18

Dec, 2017

សិក្ខាសាលាស្ដីពី “នីតិវិធីអនុវត្តថវិកា កម្មវិធី, ការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និង ប្រកាសដាក់ឱ្យប្រើប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាពត៌មាន” ជូនមន្ត្រីនគរបាលជាតិចំនួន ៣៨៧ នាក់

By: | Tags: | Comments: 0

       នាព្រឹកថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៧ នៅសណ្ឋាគារភ្នំពេញមានរៀបចំបើកវគ្គសិក្ខាសាលាស្ដីពី “នីតិវិធីអនុវត្តថវិកា កម្មវិធី, ការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និង ប្រកាសដាក់ឱ្យប្រើប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាពត៌មាន” ជូនមន្ត្រីនគ​រ​បា​ល​ជាតិចំនួន ៣៨៧ នាក់ មកពីអង្គភាពជំនាញថ្នាក់កណ្តាល និង ថ្នាក់មូលដ្ឋាន ផ្នែកសន្តិសុខសាធារណៈនៃក្រសួងមហាផ្ទៃ។ ពិធីបើកវគ្គសិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

សិក្ខាសាលានេះ រៀបចំក្រោមកិច្ចសហការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ មានរយៈពេល ៣ ថ្ងៃ ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងរបស់មន្រ្តីនគរបាលជាតិអំពីនីតិវិធីអនុវត្តថវិកាកម្មវិធី និង ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងក្របខណ្ឌការកែទម្រង់ការគ្រប់​គ្រ​ងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ សំដៅផ្សារ ភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ។

          ថ្លែងនៅក្នុងអង្គពិធីនេះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ក្នុងគោលបំណងពង្រឹង ពង្រីកសមត្ថភាព, ការទទួលខុសត្រូវ, ប្រសិទ្ធភាព, ផលិតភាពការងារ និងលើកកម្ពស់ការ​យល់ដឹង របស់មន្ត្រីរាជការ សម្រាប់អនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញ​វត្ថុសាធារណៈ ដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យ, ជានិច្ចកាលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងយកចិត្តទុកដាក់លើការបណ្តុះ ណ្តាលនិងវិក្រឹតការសមត្ថភាព លើជំនាញការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជូនដល់គ្រប់ក្រសួង-ស្ថាប័ន និងអង្គភាព ពាក់ព័ន្ធក្រោមឱវាទ ។ ជាមួយនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញ “គោលការណ៍ណែនាំស្ដីពីនីតិវិធីអនុវត្ត ថវិកាកម្មវិធី” ក្នុងគោលបំណងរៀបចំក្របខ័ណ្ឌគតិយុត្តគ្រប់ជ្រុងជ្រោយ សម្រាប់ក្រសួង-ស្ថាប័ន ក្នុងការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា សំដៅធានាថាការវិភាជន៍ថវិកាត្រូវបានអនុវត្តដោយអនុលោមតាមនីតិវិធីហិរញ្ញវត្ថុជាធរមាន និង កត់ត្រា បានត្រឹមត្រូវតាមមាតិកាថវិកា, មាតិកាគណនេយ្យ និង ស្របតាមកម្មវិធី, អនុកម្មវិធី, សកម្មភាព, និងចង្កោមសកម្មភាព ដែល បានគ្រោងទុក ។

          ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប ក៏បានរំលឹកដែរថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានមកដល់ ដំណាក់កាលទី ៣ និង ត្រូវអនុវត្តចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ សំដៅផ្លាស់ប្តូរជាបណ្តើរៗ ពីប្រព័ន្ធថវិកាផ្អែកលើធាតុចូល និងមជ្ឈការ ឆ្ពោះទៅប្រព័ន្ធថវិកាផ្អែកលើលទ្ធផលនិងវិមជ្ឈការ ក្នុងគោលដៅបង្កើននូវការផ្សារភ្ជាប់ថវិកាទៅនឹងគោល- នយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ។ តាមរយៈនេះ ថវិកាគឺជាឧបករណ៍គោលនយោបាយដ៏សំខាន់ ដើម្បីធានា​ការវិភាជ ថវិកាឱ្យចំគោលដៅ និង មានប្រសិទ្ធភាព ។ ការរៀបចំថវិកាចាំបាច់ត្រូវការផ្សារភ្ជាប់ទៅនឹង​គោលនយោបាយ​អាទិភាពរបស់ ក្រសួង-ស្ថាប័ននីមួយៗ ដើម្បីឈានទៅសម្រេចបានគោលដៅនៃកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល​ទាំង​មូល ។

            ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បានបញ្ជាក់ផងដែរថា ផែ្អកតាមបទពិសោធន៍អនុវត្តក្នុងឆ្នាំ ២០១៥-២០១៦ និង តាមបទពិសោធន៍អន្តរជាតិ បានប្រាប់ឱ្យដឹងថា ការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកានេះ គ្រប់ ក្រសួង-ស្ថាប័ន និង អង្គភាពពាក់ព័ន្ធក្រោមឱវាទ ត្រូវបង្កើនការយកចិត្តទុកដាក់ជាប្រចាំលើការពង្រឹងពង្រីកសមត្ថភាព ធនធានមនុស្ស ដើម្បីធានាបាននូវភាពជោគជ័យនៅតាមក្រសួង-ស្ថាប័នរៀងៗខ្លួនផង និង រួមចំណែកសម្រេចបានជោគជ័យ នៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងមូលផង ។ ក្នុងស្មារតីនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានកំណត់ ទិសដៅច្បាស់លាស់ និង បានលើកទឹកចិត្តខ្ពស់ដល់ការកសាង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ពិសេសលើជំនាញ សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីចូលរួមចំណែកអនុវត្តការងារ និង ភារកិច្ចរបស់ខ្លួន ឱ្យកាន់់តែមាន ប្រសិទ្ធភាពថែមទៀត ។

          ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា នីតិវិធីអនុវត្ត ថវិកាកម្មវិធី និងអង្គភាពថវិកា និង ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់មហាផ្ទៃ ក៏ដូចជា សម្រាប់ក្រសួង-ស្ថាប័ននីមួយៗ ។ រាជរដ្ឋាភិបាលជាម្ចាស់កម្មសិទ្ធិលើទ្រព្យសម្បត្តិរដ្ឋ ដែលមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសេនាធិការ ហើយការគ្រប់គ្រង, ចាត់ចែង និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ គឺស្ថិតនៅក្រោមការកាន់កាប់របស់ក្រសួង-ស្ថាប័ន, រាជធានី-ខេត្ត ក្រុង, ឃុំ-សង្កាត់ និង នីតិបុគ្គលសាធារណៈ ។ ក្នុងន័យនេះ ការបណ្តុះបណ្តាលនិង កសាងសមត្ថភាពមន្ត្រី នគរបាលជាតិលើកិច្ចការនេះនឹងធ្វើឱ្យក្រសួងមហាផ្ទៃមានធនធានមនុស្សប្រកបដោយសមត្ថភាព ព្រោះថា មន្ត្រីនគរបាល ជាតិ គឺជាអ្នកកាន់កាប់ និង គ្រប់គ្រងបញ្ជីសារពើភ័ណ្ឌរបស់ក្រសួង ដែលត្រូវធានាឱ្យខាងតែបានលើការងារចាំបាច់ និង ចំពោះមុខដើម្បីរួមចំណែកដោះស្រាយលើគ្រប់បញ្ហាប្រឈម ។ ទន្ទឹមនេះ ការបណ្តុះបណ្តាលអំពីនីតិវិធីអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា ក្នុងក្របខ័ណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិតជានឹងជួយជំរុញឱ្យល្បឿននៃការ អនុវត្តថវិកាកម្មវិធីពេញ​លេញ សម្រេចបានជោគជ័យ និង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

          ក្នុងន័យនេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានសង្កត់ធ្ងន់ថា វគ្គសិក្ខាសាលានេះរបស់យើងនៅពេលនេះ ពិតជាត្រូវបានសហការរៀបចំឡើងបានទាន់ពេលវេលា និង ឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់ក្នុងការអនុវត្ត ។ តាមរយនេះ ឯកឧត្តមរដ្ឋលេខាធិការជឿជាកថា វគ្គសិក្ខាសាលានេះ ពិតជានឹងជួយឱ្យការអនុវត្តតួនាទីភារកិច្ចរបស់គ្រប់អង្គភាព ផ្នែក សន្តិសុខសាធារណៈនៃក្រសួងមហាផ្ទៃអាចឈានទៅសម្រេចបានលទ្ធផលផ្លែផ្កា តាមការគ្រោងទុក និង ឆ្លើយតបបានទាន់ ពេលវេលាទៅនឹងតាមតម្រូវការរបស់អង្គភាពរៀងៗខ្លួន ក្នុងគោលដៅធានាប្រសិទ្ធភាព, សង្គតិភាព និង ផលិតភាព នៃការ ប្រើប្រាស់ថវិកាជាតិ ស្របតាមគោលបំណងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ។ ក្នុងន័យនេះ  ឯកឧត្តមបាន​វាយតម្លៃខ្ពស់ចំពោះកិច្ចសហការរៀបចំវគ្គសិក្ខាសាលានៅពេលនេះ និងបានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ ខិតខំយក ចិត្តទុកដាក់ចូលរួម និងស្ដាប់គ្រប់បទឧទ្ទេសរបស់គ្រូបង្គោល និងវាគ្មិនទាំងអស់ ព្រមទាំងចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ និង បទពិសោធន៍ទៅវិញទៅមក ឱ្យបានសកម្មផុលផុស ដើម្បីស្វែងយល់ និង ចាប់យកចំណុចគន្លឹះសម្រាប់យកទៅអនុវត្ត ឱ្យបានល្អប្រសើរ នៅពេលត្រឡប់ទៅកាន់អង្គភាពការងាររៀងៗខ្លួនវិញ ។

efi-2017-12-18_2efi-2017-12-18_3efi-2017-12-18_4efi-2017-12-18_1efi-2017-12-18_5efi-2017-12-18_6