20

Aug, 2018

វគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់មន្ត្រីរាជការថ្មី ៣៧២ នាក់ មកពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្តទាំង ២៥ និង អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្នាក់មូលដ្ឋាន សម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃចន្ទ ៩ កើត ខែ ស្រាពណ៍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៨, នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មានរៀបចំបើក វគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់មន្ត្រីរាជការថ្មី ៣៧២ នាក់ មកពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្តទាំង ២៥ និង អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្នាក់មូលដ្ឋាន សម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ នៅដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព ។

           ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ​​​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្នុងកិច្ចសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនសិក្ខាកាមគោលដៅ ដែលជាមន្រ្តីរាជការថ្មីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅមូលដ្ឋាន ​ដើម្បីស្វែងយល់ និងពង្រីកចំណេះដឹងមូលដ្ឋានសំខាន់ៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ ពិសេសការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, រចនាសម្ព័ន្ធ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ទំនាក់ទំនងនៃការគ្រប់គ្រងហិរញ្ញវត្ថុ​សាធារណៈ​នឹងការបម្រើសេវាសាធារណៈ, កិច្ចការរដ្ឋបាលសាធារណៈ និង ទិដ្ឋភាពសំខាន់ៗនៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការ​ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តការងារ និងតួនាទីភារកិច្ចរបស់មន្រ្តីទាំងនោះ ឱ្យកាន់តែមានប្រសិទ្ធភាព ។

              ថ្លែងក្នុងពិធីនោះ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ​​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ បានគូសបញ្ជាក់ថា រាជ​រដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ដ៏វៃឈ្លាសរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា-ណាចក្រកម្ពុជា តែងបានផ្តល់អាទិភាពជានិច្ចដល់ការកសាងនិងអភិវឌ្ឍធនធានមនុស្ស សម្រាប់ទ្រទ្រង់ការអភិវឌ្ឍ​​សង្គម-សេដ្ឋកិច្ច និង បានរួមចំណែកឱ្យកម្ពុជាសម្រេចបានកំណើន​សេដ្ឋកិច្ចខ្ពស់ជាប់ៗគ្នាប្រមាណជា ៧% ក្នុ​ង​រយៈពេល ៣ អាណត្តិកន្លងមក ហើយបានរួមចំណែកជួយឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និង កំពុងខិតខំឈានឆ្ពោះទៅជាប្រទេសចំណូល​មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។

              ឯកឧត្តម ពេជ្រ សម្បត្តិ ក៏បានគូសបញ្ជាក់ផងដែរថា ការបណ្តុះបណ្តាលតម្រង់ទិស ពិតជាមានសារៈសំខាន់សម្រាប់មន្ត្រីថ្មី និង សាមីអង្គភាព ទាំងក្នុងវិស័យសាធារណៈ និងវិស័យ​ឯកជន ក្នុងការពង្រឹងពង្រីកចំណេះដឹង និងបំពាក់ស្មារតីការងារ និង ជាស្ពានសម្រាប់បន្តការអភិវឌ្ឍសមត្ថភាពជំនាញ ឱ្យកាន់តែប្រសើរថែមទៀត សំដៅជំរុញផលិតភាព និង ប្រសិទ្ធភាពការងារ ប្រកបដោយចីរភាព នៅតាមអង្គភាពនីមួយៗ ។

           ទន្ទឹមនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានសង្កត់ធ្ងន់ផងដែរថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងបានយកចិត្តទុកជានិច្ចលើការកសាងនិងអភិវឌ្ឍសមត្ថភាពលើ​ជំនាញសម្រាប់ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃគ្រប់ក្រសួង​ស្ថាប័ន ។ ជាក់ស្តែង ឆ្លើយតបទៅនឹងតម្រូវការ សម្រាប់​អនុវត្តការកែទម្រង់ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ នៅដំណាក់កាលទី១ និង ទី២ , ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ឱ្យអនុវត្តជាផ្លូវការក្នុងឆ្នាំ ២០០៧ នូវ ßផែនការយុទ្ធសាស្ត្រ​កសាងនិង​អភិវឌ្ឍសមត្ថភាពà ដំបូង ដែល​ត្រូវបានរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមជំនួយពីទីប្រឹក្សាបច្ចេក​ទេសនៃធនាគារពិភពលោក ។ ផែនការយុទ្ធសាស្រ្តនេះ ត្រូវបានអនុវត្តយ៉ាងសកម្ម និងរស់រវើក និង ទទួលបានលទ្ធផល គួរជាទីមោទនៈ ដែលបានចូលរួមចំណែកធ្វើឱ្យការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស​ម្រេ​ចគោលដៅដោយ​​ជោគជ័យក្នុងការកសាង “ភាពទុកចិត្តបាននៃថវិកា” នៅដំណាក់កាលទី ១ ក្នុងឆ្នាំ ២០០៨ និង “គណនេយ្យភាពហិរញ្ញវត្ថុ” នៅដំណាក់កាលទី ២ ក្នុងឆ្នាំ ២០១៥ ។

           ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានគូសបញ្ជាក់ថា សមិទ្ធផលខាងលើនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ ការបន្តអនុវត្តការកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅដំណាក់កាលទី៣ ដែលត្រូវបានចាប់ផ្តើម​នៅ​​​ខែមីនា ឆ្នាំ ២០១៦ ក្នុងគោលដៅ បង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយជាអាទិភាព ក្នុងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។  លើស​ពីនេះ សមិទ្ធផលខាងលើ ក៏បានរួមចំណែកជួយឱ្យកម្ពុជាចាកផុតពីបំណុលសាច់ប្រាក់រ៉ាំរ៉ៃ និងមាន​អតិរេកសាច់ប្រាក់ សម្រាប់​បង្កើនការចំណាយវិនិយោគសាធារណៈ ក្នុងវិស័យសំខាន់ៗ ដូចជាអប់រំ និង សុខាភិបាល និងថែមទាំងមានលទ្ធភាពបង្កើនបៀវត្សជាបណ្តើរៗជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង និវត្តជនថែមទៀត។ បច្ចុប្បន្ន ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតនៅក្នុងដំណាក់កាលទី ៣ និង មានតួអង្គអនុវត្តន៍កាន់តែច្រើនឡើងៗ ទន្ទឹមនឹងការផ្ទេរភាព​​ជាម្ចាស់ និងការទទួល​ខុសត្រូវកាន់តែច្រើនទៅកាន់ក្រសួងស្ថាប័ន ក្នុងកាលៈទេសៈដែលសមត្ថភាពធនធានមនុស្សនៅមានកម្រិត ។​ ក្នុងបរិការណ៍នេះ ßផែនការយុទ្ធសាស្ត្រ​កសាងនិង​អភិវឌ្ឍសមត្ថភាពà ត្រូវបានធ្វើបច្ចុប្បន្នកម្មឡើងវិញ និង ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០១៨ កន្លងទៅ ។ តាមរយៈនេះ គ្រប់អង្គភាព និងក្រសួងស្ថាប័ន ចាំបាច់ត្រូវពង្រឹង​ពង្រីកសមត្ថភាព និងការយល់ដឹងថែមទៀតជូនមន្រ្តី​រា​ជ​​កា​​​រ​​របស់ខ្លួន ដើម្បីធានាតម្លាភាព​ និង សង្គតិភាព ក្នុងការអនុវត្តថវិកាកម្មវិធីពេញលេញ និង អង្គភាពថវិកា ក្នុងក្របខណ្ឌនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និង ចីរភាព តាមការគ្រោងទុក ។

ក្នុងស្មារតីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ពេជ្រ សម្បត្តិ បានសង្កត់ធ្ងន់ថា វគ្គបណ្តុះបណ្តាលតម្រង់ទិស នៅពេលនេះ គឺជាឱកាស ដ៏សំខាន់សម្រាប់មន្រ្តីរាជការថ្មីទាំងអស់ ក្នុងការក្រេបយកចំណេះដឹង និងបទពិសោធន៍ និង ជាស្ពានក្នុងការបន្តអភិវឌ្ឍសមត្ថភាពថែមទៀត នៅពេលខាងមុខ ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ ស្តាប់ និងស្វែងយល់​លើគ្រប់បទឧទ្ទេស​របស់គ្រូ និងវាគ្មិនទាំងអស់ ព្រមទាំង​ចូលរួមលើកសំណួរ ពិភាក្សា និង ផ្លាស់ប្តូរគំនិតយោបល់ឱ្យ​បាន​ផុសផុល ដើម្បីចាប់យក​ចំណេះ​​ដឹង និង ចំណេះធ្វើពិតប្រាកដ សម្រាប់​យកទៅអនុវត្តនៅ​ក្នុង​អង្គភាពការងាររៀងៗ​ខ្លួន ឆ្លើយតបទៅនឹងតម្រូវ​ការក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ  ក៏ដូចជា សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិទាំងមូល ។

ឯកឧត្តម អនុរដ្ឋលេខាធិការ  បានជំរុញលើកទឹកចិត្តដល់វិទ្យាស្ថានសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ្ និង អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបន្តកិច្ចសហការឱ្យកាន់តែស្អិតរមួតថែមទៀត ក្នុងការរៀបចំនិងអនុវត្តការបណ្តុះបណ្តាលតម្រង់ទិស សម្រាប់មន្ត្រីរាជការថ្មីរបស់គ្រប់អង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  ដើម្បីចូលរួម​អនុវត្ត​កា​រ​កែ​​ទម្រង់​​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារ​ណៈ នៅដំណា​ក់​​​​កាល​ទី ៣ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយ​ប្រសិ​ទ្ធ​ភាព និងចីរភាព ។efi-2018-8-20_1efi-2018-8-20_2efi-2018-8-20_3efi-2018-8-20_4efi-2018-8-20_5