28

Feb, 2018

កម្មវីធីបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្ត

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅសណ្ឋាគារភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំកម្មវីធី “បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ FMIS សម្រាប់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្ត” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីមន្ត្រីនៃមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រាជធានី-ខេត្តទាំង២៥ និង មន្ត្រីរតនាគារខេត្តសរុបជាង ២០០ នាក់ ។ កម្មវិធីបញ្ជ្រាបការយល់ដឹងនេះ មានគោលបំណង ៖
១. ផ្តល់លទ្ធភាពឱ្យមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានីខេត្តទាំងអស់ បានស្វែងយល់អំពីបទពិសោធន៍ដ៏ល្អៗលើការប្រើប្រាស់មុខងារនីមួយៗ របស់រតនាគារខេត្តឆ្នើមចំនួនពីរ ដែលជាការដ្ឋានកំពុងប្រើប្រាស់ប្រព័ន្ធ FMIS និងទទួលបាននូវសមិទ្ធកម្មការងារខ្ពស់ដោយបានខិតខំពុះពារនិងជំនះគ្រប់ឧបសគ្គក្នុងការផ្លាស់ប្តូរបរិបទពីការអនុវត្តការងារដោយដៃ ឬក្រដាស មកប្រើប្រាស់ប្រព័ន្ធទំនើបកម្មដែលប្រើប្រាស់ដោយកុំព្យូទ័រ និងបច្ចេកវិទ្យាព័ត៌មាន បានយ៉ាងជោគជ័យ ព្រមទាំងទទួលផ្លែផ្កាគួរជាទីមោទនៈ សម្រាប់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
២. បញ្ជ្រាបការយល់ដឹងស៊ីជម្រៅអំពីទិដ្ឋភាពរួមរបស់ប្រព័ន្ធ FMIS, នីតិវិធីអនុវត្តការតាមប្រព័ន្ធ FMIS នៃមុខងារនីមួយៗ និងនីតិវិធីអនុវត្តស្តង់ដារ (SOP) ដែលតំណាងមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុទាំងអស់ ត្រូវជ្រាប និងស្វែងយល់ឱ្យបានច្បាស់ ដើម្បីត្រៀមលក្ខណៈក្នុងការសហការជាមួយក្រុមការងារ នាពេលដ៏ខ្លីខាងមុខនេះ។
៣. បំផុសឱ្យមានការគិតគូរ និងពិភាក្សាស៊ីជម្រៅលើការរៀបចំកំណត់អត្តសញ្ញាណ, តួនាទី និងភារកិច្ច រួមទាំងការគូសព្រាងប្លង់ទីតាំងរបស់មន្ត្រីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនីមួយៗ ក៏ដូចជាការគិតគូរនិងវិភាគឱ្យកាន់តែច្បាស់លាស់ក្នុងការត្រៀមចុះបំពេញកាងារតាមផ្នែកនិងសកម្មភាពនីមួយៗឱ្យបានសមស្រប និងគ្រប់ជ្រុងជ្រោយ ។efi-2018-2-28_1efi-2018-2-28_2efi-2018-2-28_3efi-2018-2-28_4efi-2018-2-28_5efi-2018-2-28_6