8

Jul, 2019

វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីនៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ”

By: | Tags: | Comments: 0

ថ្ងៃចន្ទ ៧ កើត ខែ អាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០១៩, នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តពោធិ៍សាត់​, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីនៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ” ជូនសិក្ខាកាមគោលដៅ ១០៩ នាក់ ដែលជា រជ្ជទេយ្យករចំណូលនៃមន្ទីរអង្គភាពជំនាញ និង រដ្ឋបាលថ្នាក់ក្រោមជាតិ នៃខេត្តពោធិ៍សាត់ ក្នុងគោលបំណងពង្រឹង ពង្រីកសមត្ថភាព និង ការយល់ដឹង សំដៅលើកកម្ពស់តម្លាភាព គណ​នេយ្យ​ភាព ប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព នៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ អនុលោមតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ប្រកបដោយប្រសិទ្ធភាព និងចីរភាព។
​ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំ របស់ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ​​​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពី ឯកឧត្តម គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ និង ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំពាក់ព័ន្ធ រួមនឹងគ្រូឧទ្ទេស និងសិក្ខាកាមចូលរួមសរុបប្រមាណ ១៣០ នាក់ ។ អង្គពិធីនេះ ត្រូវបានសហការរៀបចំ និងសម្រ​ប​សម្រួល ដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ខេត្តពោធិ៍សាត់។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកទ្បើងថា កន្លងមក មន្ត្រីរាជការជារជ្ជទេយ្យករ រជ្ជទេយ្យកររង និងភ្នាក់ងារបើកផ្តល់ ពោលគឺ មន្ត្រី​ទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុ របស់មន្ទីរ-អង្គភាពជំនាញនានាជុំវិញខេត្តពោធិ៍សាត់ ធ្លាប់បានទទួលការបណ្តុះបណ្តាលរួចមកហើយលើប្រធានបទសំខាន់ៗនិងចាំបាច់មួយចំនួន ពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានរៀបចំឡើងដោយ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ទន្ទឹមនេះ បច្ចុប្បន្ន មន្រ្តីរាជការជំនាញ ជាពិសេស រជ្ជទេយ្យករចំណូល របស់មន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តពោធិ៍សាត់របស់យើង កំពុងមានតម្រូវការចាំបាច់ថែមទៀត ក្នុងការបណ្តុះបណ្តាលនិងវិក្រឹតការសមត្ថភាពលើប្រធានបទពាក់ព័ន្ធ នីតិវិធីនៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ។ ហេតុដូច្នេះ វគ្គបណ្តុះបណ្តាលដែលយើង​កំពុងរៀបចំនៅពេលនេះ គឺពិតជាឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់របស់ខេត្តពោធិ៍សាត់ ក្នុងការចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ។
​ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ​​ បានគូសបញ្ជាក់ថា ជានិច្ចកាល, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចាត់ទុកការកសាងនិងអភិវឌ្ឍសមត្ថភាព ពិសេសលើ​ជំនាញសម្រាប់ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ គឺជាយន្តការ​គាំទ្រគន្លឹះ ដើម្បីរួមចំណែកពង្រឹងពង្រីកចំណេះ​ដឹង និងសមត្ថភាពជំនាញ​ និងផ្សព្វផ្សាយបទ​ដ្ឋា​ន​ការងារបច្ចេកទេស ឆ្លើយតបទៅនឹងតម្រូវការសម្រាប់អនុវត្តការកែទម្រង់​ការ​​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព ។ ជាក់ស្តែង ចាប់​​ពី​ឆ្នាំ ២០១៣ ដល់ ឆ្នាំ ២០១៨ កន្លងទៅ ដើម្បីបំពេញតម្រូវការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំនិងអនុវត្តកាបណ្តុះបណ្តាលនិងវិក្រឹតការសមត្ថភាព ជាបន្តបន្ទាប់ ជូន​ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធ លើ​ការគ្រប់គ្រងហិញ្ញវត្ថុសាធារណៈ ដោយសម្រេចបណ្តុះបណ្តាលសិក្ខាកាមគោលដៅសរុប ១៥.០៩២ នាក់, ក្នុងនោះ មានសិក្ខាកាម ៨៥០ នាក់ បានទទួលការបណ្តុះបណ្តាលជំនាញបច្ចេ​​ក​ទេសសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងឆ្នាំ ២០១៨ ។ ហើយនៅក្នុងឆមាសទី១ ឆ្នាំ ២០១៩ នេះ មានសិក្ខាកាមគោលដៅ ១.៦៦៧ នាក់ បានទទួលការបណ្តុះបណ្តាល និង វិក្រឹតការសមត្ថភាពពាក់ព័ន្ធ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ធនធានមនុស្សទាំងអស់នោះ បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទី ភារកិច្ចនៅតាមអង្គភាពរៀងៗខ្លួន និងបាន​រួមចំណែកធ្វើឱ្យកម្ពុជាបន្តរក្សាបានយ៉ាងរឹងមាំនូវ “ភាពជឿទុកចិត្តនៃថវិកា” ដែលសម្រេច​បានក្នុងដំណាក់កាលទី១ និង ទទួលបានជោគជ័យថែមទៀត ក្នុងការបង្កើន “គណនេយ្យភាពហិរញ្ញវត្ថុ” ក្នុងដំណាក់កាល​ទី២ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
​ឯកឧត្តម អនុរដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរថា បច្ចុប្បន្ន ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតនៅដំណាក់កាលទី ៣ ក្នុងគោលដៅគឺ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល” ព្រមជាមួយ​​នឹងការផ្ទេរ​​​ភាពជាម្ចាស់ និងការទទួល​ខុសត្រូវកាន់តែច្រើនឡើង ទៅដល់គ្រប់ក្រសួងស្ថាប័ន ។ ដំណាក់កាលទី៣ នេះ គឺគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២០ សម្រាប់ជាមូលដ្ឋានឆ្ពោះទៅកាន់ការដាក់ឱ្យអនុវត្តនូវដំណាក់កាលទី ៤ (២០២១-២០២៥) ក្នុងគោលដៅដើម្បីបង្កើន “គណនេយ្យភាពសមិទ្ធកម្ម” ដែលជាគោលដៅចុងក្រោយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដ៏មានសារសំខាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ។
​ឯកឧត្តមអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវ​ត្ត​ ផែនការយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធថវិកា ២០១៨-២០២៥ ក្នុ​ង​គោលដៅប្រែក្លាយជាបណ្តើៗនូវប្រព័ន្ធថវិកាកម្ពុជា ឱ្យទៅជាប្រព័ន្ធមួយដែលមានប្រសិទ្ធភាព គណ​នេយ្យភាព និង តម្លាភាព ស្របតាមឧត្តមានុវត្តជា​អន្តរ​ជាតិ ។ ហើយថ្មីៗនេះ រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្រ្តបីថែមទៀតគឺ យុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣, យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ២០១៩-២០២៥ និង យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ២០១៩-២០២៥ ក្នុងក្របខណ្ឌនៃ​ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព និង ចីរភាព ។ ប្រការនេះ ធ្វើឱ្យគ្រប់ក្រសួងស្ថាប័ន ចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ថែមទៀត ក្នុងការពង្រឹង​ពង្រីកសមត្ថភាព ចំណេះដឹង និងការលើកកម្ពស់ការយល់ដឹង ពិសេសលើ “ជំនាញការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ជូនមន្រ្តី​រា​ជ​​កា​​​ររបស់ខ្លួន ដើម្បីធានាបាននូវប្រសិទ្ធភាព សង្គតិភាព និង ចីរភាពក្នុងការអនុវត្តតួនាទី ភារកិច្ច ពិសេសការអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា ប្រកបដោយប្រសិទ្ធភាព ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានវាយតម្លៃថា វគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីនៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ នៅថ្ងៃនេះ គឺពិត​ជាមានសារៈសំខាន់ និងឆ្លើយតបទាន់ពេលវេលា សម្រាប់ផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំជំនាញ និង មន្រ្តីរាជការ គោលដៅ របស់ខេត្តពោធិ៍សាត់បានសិក្សានិងបង្កើនការយល់ដឹងលើប្រធានបទទាក់ទងទៅនឹង ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងយន្តការទំនើបកម្មក្នុងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដែលនឹងធ្វើបទឧទ្ទេស និងចែករំលែក ដោយក្រុមគ្រូបង្គោលដែលអញ្ជើញមកពី អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ សំដៅពង្រឹងពង្រីកសមត្ថភាព ចំណេះ​ដឹង និង លើកកម្ពស់ការយល់ដឹងថែមទៀត សម្រាប់រួមចំណែកអនុវត្តការងារកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ប្រកបដោយ​ប្រសិទ្ធភាព និង​ចីរភាព។​ ក្នុងន័យនេះ ឯកឧត្តម បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ចូលរួម​ឱ្យបានទៀងទាត់គ្រប់ម៉ោងពេល និងខិតខំត្រងត្រាប់ ស្វែងយល់​លើប្រធានបទ និង​ចូលរួមផ្លាស់ប្តូរគំនិតយោបល់ ឱ្យ​បាន​ផុសផុល ដើម្បីចាប់យក​ចំណេះ​​ដឹង និង ចំណេះធ្វើពិតប្រាកដ សម្រាប់​អនុវត្តការងារនៅ​ក្នុង​អង្គភាពរៀងៗ​ខ្លួន ក្នុងក្របខណ្ឌនៃការកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិទាំងមូល ៕