27

Dec, 2019

សិក្ខា​សាលាពិគ្រោះយោបល់ លើ “សេចក្ដីព្រាងផែនការយុទ្ធសាស្ត្រកសាងនិងអភិវឌ្ឍសមត្ថភាព ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ (២០២១-២០២៥) និង លទ្ធផលនៃការវាយតម្លៃតម្រូវការបណ្ដុះបណ្ដាលឆ្នាំ ២០២០”

By: | Tags: | Comments: 0

다운로드

នាព្រឹកថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៩ នៅសណ្ឋាគារហ្គាឌិនស៊ីធី រាជធានីភ្នំពេញ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខា​សាលាពិគ្រោះយោបល់ លើ “សេចក្ដីព្រាងផែនការយុទ្ធសាស្ត្រកសាងនិងអភិវឌ្ឍសមត្ថភាព ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ (២០២១-២០២៥) និង លទ្ធផលនៃការវាយតម្លៃតម្រូវការបណ្ដុះបណ្ដាលឆ្នាំ ២០២០” ក្នុងគោលដៅធានាប្រសិទ្ធភាពនិងគុណភាព នៃការបណ្តុះបណ្តាលនិងវិក្រឹតការសមត្ថភាព ជូនថ្នាក់ដឹកនាំនិងមន្រ្តីរាជការជំនាញ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល និង មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅរួមចំណែកគាំទ្រ និងអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់គន្លឹះសំខាន់ៗដទៃទៀតរបស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងចីរភាព ។
ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ពេជ សម្បត្តិ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាង សមត្ថភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ២៣០ នាក់ ជាតំណាងថ្នាក់ដឹកនាំ និងទទួលបន្ទុកការងារកសាងសមត្ថភាព មកពីអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និង អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, គ្រប់ក្រសួងស្ថាប័ន, គ្រឹះស្ថានសាធារណៈរដ្ឋបាល, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគារ រាជធានី-ខេត្តទូទាំងប្រទេស ។ សិក្ខាសាលានេះរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់នេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ពេជ សម្បត្តិ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានផ្តល់អាទិភាពជានិច្ចដល់ការកសាងនិងអភិវឌ្ឍ​ធនធានមនុស្ស សម្រាប់ទ្រទ្រង់ និង ចូល​រួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដែលកិច្ចការនេះ បានរួមចំណែកជួយឱ្យកម្ពុជាសម្រេចបានកំណើន​សេដ្ឋកិច្ចខ្ពស់ជាប់ៗគ្នាប្រមាណជា ៧% ក្នុងរយៈពេលជាង ៣ អាណត្តិកន្លងមក និង បានរួមចំណែកជួយឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងកំពុងខិតខំប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងឈានឆ្ពោះទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។ ជាក់ស្ដែង សម្ដេចអគ្គមហា​​​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការអប់រំ បណ្ដុះបណ្ដាលនិងកសាងសមត្ថភាព គឺជាអាទិភាពចម្បងទី ១ នៅក្នុង យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា ដែលបាននិងកំពុងបន្តរួមចំណែកធ្វើឱ្យកម្ពុជា បានចូលរួមប្រកបដោយជវភាព ស្មើសិទ្ធិ និង ស្មើមុខមាត់ ក្នុងកិច្ចការសំខាន់ៗ ទាំងនៅក្នុងក្របខណ្ឌជាតិ តំបន់ និងអន្តរជាតិ ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ចាប់ពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្ត​ជាផ្លូវការដំបូងនៅឆ្នាំ ២០០៤ ក្នុងគោលដៅ​ផ្លាស់​ប្តូរប្រព័ន្ធ​ថវិកា ពី​ថវិកាផ្អែក​​លើធាតុ​ចូលនិងមជ្ឈការ ឆ្ពោះ​ទៅ​ថវិកា​ផ្អែក​លើ​សមិទ្ធកម្មនិងវិមជ្ឈការមក ការកសាងនិងអភិវឌ្ឍសមត្ថភាពលើជំនា​ញ​សម្រាប់ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ បានក្លាយជាតម្រូវការចាំបាច់សម្រាប់មន្រ្តីរាជការ ក្នុង​​ការពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈពាក់ព័ន្ធរបស់ខ្លួន ជាបន្តបន្ទាប់ ឆ្លើយតបទៅនឹងតម្រូវការនៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល ។ ​​
ឯកឧត្តមអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ឆ្លើយតបនឹងតម្រូវការកសាងនិងអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ប្រកប​ដោយ​គុណភាព មានលក្ខណៈជាប្រព័ន្ធ ប្រមូលផ្តុំ និងគ្រប់ជ្រុងជ្រោយ សម្រាប់​អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅដំណាក់កាលទី១ និងដំណាក់កាលបន្តបន្ទាប់, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាន​ដាក់ឱ្យអនុវត្តនាថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០០៧ នូវ ផែនការយុទ្ធសាស្ត្រកសាងអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ដែលបានរៀប​ចំ​ដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមជំនួយបច្ចេក​ទេស​ពីក្រុមទីប្រឹក្សាបច្ចេកទេសខាងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​របស់ធនាគារពិភពលោក ។ ផែនការយុទ្ធសាស្ត្រនោះ ជា​ឯកសា​ររស់សម្រាប់តម្រង់ទិសការបណ្តុះបណ្តាល​ ដែលត្រូវបានអនុវត្តយ៉ាងសកម្មរស់រវើក និងត្រូវបានធ្វើបច្ចុប្បន្នកម្មជាបន្តបន្ទាប់នៅដំណាក់កាលទី ២ និង ទី ៣ ផ្អែកតាមតម្រូវការ និងការវិវត្តឈានឡើងនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកទ្បើងថា ជាមួយនឹងការសម្រេចបានជោគជ័យក្នុងការអនុវត្តការកែទម្រ​ង់​ការគ្រប់​គ្រង​​ហិរញ្ញវត្ថុសាធារណៈ គឺ “ភាពជឿទុកចិត្តនៃថវិកា នៅដំណាក់កាលទី ១” និង “​គណនេយ្យភាពហិរញ្ញវត្ថុ នៅដំណាក់កាលទី២” និងការបន្តអនុវត្តដំណាក់កាលទី ៣ ក្នុងគោលដៅ “បង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” ដែលនឹងបញ្ចប់នៅឆ្នាំ ២០២០ សំដៅឈានទៅសម្រេចជោគជ័យក្នុងការ “កសាងគណនេយ្យភាពសមិទ្ធកម្ម” ដែលជាគោលដៅចុងក្រោយនៃការកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅដំណាក់កាលទី ៤ (២០២១-២០២៥), រាជរដ្ឋាភិបាល បាន​ដាក់ឱ្យអនុវត្តនូវឯកសារយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥ ដែលជាស្នូលនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ យុទ្ធសាស្រ្តនេះមានគោលបំណងប្រែក្លាយជាបណ្តើរ​ៗនូវប្រព័ន្ធថវិកាកម្ពុជា ឱ្យទៅជាប្រព័ន្ធមួយដែលមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ស្របតាមឧត្តមានុវ​ត្ត​អន្តរជាតិ ។ យុទ្ធសាស្រ្តនេះចង្អុលឱ្យមានយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោម​ជាតិឆ្នាំ ២០១៩​-​២០២៥ ដែលត្រូវបានរាជរដ្ឋាភិបាលអនុម័តដាក់ឱ្យអនុវត្ត នៅថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០១៩ ក្នុងគោលដៅពង្រឹងនិងពង្រីកការអនុវត្តថវិកាកម្មវិធីជាបណ្តើរៗ ដើម្បីធានាបានការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ពិសេស គោលបំណងគោលនយោបាយរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវតម្រឹមជាមួយនឹងគោលបំណង/អាទិភាពគោលនយោបាយជាតិ ។ ទន្ទឹមនេះ យុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធថវិកា​ ២០១៨-២០២៥ បានចង្អុលឱ្យ​មានយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ២០១៩-២០២៥ ដោយហេតុថា លទ្ធកម្មសាធារណៈ គឺជាផ្នែកមួយដ៏សំខាន់នៃការគ្រប់គ្រងចំណាយសាធារណៈ ។ ការណ៍នេះធ្វើឱ្យការកែទម្រង់ការគ្រប់​គ្រង​​ហិរញ្ញវត្ថុសាធារណៈ មានវិសាលភាពកាន់តែធំទូលាយនិងស្មុគស្មាញ ដែលតម្រូវឱ្យគ្រប់ក្រសួងស្ថាប័នត្រូវមាន​ធន​ធា​ន​មនុស្សដែលមានសមត្ថភាពជំនាញគ្រប់គ្រាន់ និងត្រូវ​​បង្កើន​​ឆ​ន្ទៈ​​អនុវត្តឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ។​ ក្នុងន័យនេះ ផែនការយុទ្ធសាស្រ្តកសាងនិងអភិវឌ្ឍសមត្ថភាព ចាំបាច់ត្រូវធ្វើបច្ចុប្បន្នកម្មឡើងវិញ ដោយត្រូវបញ្ចូលនូវមុខជំនាញ ប្រធានបទនិងវិធីសាស្រ្តថ្មីៗ អនុលោមតាមគោលការណ៍ណែនាំ បទប្បញ្ញតិ្ត និងលក្ខណៈបច្ចេកទេស ស្របតាមតម្រូវការជាក់ស្តែងរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិ និងដើម្បីត្រៀមខ្លួនចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៤ ឆ្នាំ ២០២១-២០២៥ ។
ក្នុងស្មារតីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ការវាយតម្លៃតម្រូវការបណ្ដុះបណ្ដាល (TNA) គឺជាកិច្ចការដ៏មានសារសំខាន់និងចាំបាច់ សម្រាប់រៀបចំផែនការយុទ្ធសាស្រ្តកសាងនិងអភិវឌ្ឍសមត្ថភាព និង សម្រាប់វិភាគពីតម្រូវការពិតប្រាកដសំដៅតម្រង់ទិសកម្មវិធីបណ្តុះបណ្តាលឱ្យបានគ្រប់ជ្រុងជ្រោយ ។ ហេតុដូច្នេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ ចំពោះវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានពាក់ព័ន្ធ, ក្រសួងស្ថាប័ន និង មន្ទីរអង្គភាព ដែលបានរៀបចំ និង ចូលរួមសហការ នៅក្នុងដំណើរការវាយតម្លៃតម្រូវការបណ្តុះបណ្តាលឆ្នាំ ២០២០ និងលើកទឹកចិត្តដល់សមាជិកសមាជិការនៃអង្គសិក្ខាសាលាឱ្យចូលរួមផ្តល់ធាតុចូល​បន្ថែម សំដៅសម្រិតសម្រាំងសេចក្តីព្រាងផែនការយុទ្ធសាស្ត្រកសាងនិងអភិវឌ្ឍសមត្ថភាពបច្ចុប្បន្នកម្ម និង ផែនការបណ្ដុះបណ្ដាលឆ្នាំ ២០២០ ឱ្យបានពេញលេញ គត់មត់ សម្រាប់ការបណ្តុះបណ្តាលនិងវិក្រឹតការ ដែលមានលក្ខណៈប្រមូលផ្ដុំ ជាប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ដែលនឹងធ្វើឱ្យសិក្ខាកាមគោលដៅមានចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព និងទេពកោសល្យគ្រប់គ្រាន់ ស្របតាមតម្រូវការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ។

lg on screen phone download 다운로드 다운로드 다운로드