9

Jul, 2019

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីនៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ”

By: | Tags: | Comments: 0

ថ្ងៃ អង្គារ ៨ កើត ខែ អាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០១៩, នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តពោធិ៍សាត់, មានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីនៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ” ជូនសិក្ខាកាមគោលដៅ ១០៩ នាក់ ដែលជា រជ្ជទេយ្យករចំណូលនៃមន្ទីរអង្គភាពជំនាញ និង រដ្ឋបាលថ្នាក់ក្រោមជាតិ នៃខេត្តពោធិ៍សាត់ ក្នុងគោលបំណងពង្រឹង ពង្រីកសមត្ថភាព និង ការយល់ដឹង សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព នៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ អនុលោមតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ប្រកបដោយប្រសិទ្ធភាព និងចីរភាព។
ពិធីបិទវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំ របស់ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពី ឯកឧត្តម គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ និង ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំពាក់ព័ន្ធ រួមនឹងគ្រូឧទ្ទេស និងសិក្ខាកាមចូលរួមសរុបប្រមាណ ១២០ នាក់ ។ អង្គពិធីនេះ ត្រូវបានសហការរៀបចំ និងសម្របសម្រួល ដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តពោធិ៍សាត់។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកទ្បើងថា វគ្គបណ្តុះបណ្តាលរបស់យើងក្នុងរយៈពេល ២ ថ្ងៃមកនេះ បានប្រព្រឹត្តទៅដោយរលូន និង ផ្តល់ឱកាសគ្រប់គ្រាន់ដល់សិក្ខាកាមនៃមន្ទីរ អង្គភាពជំនាញនីមួយៗ និងរដ្ឋបាលថ្នាក់ក្រោមជាតិនៃខេត្តពោធិ៍សាត់ ក្នុងការស្រូបយកចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ពីគ្រូឧទ្ទេស និងវាគ្មិនរបស់យើង ព្រមទាំងបានបង្ហាញ និងចែករំលែកនូវបទពិសោធន៍ការងារ និងបញ្ហាប្រឈមរបស់ខ្លួន តាមមន្ទីរ អង្គភាពជំនាញរៀងៗខ្លួន ដែលញ៉ាំងឱ្យដំណើរការនៃវគ្គសិក្សារបស់យើង ប្រព្រឹត្តទៅដោយសកម្ម និង រស់រវើក ។ ជាមួយនោះ សិក្ខាកាមរបស់យើងបានចូលរួមយ៉ាងផុលផុស តាមរយៈការលើកឡើងនូវសំណួរ និងការចូលរួមមតិយោបល់ផ្សេងៗជាច្រើន ពាក់ព័ន្ធនឹង នីតិវិធីនៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដែលជាចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ ក្នុងការអនុវត្តការងារជាក់ស្ដែង នៅក្នុងកិច្ចដំណើរការអនុវត្តការងាររបស់អង្គភាពរៀងៗខ្លួន ។ សិក្ខាកាមទាំងអស់ក៏បានសំណូមពរដល់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាំយកនូវវគ្គបណ្ដុះបណ្ដាលថ្មីៗបន្ថែមទៀតដល់គ្រប់មន្ទីរ អង្គភាពជំនាញ នៅថ្នាក់មូលដ្ឋាន ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ នៅពេលខាងមុខ ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា សកម្មភាពទាំងអស់នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សិក្ខាកាម ក្នុងការចង់ចេះ ចង់ដឹង និងស្វែងយល់ដ៏ពិតប្រាកដអំពីប្រធានបទនីមួយៗនៃវគ្គបណ្ដុះបណ្ដាល សំដៅពង្រឹង ពង្រីកសកម្មភាព និងលើកកម្ពស់ ការយល់ដឹងឱ្យកាន់តែរឹងមាំថែមទៀត សម្រាប់ចូលរួមអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយផលិតភាព និងប្រសិទ្ធភាពនៅពេលត្រឡប់ទៅកាន់ការដ្ឋានការងាររបស់មន្ទីរអង្គភាពរបស់ខ្លួនរៀងៗខ្លួនវិញ ។ ។
ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា លទ្ធផលដ៏ជោគជ័យនៃវគ្គបណ្តុះបណ្តាលរបស់យើងនៅពេលនេះ គឺឆ្លុះបញ្ចាំងនូវសមិទ្ធផលថ្មីមួយទៀត របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និយាយជារួម និង របស់ខេត្តពោធិ៍សាត់ និយាយដោយឡែក, ក្នុងការរួមចំណែកកសាងនិងអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ សម្រាប់ឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដក្នុងការអនុវត្តការងារជាក់ស្តែង នៅក្នុងការដ្ឋានការងារ នៃអង្គភាពថ្នាក់ជាតិនៅមូលដ្ឋាន និង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេស គឺការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធ នៅខេត្តពោធិ៍សាត់យើងនេះ ឱ្យសម្រេចជោគជ័យប្រកបដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព អនុលោមតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ជាធរមាន និង ក្នុងក្របខណ្ឌនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ។
ឯកឧត្តម អនុរដ្ឋលេខាធិការ ក៏បានគូសរំលេចបន្ថែមថា ចំណេះដឹង ចំណេះធ្វើ និង បទពិសោធន៍ ដែលសិក្ខាកាមយើងទទួលបាននៅពេលនេះ ពិតជានឹងអាចរួមចំណែកដ៏មានតម្លៃ ដល់ការសម្រេចជោគជ័យ នៃការអនុវត្តការកែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជា ក៏ដូចជា ការសម្រេចគោលដៅនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងមូល ។ ក្នុងគោលបំណងពង្រឹងភាពជាម្ចាស់ ការទទួលខុសត្រូវ គណនេយ្យភាព និងផលិតភាពរបស់មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត និង រដ្ឋបាលថ្នាក់ក្រោមជាតិ នៃខេត្តពោធិ៍សាត់ សំដៅចូលរួមចំណែកដល់ការឈានទៅសម្រេចទិសដៅជាយុទ្ធសាស្ត្រនៃការទម្រង់ប្រព័ន្ធថវិកា ក៏ដូចជា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងមូល ឯកឧត្តមអនុរដ្ឋលេខាធិការ លើកឡើងនូវអនុសាសន៍មួយចំនួនដល់សិក្ខាកាម ដូចខាងក្រោម ៖
១. សូមយកចំណេះដឹង និង បទពិសោធន៍ដែលទទួលបាន ទៅប្រើប្រាស់នៅក្នុងការដ្ឋានការងារជាក់ស្តែងរបស់ខ្លួន និង សូមបន្តសិក្សាដកយកពិសោធន៍ និងស្វែងយល់ថែមទៀត ព្រមទាំងចែករំលែកចំណេះដឹង និងបទពិសោធន៍ទាំងនេះ ជូនដល់សហសេវឹកនៅតាមមន្ទីរ និងអង្គភាពរៀងៗខ្លួន ។
២. សូមពង្រឹងនូវការអនុវត្តការប្រមូល, ការបង់, ការកត់ត្រា, ការតាមដាន និងគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ស្របតាមគោលការណ៍ នីតិវិធី និងបទប្បញ្ញាត្តិជាធរមាន ។
៣. សូមមន្ទីរជំនាញទាំងអស់ និង រដ្ឋបាលថ្នាក់ក្រោមជាតិ បង្កើនកិច្ចសហការ និងទំនាក់ទំនងឲ្យបានស្អិតរមួតនិងក្នុងស្មារតីសាមគ្គីភាពផ្ទៃក្នុងល្អប្រសើរ ដើម្បីងាយស្រួលក្នុងការផ្តាស់ប្តូរព័ត៌មានទៅវិញទៅមក ពិសេសទៅលើការផ្តល់នូវឯកសារពាក់ព័ន្ធ និងរបាយការណ៍អនុវត្តការប្រមូលចំណូលមិនមែនសារពើពន្ធ ។
៤. ក្នុងករណីជួបប្រទះបញ្ហាប្រឈមផ្សេង ក្នុងដំណើរការអនុវត្តចំណូលមិនមែនសារពើពន្ធ, សូមមន្ទីរជំនាញសាមី រូតរះស្វែងរកដំណោះស្រាយជាបន្ទាន់ តាមរយៈ ការសុំពិគ្រោះយោបល់ផ្ទាល់ជាមួយថ្នាក់ដឹកនាំ ឬជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬអង្គភាពពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយ និង មានចំណាត់ការសមស្រប ហើយក៏អាចបន្តទាក់ទងទៅសុំការពិគ្រោះយោបល់បន្ថែមទៀតជាមួយគ្រូឧទ្ទេស និង វាគ្មិនជំនាញរបស់យើង ។ ហើយខ្ញុំជឿថា វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិតជានឹងបង្កើត ឬក៏បានបង្កើត រួចហើយនូវក្រុមតេឡេក្រាមនៃវគ្គបណ្តុះបណ្តាលរបស់យើងនេះ ដែលនឹងផ្តល់ឱកាសឱ្យសិក្ខាកាម និង គ្រូឧទ្ទេស វាគ្មិន និង អ្នកជំនាញរបស់វិទ្យាស្ថានអាចបន្តសម្របសម្រួល បញ្ជូនព័ត៌មាន លិខិតបទដ្ឋាន ថ្មីៗ ព្រមទាំងលើកឡើងនូវសំណួរ ឬ មតិយោបល់ផ្សេងៗ ពាក់ព័ន្ធនឹងការអនុវត្តថវិការកម្មវិធី និងអង្គភាពថវិកា ពិសេស នីតិវិធីអនុវត្តការគ្រប់គ្រងចំណូល សារពើពន្ធនេះ ។
៥. ទន្ទឹមនឹងនេះ សូមន្ទីរជំនាញទាំងអស់ត្រៀមរៀបចំទាំងសម្ភារៈបច្ចេកវិទ្យា និងធនធានមនុស្ស ដើម្បីចូលរួមអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើន្ធដែលគ្រោងនឹងដាក់ឲ្យអនុវត្តក្នុងពេលខាងមុខនេះ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្ថែមថា លោក លោកស្រី នាងកញ្ញា គ្រូឧទ្ទេស និង សិក្ខាកាមទាំងអស់ ត្រូវបន្តទាក់ទងគ្នា តាមគ្រប់មធ្យោបាយ ជាពិសេស បណ្តាញទំនាក់ទំនងសង្គម តេឡេក្រាម ដើម្បីពិគ្រោះយោបល់ សួរសំណួរ និង ផ្តល់នូវការស្រាយបំភ្លឺចំពោះចម្ងល់ផ្សេងៗ ដែលអាចនឹងកើតមាននៅក្នុងពេលអនុវត្តការងារជាក់ស្តែង និង បានលើកទឹកចិត្តដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តពោធិ៍សាត់ ឱ្យបន្តស្វែងរកកិច្ចសហការជាមួយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលថែមទៀតជូនដល់មន្រ្តីរាជការនៅខេត្តពោធិ៍សាត់ ជាពិសេស សម្រាប់មន្រ្តីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំពុងត្រូវបានប្រគល់សិទ្ធិអំណាច និង ភារកិច្ចកាន់តែច្រើន ក្នុងរៀបចំ និង ការគ្រប់គ្រងការចំណាយថវិកាសម្រាប់គាំទ្រការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំរបស់ខ្លួន ៕