5

Jul, 2019

វេទិកាក្រុមហ៊ុនចុះបញ្ជីប្រចាំឆ្នាំ “កាលានុវត្តភាពឤជីវកម្មក្រោមយុទ្ធសាស្ត្រគាំទ្រវិស័យឯកជនរបស់រាជរដ្ឋាភិបាល”

By: | Tags: | Comments: 0

នារសៀលថ្ងៃសុក្រ ៤ កើត ខែ ឤសាឍ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ៥ ខែ     កក្កដា ឆ្នាំ ២០១៩ ផ្សារមូលបត្រកម្ពុជាបានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីប្រចាំឆ្នាំ ក្រោមប្រធានបទ ßកាលានុវត្តភាព ឤជីវកម្ម ក្រោមយុទ្ធសាស្ត្រគាំទ្រវិស័យឯកជនរបស់រាជរដ្ឋាភិបាលà ដែលបានរៀបចំឡើងនៅសណ្ឋាគារសុខា ភ្នំពេញ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានដឹកនាំពិធីបើកនៃអង្គវេទិកាក្រុមហ៊ុនចុះបញ្ជីប្រចាំឆ្នាំនេះ ដោយមានការចូលរួមពីឯកឧត្តមតំណាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងសាធារណការ និង ដឹកជញ្ជូន, ក្រសួងឧស្សាហកម្ម និង សិប្បកម្ម, គណៈកម្មការមូលបត្រកម្ពុជា, ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា, តំណាងស្ថាប័នហិរញ្ញវត្ថុ, ក្រុមហ៊ុនវិនិយោគ, វិនិយោគិនស្ថាប័ន, វិនិយោគិនរូបវ័ន្ត និង សាធារណជនប្រមាណ ២៣០ នាក់ ។

វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនទំនុកចិត្តរបស់វិនិយោគិនមកលើក្រុមហ៊ុនចុះបញ្ជី ហើយ ជាយុទ្ធនាការផ្សព្វផ្សាយ និង កសាងបណ្តាញទំនាក់ទំនងជាមួយវិនិយោគិន និង ជួយជំរុញដល់ដំណើរទីផ្សារឱ្យមាន កំណើនកាន់ខ្ពស់ ហើយត្រូវបានគាំទ្រយ៉ាងឱឡារិកពីភ្ញៀវកិត្តិយសដែលជាវិនិយោគិន និង វិនិយោគិនសក្តានុពល យ៉ាងច្រើនកុះករ ។ ក្នុងវេទិកានេះ សាធារណជនឤចជួប និង សួរសំណួរដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនចុះបញ្ជី ដើម្បីស្វែងយល់ពីស្ថានភាពឤជីវកម្ម និង ផែនការអភិវឌ្ឍក្រុមហ៊ុន ដែលនេះកត្តាសំខាន់សម្រាប់ឱ្យវិនិយោគិន បានយល់ដឹង ទទួលព័ត៌មាន និង សម្រេចចិត្តធ្វើការវិនិយោគទៅលើក្រុមហ៊ុនចុះបញ្ជី ។

ថ្លែងបើកក្នុងកម្មវិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា ការអភិវឌ្ឍទីផ្សារ   មូលបត្រពិតជាត្រូវការការចូលរួមពីវិនិយោគិន ហើយកត្តាដែលជំរុញឱ្យវិនិយោគិនសម្រេចចិត្តវិនិយោគ គឺទំនុកចិត្ត ។ ក្នុងន័យនេះ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និង គណៈកម្មការមូលបត្រកម្ពុជា បានព្យាយាមបង្កើតនូវប្រព័ន្ធបទប្បញ្ញត្តិ ពេញលេញមួយ, កសាងហេដ្ឋារចនាសម្ព័ន្ធដ៏គត់មត់ និង តែងបានរៀបចំជាសិក្ខាសាលា ឬ ព្រឹត្តិការណ៍នានា ដើម្បី       កសាងទំនុកចិត្ត និង ទាក់ទាញវិនិយោគិនមកចូលទីផ្សារ ក្នុងគោលដៅរួមចំណែកកសាងមូលដ្ឋានអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមចក្ខុវិស័យនៃផ្សារមូលបត្រកម្ពុជា គឺ  ßកសាងមហាវិថីហិរញ្ញវត្ថុសម្រាប់កម្ពុជាà ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ផ្សារមូលបត្រកម្ពុជា ត្រូវបង្កើតឡើងក្នុងបុព្វហេតុរួមចំណែកដល់ការអភិវឌ្ឍកម្ពុជា តាមរយៈលំហូរមូលធន, ការវិនិយោគ និង ការវិភាជន៍ជាថ្មីនូវមូលធនតាមយន្តការ      ទីផ្សារមូលធន ។ ក្នុងគោលដៅនេះ ផ្សារមូលបត្រកម្ពុជា តែងបានខិតខំប្រឹងប្រែងអនុវត្តបេសកកម្មរបស់ខ្លួន ហើយទទួលបានលទ្ធផលកាន់តែប្រសើរ ដែលនៅក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ផ្សារមូលបត្រកម្ពុជាមានសម្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ដោយមានការកើនឡើងនូវសន្ទស្សន៍ទីផ្សារ, ការកើនឡើងទ្វេដងនូវចំនួនវិនិយោគិន, មានការបោះផ្សាយសញ្ញាបណ្ណសាជីវកម្ម, ការដាក់ឱ្យប្រើប្រាសនូវប្រព័ន្ធជួញដូរចល័ត ៘ ហើយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានដាក់ចេញនូវគោលការណ៍អនុគ្រោះជាច្រើនដល់ការវិនិយោគលើគ្រប់វិស័យ ក៏ដូចជាការជួយជ្រោមជ្រែង ដល់វិស័យមូលបត្រដើម្បីលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម ។ ជាក់ស្តែង កាលពីដើមឆ្នាំ ២០១៩ នេះ រាជរដ្ឋាភិ-បាលបានដាក់ចេញនូវការលើកទឹកចិត្តពន្ធដារដល់ក្រុមហ៊ុនចុះបញ្ជីមូលបត្រជាលើកដំបូង នៅផ្សារមូលបត្រកម្ពុជា ដែល បញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តគិតគូរ និង យកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍផ្សារមូលបត្រកម្ពុជា ។ នេះ គឺជាកាលានុវត្តភាពឤជីវកម្មក្រោមយុទ្ធសាស្ត្រគាំទ្រវិស័យឯកជនរបស់រាជរដ្ឋាភិបាល ។

ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងថាវេទិកានេះ នឹងដើរតួនាទីជាកាតាលីករបន្ថែមដ៏សំខាន់មួយទៀតសម្រាប់ជំរុញ និង លើកទឹកចិត្តវិនិយោគិនទាំងអស់ ចាប់យកកាលានុវត្តភាពថ្មីៗពីផ្សារមូលបត្រ និង ផ្សារភ្ជាប់ខ្លួននឹងផ្សារមូលបត្រ ក៏ដូចជា កសាងបាននូវកាលានុវត្តភាពថ្មីទៀតសម្រាប់ក្រុមហ៊ុនសក្តានុពលចង់ចុះបញ្ជីក្នុង ផ្សារមូលបត្រ ដើម្បីកៀរគរទុន និង ធនធានហិរញ្ញវត្ថុ ដែលនឹងរួមចំណែកបន្ថែមដល់ការបង្កើនជវភាពសេដ្ឋកិច្ចជាតិឱ្យកាន់តែសកម្មខ្លាំងក្លារស់រវើក និង ឈានហក់ឡើងកាន់តែខ្ពស់ប្រកបដោយចីរភាព ។  ឯកឧត្តមបណ្ឌិតសភាចារ្យ ប្តេជ្ញា បន្តជំរុញការលើកទឹកចិត្ត និង ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងលើកិច្ចការសំខាន់ៗ រួមមាន ១).បន្តពង្រឹង និង ពង្រីកអភិបាលកិច្ចសាជីវកម្ម ២).បង្កើនសមត្ថភាពស្ថាប័នដើម្បីពង្រឹងភាពប្រកួតប្រជែងក្នុងវិស័យមូលបត្រ ៣). បង្កើនភាពជាដៃគូ និង ភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារមូលបត្រអន្តរជាតិនានា ៤). បន្តកសាងជំនឿទុកចិត្តដល់វិនិយោគិន ទាំងក្នុងកម្រិតជាតិ និង អន្តរជាតិ លើទីផ្សារមូលបត្រកម្ពុជា ។

efi-2019-7-5_1efi-2019-7-5_2efi-2019-7-5_4efi-2019-7-5_5efi-2019-7-5_6efi-2019-7-5_3efi-2019-7-5_7