27

Dec, 2018

កិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិភាក្សា និងប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាងឯកសារចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្នុងកម្រិតថ្នាក់ដឹកនាំគោលនយោបាយ និងថ្នាក់ដឹកនាំបច្ចេកទេស តំណាងរដ្ឋបាលរាជធានី-ខេត្តទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៨ នៅទីស្តីការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) មានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិភាក្សា និងប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាងឯកសារចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្នុងកម្រិតថ្នាក់ដឹកនាំគោលនយោបាយ និងថ្នាក់ដឹកនាំបច្ចេកទេស តំណាងរដ្ឋបាលរាជធានី-ខេត្តទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការដឹកនាំសម្របសម្រួលដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ   ហ៊ាន សាហ៊ីប អនុប្រធានប្រចាំការ កបស និងជាប្រធានក្រុមការងារដឹកនាំរៀបចំឯកសារគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។ គោលបំណងចម្បងនៃការប្រជុំពិគ្រោះយោបល់នេះ ដើម្បីទទួលមតិយោបល់កែលម្អបន្ថែម សំដៅពិនិត្យ និងសម្រួចឱ្យបានកាន់តែល្អប្រសើរលើឯកសារនេះ និងជំរុញគុណភាពនៃការផលិតឯកសារនេះ កាន់តែមានសង្គតិភាព ប្រសិទ្ធភាព និងស្តង់ដារ ហើយស្ថាប័នទាំងអស់ក៏មានលទ្ធភាពក្នុងការផ្សារភ្ជាប់ខ្លួនក្នុងការអនុវត្តចក្ខុវិស័យកម្ពុជា ឱ្យសម្រេចបានជោគជ័យ ស្របតាមកាលានុវត្តន៍ និងឧត្តមានុវត្តន៍ជាអន្តរជាតិ។ ជាក់ស្តែង ក្រោយពីសេចក្តីព្រាងត្រូវបានរៀបចំរួចរាល់ ក្រុមការងារនៃ កបស បានដាក់ដាក់ឯកសារនេះ ឆ្លងការពិគ្រោះយោបល់ចំនួន ៣ លើករួចមកហើយ គឺជាមួយរាជបណ្ឌិត្យសភាកម្ពុជា, សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង-ស្ថាប័នទាំង ៣០ របស់រាជរដ្ឋាភិបាល។ គោលបំណងយុទ្ធសាស្ត្រនៃការរៀបចំឯកសារចក្ខុវិស័យជាតិនេះ គឺឆ្លុះបញ្ចាំងពីបំណងប្រាថ្នាដ៏ឧត្តុង្គឧត្តមរបស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ព្រមទាំងកំណត់មហិច្ឆិតាថា នៅដំណាច់ឆ្នាំ២០៥០ កម្ពុជានឹងក្តាប់យកមកវិញនូវមោទនភាពជាតិដែលធ្លាប់រុងរឿងពីអតីតកាល ជាមួយនឹងការកសាងជាតិទំនើបមួយដ៏រស់រវើក; ជារដ្ឋរឹងមាំ ប្រជាធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ ហើយមានកិត្យានុភាពខ្ពស់ត្រដែត; ស្មើភាពនិងស្មើសិទ្ធិលើឆាកអន្តរជាតិ; ជាប្រទេសមានចំណូលខ្ពស់; មានសេដ្ឋកិច្ចធន់មាំ ប្រកបដោយចីរភាពនិងបរិយាប័ន្ន; ជាប្រទេសដែលប្រជាជនរស់នៅក្នុងសុខសន្តិភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល មានកម្រិតជីវភាពខ្ពស់សមរម្យ និងមានចំណេះដឹងខ្ពស់ប្រកបដោយនវានុវត្តន៍ និងសីលធម៌ប្រពៃ; ទទួលបានយុត្តិធម៌សង្គម, ស្មើសិទ្ធិនិងស្មើឱកាសក្នុងសង្គមជាតិ; ព្រមទាំងមានអត្តសញ្ញាណជាតិដ៏បវរ និងភាពរីកចម្រើនលូតលាស់ក្នុងសង្គម រូបវ័ន្ត និងធម្មជាតិ ប្រកបដោយសុខដុមរម្យនា,វប្បធម៌សម្បូរបែប និងសង្គមបរិយាប័ន្ន។

efi-2018-12-27_1efi-2018-12-27_2 efi-2018-12-27_3 efi-2018-12-27_4 efi-2018-12-27_5 efi-2018-12-27_6 efi-2018-12-27_7 efi-2018-12-27_8 efi-2018-12-27_9 efi-2018-12-27_10 efi-2018-12-27_11 efi-2018-12-27_12 efi-2018-12-27_13 efi-2018-12-27_14 efi-2018-12-27_15 efi-2018-12-27_16 efi-2018-12-27_17 efi-2018-12-27_18 efi-2018-12-27_19