12

Dec, 2018

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបើកសិក្ខាសាលាផ្សព្វផ្សាយ កម្រងសម្រង់បទប្បញ្ញត្តិច្បាប់សំខាន់ៗទាក់ទងសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ​ខែ ធ្នូ ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានរៀបចំកម្មវិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “កម្រងសម្រង់បទប្បញ្ញត្តិច្បាប់សំខាន់ៗទាក់ទងសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ក្រោម​អធិបតីភាព ឯក​ឧត្តម​បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេ​ខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដោយ​មាន​ការ​ចូលរួម​ពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ មន្ដ្រីរាជការនៃក្រសួង ស្ថាប័នទាំងអស់​របស់​រាជរដ្ឋាភិបាល, រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមាន​ការពាក់ព័ន្ធកម្មវិធី​កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំង​គ្រប់តំណាងអង្គភាពថ្នាក់កណ្ដាល និង​​ថ្នាក់​មូលដ្ឋាន​​របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ថ្លែង​ក្នុងពិធី​នេះ ឯក​ឧត្តម​បណ្ឌិតសភាចារ្យ បាន​មាន​ប្រសាសន៍ថា នៅក្នុងការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានអនុវត្តដំណាក់កាលទី១ តាំងពីឆ្នាំ២០០៥ រហូតមកដល់ដំណាក់កាលទី៣នេះ,ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុបាននឹងកំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់បន្តទៀត លើការពង្រឹងនិងចូលរួមចំណែកអនុវត្តគាំទ្រ “អភិបាលកិច្ចល្អ” ដែលយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤ នៅតែចារឹកទុកជាស្នូលនិងត្រូវបង្កើនល្បឿនបន្ថែមទៀត ដើម្បីសម្រេចគោលដៅយុទ្ធសាស្រ្ត កំណើន ការងារ សមធម៌ ប្រសិទ្ធភាព​​ និង កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ របស់រាជរដ្ឋាភិបាល។ ការអនុវត្តយុទ្ធសាស្ដ្រចតុកោណទាំង ៣ ដំណាក់កាលកន្លងមក បានផ្ដល់ផលជាការផ្លាស់ប្ដូរស៊ីជម្រៅនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចនិងការលើកកម្ពស់ជីវភាពប្រជាជនឱ្យកាន់តែប្រសើរឡើង, ទាំង​ខាងសម្ភារៈនិងទាំងស្មារតី, តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព សមធម៌ បរិយា​ប័ន្ន និង​ធន់​នឹង​វិបត្តិ ដោយ​វឌ្ឍនភាពជា​ទី​មោទកៈនេះ ក៏​មិន​អាច​ខ្វះ​បាន​នូវការពង្រឹងប្រសិទ្ធភាពនៃអភិបាលកិច្ចរបស់ស្ថាប័នរដ្ឋ។

ជាមួយគ្នា​នេះ ឯក​ឧត្តម​បណ្ឌិតសភាចារ្យ ក៏​បាន​លើ​កឡើង​បន្ថែម​ថា ក្នុងនាម​​​សេនាធិការរបស់រាជរដ្ឋាភិបាល​ក្នុង​បេសកកម្ម​ដឹក​នាំ និងគ្រប់​គ្រង​ការងារ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុជាតិ,​ ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ ​មានភារកិច្ចដឹកនាំ​ការរក្សា​វិន័យ​​​ហិរញ្ញវត្ថុសាធារ​ណៈ ​និង​ការគោរពច្បាប់ហិរញ្ញវត្ថុ​ ក្នុងគោលដៅធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុ​សាធារណៈ​ទាំង​មូល​​​​ប្រកាន់​​​​​ខ្ជាប់​នូវគោលការណ៍​គ្រឹះ​​នៃអភិបាលកិច្ច​ល្អ ក្នុងវិស័យ​​ហិរញ្ញវត្ថុសាធារណៈ ស្រប​តាម​​​ច្បាប់ស្តីពីប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​។ ក្នុងន័យនេះ ដើម្បីបង្កើនល្បឿននៃអភិបាលកិច្ចល្អ ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកំពុងខិតខំបង្កើត ក៏ដូចជាធ្វើបច្ចុប្បន្នកម្មឧបករណ៍​កិច្ចការគតិយុត្ត ដើម្បីធ្វើជាឧបករណ៍ក្នុងការបំពេញការងាររបស់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ប្រកបដោយប្រសិទ្ធភាព។ ជាក់ស្តែង “កម្រងសម្រង់បទប្បញ្ញត្តិច្បាប់សំខាន់ៗ​ទាក់ទងសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ”  ដែលត្រូវបានបោះពុម្ពនៅឆ្នាំ២០១៣ កន្លងទៅ ត្រូវបានធ្វើបច្ចុប្បន្នកម្មនិងបោះពុម្ពឡើងវិញនៅឆ្នាំ២០១៨ នេះ តាមការសម្រេចដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម ដើម្បីឆ្លើយតបនឹងដំណើរវិវត្តនៃលិខិតបទដ្ឋានគតិយុត្តនិងតម្រូវការការងាររបស់តួអង្គប្រតិបត្តិករ ដែល​កម្រង​សម្រង់នេះ​នឹងក្លាយជាឧបករណ៍ការងារគាំទ្រដល់ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូច​ជាអាចជាឧបករណ៍ការងារជួយដល់​ការងារ​កែទ​ម្រង់​ផ្សេងទៀត​​ផងដែរ​។ ឆ្លៀត​ក្នុង​ឱកាស​នោះ ឯក​ឧត្តមបណ្ឌិត​សភាចារ្យ បាន​បញ្ជាក់​ទៀត​ថា ការបង្កើតជាកម្រងសម្រង់នេះឡើង គឺពិតជាពុំមែនជាការចៃដន្យនោះទេ តែសមិទ្ធផលនេះ គឺជាឧបករណ៍ការងារដ៏គន្លឹះមួយ សំដៅចូលរួមចំណែកពង្រឹងនីតិរដ្ឋ និងពង្រីកវប្បធម៌នៃការគោរពច្បាប់ផង និយាយជារួម ព្រមទាំងរួមចំណែកឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការជាអ្នកប្រតិបត្តិផ្ទាល់ទាំងឡាយ ក្នុងការពង្រឹងប្រសិទ្ធភាពនៃអភិបាលកិច្ចនិងសមត្ថភាពស្ថាប័ន នៅក្នុងការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ជាទី​បញ្ចប់ ឯក​ឧត្តមបណ្ឌិត​សភាចារ្យ ​ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ចូលរួម​ឱ្យ​បានសកម្មក្នុងការ  ផ្តល់មតិកែលម្អ និងស្ថាបនាសមិទ្ធផល​នេះ ឱ្យកាន់តែប្រសើរឡើងថែមទៀត ទាំងផ្នែកទម្រង់ និងខ្លឹមសារ សំដៅឆ្លើយតបឱ្យចំនឹងសេចក្តីត្រូវការជាក់ស្តែង ក្នុងការពង្រឹងអភិបាលកិច្ចល្អ និងសមត្ថភាពស្ថាប័ន ដែលជាអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

efi-2018-12-12_1efi-2018-12-12_2efi-2018-12-12_3efi-2018-12-12_4efi-2018-12-12_5efi-2018-12-12_6efi-2018-12-12_7