9

Jul, 2018

សិក្ខាសាលាផ្សព្វផ្សាយ “ ផែនការយុទ្ធសាស្ត្រស្តីពីការកសាងនិងអភិវឌ្ឍសមត្ថភាព ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (ដំណាក់កាលទី៣) ” របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃ ១២ រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០១៨ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាមួយដើម្បីផ្សព្វផ្សាយ “ ផែនការ​យុទ្ធសាស្ត្រស្តីពីការកសាង​និង​អភិវឌ្ឍ​សមត្ថភាព ​ក្នុង​ក្រប​ខណ្ឌ​កម្មវិធី​កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (ដំណាក់កាលទី៣) ” ជូនដល់គ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងស្ថាប័ន, គ្រឹះស្ថានសាធារណៈរដ្ឋបាល, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃរាជធានី-ខេត្ត និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ដែលមានអ្នកចូលរួមសរុបប្រមាណ ៣០០ នាក់

ពិធីបើកអង្គសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​​​ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងត្រូវបានសហការរៀបចំ និងសម្របសម្រួលដោយ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង នាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋាន របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ​ឱ្យ​បាន​​ទូលំ​ទូ​លាយ​នូវខ្លឹមសារ និងស្មារតីនៃផែនការ​យុទ្ធសាស្រ្តស្ដីពីការកសាងនិងអភិវឌ្ឍសមត្ថភាព  ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (ដំណាក់កាលទី ៣) សំដៅលើកកម្ពស់ការចូលរួមគាំទ្រ និង កិច្ចសហការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ឱ្យសម្រេចជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ បានគូសបញ្ជាក់ថា ការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្តស្តីពីការកសាង​និងអភិវឌ្ឍ​សមត្ថភាព នៅថ្ងៃនេះ គឺជាជោគជ័យដ៏សំខាន់មួយទៀត របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរួមចំណែកកសាងនិងអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ សំដៅលើកកម្ពស់ប្រសិទ្ធភាព និងចីរភាពនៃការអនុត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋា-ភិបាលកម្ពុជា ។ ក្នុងន័យនេះ វត្តមានដ៏ច្រើនកុះកររបស់តំណាងមកពីគ្រប់អង្គភាព, ក្រសួងស្ថាប័ន, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, រាជធានីខេត្ត រួមនឹងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ នៅក្នុងសិក្ខាសាលានេះ ឆ្លុះបង្ហាញឱ្យឃើញពីការគាំទ្រ និងការផ្ដល់សារៈសំខាន់ដល់ការងារកសាងនិងអភិវឌ្ឍសមត្ថភាព លើមុខជំនាញ​ចាំបា​ច់​សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាកត្តាគន្លឹះ និង មិនអាចខ្វះបាន សម្រាប់ទ្រទ្រង់ដល់ការសម្រេចជោគ​ជ័យ​ក្នុងការអនុវត្តការកែទម្រង់ការទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកប​ដោយ​ប្រសិទ្ធភាព និងចីរភាព ។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានចាត់ទុកការអប់រំបណ្ដុះបណ្ដាល និង ការកសាងសមត្ថភាពគឺជាអាទិភាពចម្បង ជានិច្ចដល់ការអភិវឌ្ឍធនធានមនុស្ស សម្រាប់ទ្រទ្រង់ និងចូល​រួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឱ្យទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយបានរួមចំណែកធ្វើឱ្យកម្ពុជាសម្រេចបានកំណើន​សេដ្ឋកិច្ចខ្ពស់ជាប់ៗគ្នា ប្រមាណជា ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលប្រមាណជា ៣ អាណត្តិកន្លងមក និង បានរួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាប និងកំពុង​​ខិតខំប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ឈានឆ្ពោះទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ចាប់ពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត​ជាផ្លូវការនៅឆ្នាំ ២០០៤ ក្នុងគោលដៅ​ច្បាស់លាស់​គឺការផ្លាស់​ប្តូរប្រព័ន្ធ​ថវិកា ពី​ថវិកាផ្អែក​​លើធាតុ​ចូលនិងមជ្ឈការ ឆ្ពោះ​ទៅ​ថវិកា​ផ្អែក​លើ​សមិទ្ធកម្មនិងវិមជ្ឈការមក, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងបានយកចិត្តទុកដាក់ជានិច្ចលើការកសាងនិងអភិវឌ្ឍសមត្ថភាព លើជំនាញសម្រាប់ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ ក្នុងគោល​ដៅពង្រឹងពង្រីកចំណេះដឹង សមត្ថភាព និងជំនាញវិជ្ជាជីវៈពាក់ព័ន្ធជូនដល់មន្រ្តីរាជការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។​

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ ក៏បានបន្ថែមផងដែរថា ឆ្លើយតបទៅនឹងតម្រូវការកសាងនិងអភិវឌ្ឍសមត្ថភាពនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំនិងអនុវត្តនូវ ßផែនការយុទ្ធសាស្ត្រស្តីពីការកសាងនិងអភិវឌ្ឍសមត្ថភាពà ដែលត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយត្រូវបានអនុម័តដាក់​ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០០៧ ដោយគណៈកម្មការកែទម្រង់ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ត្រូវបានអនុវត្តយ៉ាងសកម្ម និង រស់រវើក ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងការរួមចំណែកសម្រេចគោលបំណងគោលនយោបាយ នៃការអនុវត្តការកែទម្រង់ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ គឺ “ភាពជឿទុក​ចិត្ត​នៃថវិកា” នៅក្នុងដំណាក់កាលទី១ និង “គណនេយ្យភាពហិរញ្ញវត្ថុ” នៅក្នុងដំណាក់កាលទី ២ ។ សមិទ្ធផលខាងលើ បានរួមចំណែកធ្វើឱ្យកម្ពុជាចាកផុតពីបំណុលសាច់ប្រាក់រ៉ាំរ៉ៃ និងឈានទៅមានអតិរេកសាច់ប្រាក់ ដែលអនុគ្រោះក្នុងការបង្កើនការចំណាយទៅលើការវិនិយោគសាធារណៈ ក្នុងវិស័យសំខាន់ៗ ដូចជាអប់រំ និង សុខាភិបាល ជាដើម ហើយថែមទាំងមានលទ្ធភាពសម្រាប់ការបង្កើនបៀវត្សជាបណ្តើរៗជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង និវត្តជន ថែមទៀតផង ។

           ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតនៅដំណាក់កាលទី ៣ និងមានតួអង្គក្រសួងស្ថាប័នចូលរួមកាន់តែច្រើនឡើងៗ ។ ភាព​​ជាម្ចាស់ និងការទទួល​ខុសត្រូវភាគ​ច្រើន ត្រូវបានផ្ទេរទៅកាន់ក្រសួងស្ថាប័ន ក្នុងខណៈដែលសមត្ថភាពមន្រ្តីរាជការនៅមានកម្រិត ហើយវិសាលភាពការងារ កាន់​តែ​ទូលំទូលាយនិងស្មុគ្រស្មាញាជាងមុន ដែលតម្រូវឱ្យមានធនធានមនុស្សដែលមានសមត្ថភាពជំនាញគ្រប់គ្រាន់ និងត្រូវបង្កើនឆន្ទៈចូលរួមអនុវត្តឱ្យកាន់តែខ្លាំងថែមទៀត ។ ក្នុងបរិការណ៍នេះ ផែនការយុទ្ធសាស្រ្តកសាងនិងអភិវឌ្ឍសមត្ថភាព ក៏ចាំបាច់ត្រូវធ្វើបច្ចុប្បន្នកម្មឡើងវិញ ផងដែរ ដោយត្រូវបញ្ចូលនូវមុខជំនាញ, ប្រធានបទ, និងវិធីសាស្រ្តថ្មីៗថែមទៀត អនុលោមតាមគោលការណ៍ណែនាំ បទប្បញ្ញតិ្ត និងលក្ខណៈបច្ចេកទេស សម្រាប់ការអនុវត្តថវិកាកម្មវិធីនិងអង្គភាពថវិកា និង ឆ្លើយតបចំពោះតម្រូវការនៃការអនុវត្តប្រព័ន្ធព័ត៌​មា​ន​​វិទ្យាគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ (FMIS), ជំហានទី ២ រួមនឹងភាពប្រទាក់ក្រឡាគ្នា នៃការកែ​ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយនឹងការកែទម្រង់ពីរទៀតគឺ ការកែទម្រង់រដ្ឋបាល​សាធារណៈ និង ការកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ សម្រាប់ការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យ​​នៅថ្នាក់ក្រោមជាតិ ។ ក្នុងន័យនេះ ផែនការយុទ្ធសាស្ត្រស្តីពីការកសាងនិងអភិវឌ្ឍសមត្ថភាពបច្ចុប្បន្នកម្ម ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកាសដាក់ឱ្យប្រើនៅពេលនេះ គឺពិតជាមានសារសំខាន់ សម្រាប់តម្រង់ទិសការអនុវត្តការងារបណ្តុះបណ្តាលនិងវិក្រឹតការ ឱ្យមានលក្ខណៈប្រមូលផ្តុំ ជាប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ដើម្បីធានាគុណភាព និងប្រសិទ្ធភាព ក្នុងការអភិវឌ្ឍសមត្ថភាព ឆ្លើយតបទៅនឹងតម្រូវការសម្រាប់រួមចំណែកអនុវត្តការកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ នេះ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តដល់គ្រប់អង្គភាពពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័ន និងដៃគូជាតិ-អន្តរជាតិ ឱ្យចូលរួម សហការ និង គាំទ្រ ដល់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ​កសាងនិងអភិវឌ្ឍសមត្ថភាពនេះ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមសេចក្តីត្រូវការក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ឱ្យសម្រេចជោគជ័យ ប្រកបដោយប្រសិទ្ធភា និងចីរភាព ។

efi-2018-7-9_1efi-2018-7-9_2efi-2018-7-9_3efi-2018-7-9_4efi-2018-7-9_4-1efi-2018-7-9_5efi-2018-7-9_9efi-2018-7-9_10efi-2018-7-9_6efi-2018-7-9_7efi-2018-7-9_8