3

Sep, 2018

ពិធីប្រកាសបើកយុទ្ធនាការបណ្តុះបណ្តាលជាស៊េរីស្តីពី “ជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

ថ្ងៃចន្ទ ៨ រោច ខែ ស្រាពណ៍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០១៨, នៅសណ្ឋាគារភ្នំពេញ​, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំពិធីប្រកាសបើកយុទ្ធនាការបណ្តុះបណ្តាលជាស៊េរីស្តីពី “ជំនាញ​បច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ក្នុងគោលដៅលើកកម្ពស់សមត្ថភាពជំនាញ និងពង្រឹងពង្រីកចំណេះដឹងបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនដល់សិក្ខាកាមគោលដៅជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាញសរុប ០១៤ នាក់ ដែលទទួលបន្ទុកការងារគ្រប់គ្រងថវិកា លទ្ធកម្ម ហិរញ្ញវត្ថុកិច្ច និងគណនេយ្យហិរញ្ញវត្ថុ របស់ក្រសួងស្ថាបប័ន នៃរាជរដ្ឋាភិបាល ។

ពិធីប្រកាសបើក យុទ្ធនាការបណ្តុះបណ្តាលជំនាញបច្ចេកទេស នេះ ត្រូវបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​​​ និងជាប្រធានក្រុមការងារកសាងសមត្ថភាព អមដោយឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងស្ថាប័ន និងមានការចូលរួមពីលោកស្រី កាមីឡា ឡំបាដ៍ (Camilla Lombard) អនុ-ប្រធានក្រុមសហប្រតិបត្តិការនៃសហគមន៍អឺរ៉ុប ប្រចាំនៅកម្ពុជា និង លោក លោកស្រី តំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ និងសិក្ខាកាមចូលរួមសរុបប្រមាណ ៤៥០ នាក់

អង្គពិធីនេះ ត្រូវបានរៀបចំសម្របសម្រួលដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយដំណើរការបណ្តុះបណ្តាលជាក់ស្តែង នឹងត្រូវធ្វើឡើងនៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងទម្រង់​​ជា​កម្មវិធីសិក្សាជំនាញបច្ចេកទេស ដែលមានរយៈពេលពី ៧០៩០ ម៉ោង សម្រាប់វគ្គសិក្សានីមួយៗ ដែលមានលក្ខណៈជាស៊េរីចំនួន ២១ វគ្គ គិតចាប់ពីថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០១៨ តទៅ

នៅក្នុងពិធីនោះ លោកស្រី កាមីឡា ឡំបាដ៍ (Ms. Camilla Lombard) អនុប្រធានក្រុមសហប្រតិបត្តិការនៃសហគមន៍អឺរ៉ុប ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមតំណាងដៃគូអភិវឌ្ឍ លោកស្រីសូមអបអរសាទរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែល​បានអនុម័ត និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយជោគជ័យនូវ ផែនការយុទ្ធសាស្រ្តកសាងនិងអភិវឌ្ឍសមត្ថភាព ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ។ ដៃគូអភិវឌ្ឍពិតជាមានសេចក្ដីរីករាយ​​ និងមានកិត្តិយស ដែលបានចូលរួមនៅក្នុងដំណើរការរៀបចំ និងអនុវត្តផែនការយុទ្ធសាស្រ្តដ៏មានសារៈសំខាន់នេះ ។ លោកស្រី កាមីឡា ឡំបាដ៍ បានសង្កត់ធ្ងន់ថា វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ ពិតជាមានសារៈខាន់ និងបានសន្យាថា ដៃគូអភិវឌ្ឍនឹងបន្តសហការនិងគាំទ្រ ថែមទៀត ក្នុងការអនុវត្តការកសាង និងអភិវឌ្ឍសមត្ថភាពលើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​​ និងជាប្រធានក្រុមការងារកសាងសមត្ថភាពក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៥​ ឆ្នាំកន្លងទៅ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទទួលបានជោគជ័យក្នុងការងារបណ្ដុះបណ្ដាល និង កសាងសមត្ថភាព​​ជូន​ថ្នាក់ដឹកនាំ និង មន្រ្តីរាជការ​កក្រសួង​-ស្ថាប័នរបស់រាជរដ្ឋាភិបាល លើ​ជំនាញ សម្រាប់ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ  ដែលជាតម្រូវការចាំបាច់ សម្រាប់អនុវត្តការកែទម្រង់​ការ​​គ្រប់​គ្រង​ហិរញ្ញវត្ថុ​​​​​សាធារណៈ  ។​ បច្ចុប្បន្ន ធនធានមនុស្សទាំងនោះ បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទី ភារកិច្ចនៅតាមអង្គភាពរៀងៗខ្លួន និងបានរួមចំណែកធ្វើឱ្យកម្ពុជាអាចបន្តរក្សាបានយ៉ាងរឹងមាំនូវ  ភាពជឿទុកចិត្តបាននៃថវិកា ដែលសម្រេចបានជាសារវន្ត នៅក្នុងដំណាក់កាលទី ១ និង ទទួលបានជោគជ័យថែមទៀត ក្នុងការបង្កើន  គណនេយ្យភាពហិរញ្ញវត្ថុ នៅក្នុងដំណាក់កាល​ទី២ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់គន្លឹះមួយរបស់រាជរដ្ឋាភិបាល ក្រោមមគ្គទេសក៍ដឹកនាំដ៏វៃឈ្លាស ប្រកបដោយគតិបណ្ឌិតដ៏ខ្ពងខ្ពស់របស់ សម្តេចតេជោ​​​ ហ៊ុន សែន នាយក–   រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ធានាជោគជ័យ ក្នុងការអនុវត្តរបៀបវារៈគោលនយោបាយអភិវឌ្ឍជាតិ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ។ បច្ចុប្បន្ន ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតនៅដំណាក់កាលទី ៣ ក្នុងគោលដៅ បង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល និងមានតួអង្គអនុវត្តកាន់តែច្រើនឡើង ទន្ទឹមនឹងការផ្ទេរភាពជាម្ចាស់ និងការទទួលខុសត្រូវកាន់តែច្រើនជាងមុន ទៅកាន់ក្រសួងស្ថាប័ន ក្នុងកាលៈទេសៈដែលសមត្ថភាពធនធានមនុស្សនៅមានកម្រិត, ទាំងចំណេះដឹង ជំនាញ និងឆន្ទៈក្នុងការចូលរួមអនុវត្ត ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់ថា ក្នុងក្របខណ្ឌការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, នៅឆ្នាំ ២០១៨ រាជរដ្ឋាភិបាល​បានដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជំហាន​ទី​២ ដែលពង្រីកទៅដល់ក្រសួងស្ថាប័នចំនួន ១០ រួមនឹងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានីខេត្ត ទន្ទឹមជាមួយនឹងការដាក់ឱ្យអនុវត្តជាផ្លូវការនូវ “ផែនការយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធថវិកា ២០១៧-២០២៥” ក្នុងគោលដៅធ្វើឱ្យប្រព័ន្ធថវិកាកម្ពុជា ទៅជាប្រព័ន្ធថវិកាព័ត៌មា​ន​សមិទ្ធកម្ម ដែលនឹងធានាក្នុងការប្រែក្លាយ ថវិកាឱ្យទៅឧបករណ៍គោលនយោបាយ ដ៏ពិតប្រាកដ សម្រាប់អនុវត្តគោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ ការណ៍នេះ ធ្វើឱ្យគ្រប់ក្រសួងស្ថាប័ន ចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ថែមទៀត ក្នុងការពង្រឹង​ពង្រីកសមត្ថភាព ចំណេះដឹង និងការលើកកម្ពស់ការយល់ដឹង ពិសេស លើ ជំនាញបច្ចេកទេស​ចាំបាច់សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនមន្រ្តី​រា​ជ​​កា​​​រ ដើម្បីអាចធានាបាននូវប្រសិទ្ធភាព សង្គតិភាព និងចីរភាពក្នុងការអនុវត្តតួនាទីភារកិច្ច ពិសេស ការអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា និងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព និង ចីរភាព ៕

efi-2018-9-3_1efi-2018-9-3_2efi-2018-9-3_3efi-2018-9-3_4efi-2018-9-3_5efi-2018-9-3_6efi-2018-9-3_7