5

May, 2019

ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា My First Stock 2019 ជាលើកទី៤ ក្រោមប្រធានបទ CSX 2.0

By: | Tags: | Comments: 0

ថ្ងៃអាទិត្យ ២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១៩ ផ្សារមូលបត្រកម្ពុជាបានរៀបចំពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា My First Stock 2019 ជាលើកទី៤ ក្រោមប្រធានបទ CSX 2.0 ដែលមានការចូលរួមជាអធិបតីដ៏ខ្ពស់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិតសភា​ចារ្យ ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មានការចូលរួមដោយលោក ហាំ ចងហាន់ ឯកអគ្គរដ្ឋទូតស្តីទី នៃស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា, ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក នៃគណៈកម្មការមូលបត្រកម្ពុជា, លោក ចុង យុនហ្គីល ប្រធានតំណាងនៃភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា និង ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំរបស់ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនជាតិ អន្តរជាតិ និង វិនិយោគិនស្ថាប័នជាច្រើនផងដែរ។ ពិព័រណ៍នេះត្រូវបានរៀបចំក្នុងគោលបំណង      បន្តផ្សព្វផ្សាយ និង បង្កើនទំនុកចិត្តដល់វិនិយោគិន ដែលមានស្រាប់ ឱ្យបន្តជឿជាក់មកលើទីផ្សារភាគហ៊ុន តាមរយៈការជួបផ្ទាល់ជាមួយនឹងក្រុមហ៊ុនចុះបញ្ជី, ផ្តល់ឱកាសដល់សាធារណជនឱ្យបានយល់ដឹងកាន់តែទំលំទូលាយ ទៅលើការវិនិយោគក្នុងទីផ្សារ ដូចជា ការបើកគណនីជួញដូរ វិធីសាស្ត្រជួញដូរ ទិន្នន័យទីផ្សារ ការពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន យល់ដឹងពីការបែងចែកភាគលាភ ក៏ដូចជាប្រធានបទផ្សេងៗអំពីចម្ងល់មកលើទីផ្សារទាំងមូល, ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធជួញដូរចល័ត MTS (Mobile Trading System), សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបង្ហាញព័ត៌មាន e-disclosure ។

ថ្លែងបើកក្នុងកម្មវិធីនេះ ឯកឧត្តមបណ្ឌិតសភា​ចារ្យ ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា My First Stock ឆ្នាំ ២០១៩ នេះ ជាគំនិតផ្តួចផ្តើមដ៏ល្អរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក្នុងការលើកកម្ពស់ការយល់ដឹង និងជំរុញការសិក្សាស្វែងយល់អំពីកាលានុវត្តភាពនៃការវិនិយោគក្នុងផ្សារភាគហ៊ុនកម្ពុជា ពីសំណាក់សាធារណជន ។ ទន្ទឹមនេះ ការពង្រឹងតម្លាភាព, ទំនុកចិត្ត និង ភាពឤចប៉ាន់ប្រមាណបាន ជាកត្តាចាំបាច់ ដើម្បីអនុញ្ញាតឱ្យទីផ្សារមូលបត្រកម្ពុជាធ្វើដំណើរទៅមុខ និង អភិវឌ្ឍប្រកបដោយនិរន្តភាព ។ ជាមួយនឹងការរីកចម្រើននៃផ្សារមូលបត្រកម្ពុជា ដែលមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់កន្លងមកនេះ ក៏មានកិច្ចការជាច្រើនទៀតត្រូវកសាងឡើងដូចជា ប្រព័ន្ធជួញដូរចល័ត MTS (Mobile Trading System), ប្រព័ន្ធបង្ហាញព័ត៌មាន e-disclosure នៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា, ការបន្តជំរុញក្រុមហ៊ុនឯកជន និង សហ-គ្រាសសាធារណៈសក្តានុពលឱ្យមកចុះបញ្ជីក្នុងផ្សារមូលបត្រ, ការបោះផ្សាយមូលបត្របំណុល, ការសិក្សាអំពីលទ្ធភាពក្នុងការបង្កើតផលិតផលវិនិយោគផ្សេងៗ ដើម្បីអនុញ្ញតឱ្យវិនិយោគិនមានជម្រើសក្នុងការធ្វើពិពិធកម្មវិនិយោគក្នុងវិស័យ មូលបត្រនេះ ។ កិច្ចការទាំងអស់នេះ នឹងរួមចំណែកដល់ការជួយបង្កើនប្រសិទ្ធភាពការងារក្នុងផ្សារមូលបត្រ ។ ដូចនេះ ក្នុងនាមក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា សូមគាំទ្រចំពោះសកម្មភាពផ្សព្វផ្សាយបែបនេះ ក៏ដូចជាស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមគ្នាបន្ថែមទៀត ក្នុងការទាក់ទាញវិនិយោគិន និង ក្រុមហ៊ុនបោះផ្សាយ ។

efi-2019-5-5_1efi-2019-5-5_2 efi-2019-5-5_3 efi-2019-5-5_4 efi-2019-5-5_6 efi-2019-5-5_7 efi-2019-5-5_8 efi-2019-5-5_9 efi-2019-5-5_10 efi-2019-5-5_11 efi-2019-5-5_12 efi-2019-5-5_13

Leave a Reply