៀន ​បទពិសោធន៍ និងជំនាញ​វិជ្ជាជីវៈ ដល់​យុវជន​ជំនាន់​ក្រោយ។

ជាកិច្ច​ចាប់​ផ្តើម បណ្ឌិត ជួន រតនៈ បាន​ថ្លែង​មតិស្វាគមន៍​យ៉ាង​កក់​ក្តៅ និងរាយការណ៍​ដោយ​សង្ខេប ​អំពី​សាវតារ ​វឌ្ឍនភាពការងារ ចក្ខុវិស័យ និង​បេសកកម្ម​របស់​សកល​វិទ្យាល័យ ដែលជាគ្រឹះស្ថានឧត្តមសិក្សាមួយឈានមុខលើការបណ្តុះបណ្តាលផ្នែក សេដ្ឋកិច្ច, ហិរញ្ញវត្ថុ, បច្ចេកវិទ្យាព័ត៌មានវិទ្យា និង ភាសាបរទេសជាដើម ប្រកបដោយគុណភាព សមត្ថភាព និងសីលធម៌ ទៅតាមកម្រិតស្តង់ដារជាតិ-អន្តរជាតិ។ ​ជាមួយគ្នា​នេះ សាកលវិទ្យាល័យក៏​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, CSU-Australia, ACCA, ​Oracle (ដែលទទួលស្គាល់ជា Gold Partner) និង Ernst & Young (Cambodia) Ltd. ហើយនិស្សិត​ដែល​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យនេះនឹង​ទទួល​បាន​ឱកាស​ការ​ងារទាំង​ក្នុង​ស្ថាប័ន​រដ្ឋ និង​ឯក​ជន។ កិច្ចសហការណ៍រវាងស្ថាប័នរដ្ឋ និង សកលវិទ្យាល័យបានផ្តល់លទ្ធភាពជូននិស្សិតដែលជ្រើសរើសជំនាញហិរញ្ញវត្ថុ និងសេដ្ឋកិច្ចស្វែងយល់បន្ថែមពីវិស័យហិរញ្ញវត្ថុ សេដ្ឋកិច្ច ។ ទន្ទឹមនេះ បច្ចុប្បន្ន​ សាកល​វិទ្យាល័យ​ក៏បាន​និងកំពុង​សហការជា​មួយ​ក្រុមការងារ​គ្រប់​គ្រង​គម្រោងប្រព័ន្ធ​ព័ត៌មាន​វិទ្យា​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្នុង​ការ​បណ្តុះ​បណ្តាល​មន្ត្រី​ជំនាញ​ហិរញ្ញវត្ថុ ដើម្បី​ចូលរួមគាំទ្រ ​និង​អនុវត្ត​ការដាក់​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធនេះ នៅតាមបណ្តា​ក្រសួង-ស្ថាប័ន កាន់​តែរលូន និង​ល្អ​ប្រសើរ ។

ឯក​ឧត្តម​អគ្គលេខាធិការ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានបង្ហាញ​ចំណាប់​អារម្មណ៍ និងលើក​ឡើង អំពីស្ថានភាព ​​នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដោយបានសង្កត់ធ្ងន់ ទៅលើសេចក្តីត្រូវការ​ជាចាំ​បាច់ នូវការកសាង និងអភិវឌ្ឍធនធានមនុស្ស សម្រាប់​ចូលរួមចំណែក​អភិវឌ្ឍន៍​ប្រទេស ជា​ពិសេស​នៅ​ក្នុង​បរិការណ៍​នៃ​សាកលភាវូបនីយកម្ម ដែល​កម្ពុជា​បាន​និង​កំពុង​សមាហរណ​កម្ម​ខ្លួនយ៉ាងសកម្ម ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ​និង​​អន្តរជាតិ។ ជាមួយគ្នា​នោះ ការបង្កើន​​ចំនួន​អ្នក​ចេះ​ដឹង ​គឺ​ជា​ផ្នែកមួយ​យ៉ាង​សំខាន់ក្នុង​ការ​ឆ្លើយតប​យ៉ាង​សម​ស្រប​ទៅ​នឹង​គោល​នយោបាយ​អភិវឌ្ឍន៍​ជាតិ តាម​រយៈ​ការ​បំពេញ​នូវ​សេចក្តី​ត្រូវការ​​​នូវយុវជន ប្រក​ប​ដោយ​សក្តានុពល មាន​ចំណេះ​ដឹង ទាំង​ផ្នែកទ្រឹស្តី និង​ការ​អនុវត្ត ហើយ​នេះ​ជា​ចន្ទល់​មួយយ៉ាង​សំខាន់ ក្នុងខណៈដែល​កម្ពុជា​បាន​និង​កំពុង​ប្រឹង​ប្រែង​ធានា​រក្សា​ស្ថិរភាពនយោបាយ ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច ឱ្យ​កាន់​តែ​ធានា​​បាន​នូវចីរភាព និងបរិយាប័ន្ន។­

ថ្លែងក្នុងពិធីនោះ ឯក​ឧត្តម​អគ្គលេខាធិការ បានគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ បានផ្តល់​ការ​យក​ចិត្តទុក​ដាក់​ខ្ពស់​លើការ​បណ្តុះ​បណ្តាលនិងកសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគន្លឹះ​ដើម្បី​សម្រេច​ជោគ​ជ័យ​ ក្នុងការអនុវត្តការកែទម្រង់​​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏​ដូច​ជា​គាំ​ទ្រ​ដល់​គោលនយោបាយរបស់​រាជរដ្ឋាភិបាល។ ហេតុនេះ ការ​ផ្តល់​វិភាគទានចំណេះ-​ដឹង លើវិស័យសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ជូន​សិស្ស-និស្សិតដែល​ជា​ទំពាំង​ស្នង​ឬស្សី ​ក៏​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​​របស់​ក្រសួង​ផង​ដែរ សំដៅ​ធ្វើយ៉ាង​ណា​ផ្សព្វផ្សាយ​ឱ្យ​បាន​កាន់តែទូលំទូលាយ ទាំង​ទ្រឹស្តី បទពិសោធន៍ និងការ​អនុវត្ត​ក្នុង​វិស័យ​នេះ អាច​បន្ត​ដំណើរ​ទៅមុខ ​បាន​កាន់​តែ​ប្រសើរ សម្រាប់​អ្នក​បន្ត​វេន​ទៅ​ថ្ងៃអនាគត។

efi-2017-10-20_1efi-2017-10-20_2efi-2017-10-20_3efi-2017-10-20_7efi-2017-10-20_4efi-2017-10-20_5efi-2017-10-20_6