(+855) 23 885 855
+

25

Oct, 2017

វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” ជូនមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ ចំនួន ១៦៥ នាក់ មកពីអង្គភាពថវិកាថ្នាក់កណ្តាលនៃក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ និង ​ទីស្តីការគណៈរដ្ឋមន្ត្រី

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៧ នៅសណ្ឋាគារភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀប​ចំបើកវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីអនុវត្តថវិកាកម្មវិធីជូនមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ ចំនួន ១៦៥ នាក់ មកពីអង្គភាពថវិកាថ្នាក់កណ្តាលនៃក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ និង ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងគោល​បំណង​ពង្រឹងពង្រីក    សមត្ថភាព និង លើកកម្ពស់ការយល់ដឹងថែមទៀត សម្រាប់អនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា​ ក្នុងក្របខណ្ឌនៃកម្មវិធីកែ​​ទម្រង់ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់​កាលទី ៣ ឱ្យ​សម្រេ​ច​បាន​ជោគ​​ជ័យ ។

    ថ្លែងក្នុងវគ្គ​បណ្តុះ​បណ្តាលដែលមានរយៈពេល ៣ ​នេះ​, ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ ,ក្រសួង ​សេដ្ឋកិច្ច​​និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ គឺរួមចំណែកពង្រឹងសមត្ថភាព និង​ លើកកម្ពស់ការយល់ដឹងជូនមន្ត្រីរាជការសម្រាប់អនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា ពិសេសស្វែងយល់ពីប្រព័ន្ធថវិកាថ្មីដែលមានគោលដៅផ្ទេរសិទ្ធិអំណាចនៃការអនុវត្តថវិកា ពីក្រសួងសេដ្ឋកិច្ច្ និងហិរញ្ញវត្ថុ​ ទៅក្រសួង ស្ថាប័នពាក់ព័ន្ធ និង​ ការផ្ទេរអំណាចផ្ទៃក្នុងក្រសួងនីមួយៗ​ទៅតាមអង្គភាពថវិកាជាបណ្តើរៗ និង ការផ្ទេរអំណាចអនុវត្តថវិកាទាំងស្រុងទៅអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិ ។  ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានបញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាលនេះ គឺជាការត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តការងារតាមនីតិវិធី ខណៈដែលអង្គភាពថវិកាថ្នាក់កណ្តាលរបស់ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ និង របស់ទីស្តីការគណៈរដ្ឋមន្ត្រីនឹងត្រូវចូលរួមអនុវត្តថវិកាកម្មវិធី​ពេលលេញសាកល្បងនៅឆ្នាំ២០១៨ ខាង​មុខនេះ ។

ឯកឧត្តមក៏បានលើកឡើងផងដែរថា ការអនុវត្តកម្មវិធីការកែទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ​ បានឈានមកដល់ដំណាក់​កាលទី៣ មានគោលដៅបង្កើនការផ្សារភ្ជាប់ថវិកា​ទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល បន្ទាប់ ពីទទួលបានជោគជ័យគួរជាទី​មោទនៈដោយកសាង​បាន​នូវភាពជឿទុកចិត្តបាននៃថវិកា នៅដំណាក់កាលទី ១ និង គណនេយ្យភាព​ ហិរញ្ញវត្ថុ នៅដំណាក់កាលទី២ ។ ភាពជោគជ័យទាំងនេះ គឺជាបច្ច័យអនុគ្រោះ ដែលបានធ្វើឱ្យកម្ពុជាអាចដោះស្រាយ និង ទប់ទល់បានដោយជោគជ័យនូវឧបសគ្គធំៗជាច្រើននាពេលកន្លងមក ដូចជាផលប៉ះពាល់ពីកំណើនតម្រូវការចំណាយសាធារណៈ, តម្រូវ​​ការអន្តរាគមន៍ក្នុងវិស័យសង្គម-សេដ្ឋកិច្ច និង គ្រោះមហ​ន្ត​រាយធម្មជាតិជាដើម។ លើសពីនេះ រាជរដ្ឋាភិបាលថែមទាំងមានអតិរេកសាច់ប្រាក់ដែលផ្តល់លទ្ធភាពដល់ការបន្តដំឡើងប្រាក់បៀវត្ស​ជូនមន្រ្តីរាជការ, គ្រូបង្រៀន, គ្រូពេទ្យ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, និវត្តជន និង បង្កើនថវិកាសម្រាប់ការចំណាយវិនិយោគសាធារណៈ លើវិស័យអាទិភាពសំខាន់ៗដូចជា អប់រំ និង សុខាភិបាល ជាដើម ត្រូវបានពង្រីកវិសាលភាព និង ជួយលើកកម្ពស់គុណភាពសេវាសាធារណៈជូនបងប្អូនប្រជាជនបានកាន់តែប្រសើរឡើង ។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា ក្នុងស្មារតីនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតែងបានប្រឹងប្រែង និង ជំរុញលើកទឹកចិត្តដល់ការងារបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្ត្រីទទួលបន្ទុកការងារហិរញ្ញវត្ថុ ។ ជាក់ស្តែងនៅឆ្នាំ ២០១៦ កន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ និងអនុវត្តការបណ្តុះបណ្តាលបានចំនួន ៤៤ វគ្គ និង ​មាន     សិក្ខាកាមជាមន្រ្តីរាជការជំនាញ, ថ្នាក់ដឹកនាំជំនាញ និង ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នចំនួន ៣៥៣០ នាក់ បានទទួលការបណ្តុះបណ្តាល ។

           ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានបញ្ជាក់ទៀតថា ជារួមទោះបីជាមានកិច្ចខិតខំដូចនេះ ក៏ក្នុងការអនុវត្តជាក់ស្តែង ផ្អែកតាមបទពិសោធន៍ក្នុងឆ្នាំ ២០១៥-២០១៦ បញ្ជា​ក់​ថា អង្គភាព​ថវិកា​នៅជួបប្រទះបញ្ហាប្រឈមមួយចំនួនដែលពាក់ព័ន្ធនឹងសមត្ថភាព និង ការ​យល់​​​ដឹ​ង​របស់​មន្រ្តីរាជ​កា​រ​ដែល​ចូល​រួមអនុវត្តកិច្ចការនេះ ។ ក្នុង​នោះមានបញ្ហាប្រឈម​​មួយ​ចំនួនពាក់ព័ន្ធ​នឹង​នីតិវិធីនៃ​ការអនុវត្ត​ថវិកាកម្មវិធី នេះតែម្តង និង ធ្វើឱ្យអង្គភាពថវិកានៃ​ក្រសួង ស្ថាប័ន​ មាន​ការ​​​លំ​បា​ក និង យឺតយ៉ាវ​នៅក្នុង​ដំណើរការ​អនុវត្ត​ថវិកា​កម្មវិធីរបស់ខ្លួន ហើយក៏ជាបច្ច័យ​ធ្វើ​ឱ្យ​​រអាក់រអួល​ដល់​ដំណើ​រការអនុវ​ត្ត​សកម្មភាពការងារនៃ គម្រោង​កម្មវិធីមួយចំនួនរបស់ខ្លួន ។ ដូច្នេះវគ្គបណ្ដុះបណ្ដាលនៅពេលនេះ នឹង​ជួយឱ្យមន្រ្តីរាជការគោលដៅបានត្រៀមលក្ខណៈសម្បត្តិបានសមស្របសម្រាប់ការ​អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យសម្រេច​បាន​លទ្ធផលតាមការគ្រោងទុក និង ឆ្លើយ​តប​បាន​ទាន់​ពេល​វេលា​ទៅនឹងតាម​តម្រូវ​ការរបស់​អង្គភាព​រៀងៗ​ខ្លួន ក្នុងគោលដៅធានា​ប្រសិទ្ធភាព, សង្គតិភាព​​​ និង ផលិតភាពនៃ​ការ​ប្រើ​ប្រាស់​​​ថវិកាជាតិ​ ស្រប​តាម​គោល​បំណង​គោល​នយោបាយ​ជាអាទិភាពរបស់​រាជ​រដ្ឋាភិបាល ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញលើកទឹកចិត្តវិទ្យាស្ថាន​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ និង អគ្គនាយក​ដ្ឋាន​ថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការបន្ត​កិច្ចសហការ​​​រៀបចំ​វគ្គ​បណ្តុះបណ្តាលថែមទៀត តាមសេចក្តីត្រូវការ​ជូន​​មន្រ្តីរាជការ នៃអង្គភាពថវិការបស់ក្រសួង ស្ថាប័ន លើជំនាញសម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ សម្រាប់​រួមចំណែកពង្រឹងពង្រីក​សមត្ថភាព និង លើក​កម្ពស់​​ការយល់ដឹងឱ្យបានគ្រប់គ្រាន់ និង សមស្រម ​ដើម្បីចូលរួម​   អនុវត្ត​កា​រ​កែ​​ទម្រង់​​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារ​ណៈនៅដំណាក់​​​កាល​ទី៣ឱ្យសម្រេចបានជោគជ័យ ។

efi-2017-10-25_1efi-2017-10-25_2efi-2017-10-25_3efi-2017-10-25_4efi-2017-10-25_5efi-2017-10-25_6efi-2017-10-25_7